អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ២២,៣៤-៤០អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ មានពួកខាងគណៈផារ៉ាស៊ី និងពួកគណៈសាដូស៊ីបានប្រជុំគ្នា ហើយគេចោទសួរទៅព្រះយេស៊ូថា តើវិន័យណាសំខាន់ជាងគេ នៅក្នុងវិន័យទាំងអស់? ហេតុនេះព្រះយេស៊ូបានលើកនូវវិន័យថ្មីពីរដែលមានលក្ខណៈសំខាន់ ដើម្បីពន្យល់ពួកគណៈផារ៉ាស៊ី និងពួកខាងគណៈសាដូស៊ី។
វិន័យទី១ ព្រះយេស៊ូមានព្រះបន្ទូលថា «អុីស្រាអែលអើយចូរស្តាប់! មានតែព្រះជាម្ចាស់មួយព្រះអង្គតែប៉ុណ្ណោះ ត្រូវស្រឡាញ់ព្រះអង្គឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា អស់ពីកម្លាំងកាយកម្លាំងចិត្តដែលយើងមាន»។ អស់ពីចិត្តគំនិត ចង់មានន័យថា គឺត្រូវយកកម្លាំង និងសេចក្តីស្រឡាញ់ទាំងស្រុងទៅបម្រើព្រះអង្គ ស្មោះត្រង់ជាមួយព្រះអង្គ ដែលយើងអាចនិយាយបានថា ស្មោះរត្រង់នឹងការត្រាស់ហៅរបស់ព្រះអង្គ។ ហេតុនេះ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ យើងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គពេញលក្ខណៈ និងបានល្អប្រសើរផងដែរ។ រីឯចំណុចមួយទៀត គឺស្រឡាញ់ព្រះជាម្ចាស់អស់ពីស្មារតី តាមអត្ថន័យដើមនៃព្រះគម្ពីរ គឺអស់ពីព្រលឹង គឺយកព្រះអង្គធ្វើជាកំពូលនៃជីវិតរបស់ខ្លួន ពីព្រោះព្រះជាម្ចាស់បង្កើតយើងជាស្នាព្រះហស្តរបស់ព្រះអង្គ តាមជំនឿរបស់យើង។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ ព្រះជាម្ចាស់នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ យើងប្រណិប័តន៍តាមព្រះបន្ទូលរបស់ព្រះអង្គបានពេញលក្ខណៈ ដោយចេះគោរពអ្នកដទៃ។ និងត្រូវស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីប្រាជ្ញា គឺគិតពីព្រះអង្គជានិច្ច រិះគិតពិចារណាតាមព្រះអង្គ ធ្វើតាមព្រះអង្គ និងប្រព្រឹត្តតាមព្រះអង្គផងដែរ។
បងប្អូនជាទីស្រឡាញ់ព្រះជាម្ចាស់បានបង្កើតយើងមក ព្រះអង្គឱ្យយើងមានប្រាជ្ញាចេះថ្លឹងថ្លែងអ្វីដែលល្អ អ្វីដែលអាក្រក់ អ្វីដែលត្រឹមត្រូវ អ្វីដែលមិនត្រឹមត្រូវ។ ហេតុនេះ ប្រសិនបើយើងស្រឡាញ់ព្រះអង្គពិតមែន យើងព្យាយាមធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីមានពេលខ្លះលំបាក ក៏ប៉ុន្តែប្រសិនបើយើងយកព្រះជាម្ចាស់ជាគោល យកព្រះជាម្ចាស់ជាស្នូលនៃជីវិតរបស់យើង ច្បាស់យើងនឹងព្យាយាមធ្វើតាមព្រះអង្គ ហើយព្យាយមរស់នៅដោយស្រឡាញ់ និងធ្វើតាមវិន័យរបស់ព្រះអង្គ។
រីឯវិន័យទី២ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង»។ វិន័យទី២នេះ ប្រសិនបើយើងស្រឡាញ់ខ្លួនឯងប៉ុណ្ណា យើងត្រូវស្រឡាញ់បងប្អូនឯទៀតដូចយើងស្រឡាញ់ខ្លួនឯងដែរ។ ហេតុនេះ យើងត្រូវដឹងថា ព្រះជាម្ចាស់ស្រឡាញ់ខ្លួនព្រះអង្គ ហើយព្រះអង្គក៏ស្រឡាញ់បងប្អូនឯទៀតៗ ដូចព្រះអង្គស្រឡាញ់ព្រះអង្គផងដែរ។ ព្រះយេស៊ូមិនយាងមកបំផ្លាញគម្ពីរវិន័យទេ គឺព្រះអង្គយាងមក ដើម្បីឱ្យគម្ពីរវិន័យមានអត្ថន័យយ៉ាងពេញលេញទៅវិញទេ។ ហេតុនេះ នៅក្នុងគម្ពីរ សេចក្តីស្រឡាញ់មិនសំដៅទៅលើមនោសញ្ចេតនាប្រែប្រួលទេ។ មនោសញ្ចេតនាដែលមនុស្សមាន គឺតែតែងប្រែប្រួល ក៏ប៉ុន្តែមនោសញ្ចេតនាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក ព្រះអង្គមិនប្រែប្រួលទេ។ ព្រះអង្គស្រឡាញ់រហូតដល់ព្រះអង្គបានបូជាជីវិត ដើម្បីអ្នកជឿ ដើម្បីបុត្រធីតារបស់ព្រះអង្គ និងដើម្បីមិត្តសម្លាញ់របស់ព្រះអង្គ។
ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងរហូតដល់បូជាជីវិត ព្រះអង្គធ្វើជាគំរូសម្រាប់យើង យើងត្រូវហ៊ានលះបង់ ទោះបីពេលខ្លះយើងអត់ចេះលះបង់ជីវិតរបស់យើង ក៏ប៉ុន្តែយើងលះបង់ពេលវេលាទៅសួរសុខទុក្ខអ្នកជំងឺ លះបង់ពេលវេលាដើម្បីជួយកិច្ចការអ្នកក្រីក្រ លះបង់ពេលវេលាដើម្បីធ្វើកិច្ចការមេត្តាករុណា លះបង់ពេលវេលាដើម្បីជួយអ្នកជិតខាងរបស់យើងជួយសង្គមរបស់យើង និងយើងខិតខំប្រឹងប្រែងរស់នៅយ៉ាងណា ដើម្បីឱ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មានចំពោះយើងជ្រួតជ្រាបសម្រាប់សង្គមជាតិរបស់យើង ឱ្យសង្គមជាតិរបស់យើងរស់នៅបានសេចក្តីសុខសាន្ត មានសុភមង្គល និងមានភាតរភាពរវាងគ្នានិងគ្នា។អាម៉ែន ៕