អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៩,៤៥-៤៨អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារនៃទីក្រុងយេរូសាឡឹម ហើយព្រះអង្គទតឃើញអ្នកលក់ដូរនៅទីនោះ អ្នកដូរលុយ អ្នកលក់ចៀម អ្នកលក់របស់របរផ្សេងៗជាច្រើននៅទីនោះ។ ហេតុអ្វីបានជាគេលក់ដូរនៅទីនោះ?
បងប្អូនសាកស្រមៃមើល ហេតុអ្វីគេយកព្រាប គេយកចៀម គេយកលុយនៅទីនេះ? ដោយសារពេលដែលគេចូលព្រះវិហារគេតែងតែថ្វាយទីសក្ការៈបូជា ជួនកាលគេទិញព្រាបថ្វាយទីសក្ការៈបូជានៅព្រះវិហារ ជួនកាលគេទិញចៀម ហេតុនេះគេត្រូវលក់ដូរនៅទីនោះ ហើយក៏ត្រូវប្តូរលុយនៅទីនេះដែរ។
ព្រះយេស៊ូបានបណ្តេញពួកគេចេញពីព្រះវិហារ ដើម្បីកុំឱ្យគេលក់ដូរនៅទីនោះទៀត ព្រោះព្រះវិហារជាព្រះដំណាក់របស់ព្រះជាម្ចាស់ គឺជាកន្លែងអធិដ្ឋាន គឺជាកន្លែងដ៏វិសុទ្ធ គឺជាកន្លែងដែលយើងមានទំនាក់ទំនងជាពិសេសជាមួយព្រះជាម្ចាស់ ជាកន្លែងស្ងាត់ស្ងៀម ក៏ប៉ុន្តែពួកគេបានយកកន្លែងនោះជាសំបុកចោរ។ ហេតុអ្វីបានជាព្រះយេស៊ូមានព្រះបន្ទូលថា «ហេតុអ្វីបានជាអ្នករាល់គ្នា យកព្រះវិហារ យកព្រះដំណាក់របស់ព្រះជាម្ចាស់ធ្វើជាសំបុកចោរទៅវិញ?» ដោយសារកន្លែងដែលគេរកស៊ីជាកន្លែងដែលគេភូតភរគ្នា គេកុហកគ្នា គេលួចគ្នា លួចភ្នែកជញ្ជីង និងមានអ្វីជាច្រើនគ្រប់សព្វទាំងអស់ដែលនាំឱ្យព្រះយេស៊ូមានព្រះបន្ទូលថា «កុំយកព្រះដំណាក់របស់ព្រះជាម្ចាស់ជាកន្លែងសំបុកចោរ» ផ្ទុយទៅវិញត្រូវស្រឡាញ់ព្រះជាម្ចាស់ដូចធម្មវិន័យរបស់ព្រះយេស៊ូថា ចូរស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ ហើយស្រឡាញ់បងប្អូនឯទៀតឱ្យដូចស្រឡាញ់ខ្លួនឯង។
ប្រសិនបើយើងស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ យើងអត់ត្រូវការយកព្រះដំណាក់របស់ព្រះជាម្ចាស់នេះធ្វើជាសំបុកចោរ ធ្វើជាកន្លែងលក់ដូរ ជាកនកន្លែងរកស៊ីទេ ផ្ទុយទៅវិញយើងត្រូវយកព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ជាកន្លែងដែលមានទំនាក់ទំនងពិសេសជាមួយព្រះជាម្ចាស់ ជាកន្លែងអធិដ្ឋាន ជាកន្លែងថ្វាយទីសក្ការៈបូជា ជាកន្លែងដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់រវាងខ្ញុំ និងព្រះអង្គ។ ធម្មតាគ្រប់ទីកន្លែង គ្រប់ទីសក្ការៈ គ្រប់ព្រះវិហារទាំងអស់យើងអត់លក់ដូរនៅតាមកន្លែងព្រះវិហាររញ៉េរញ៉ៃផឹកស៊ីអីទេ ផ្ទុយទៅវិញយើងយកកន្លែងនេះជាកន្លែងដ៏សក្ការៈ ជាកន្លែងដ៏វិសុទ្ធ។ ពេលណាដែលព្រះយេស៊ូបានបណ្តេញពួកគេចេញពីកន្លែងលក់ដូរនេះ នាំឱ្យពួកគេមិនសប្បាយចិត្តទេ ពីព្រោះខាតបង់ ឬដាច់ផលប្រយោជន៍របស់ពួកគេ នាំឱ្យគេរកគ្រប់មធ្យោបាយ ដើម្បីកម្ចាត់ព្រះយេស៊ូ រកគ្រប់មធ្យោបាយដើម្បីសម្លាប់ព្រះយេស៊ូ រកគ្រប់មធ្យោបាយដើម្បីបណ្តេញព្រះយេស៊ូ ក៏ប៉ុន្តែពិបាករកមធ្យោបាយដើម្បីបណ្តេញព្រះយេស៊ូ ដោយសារប្រជាជនបានស្តាប់ការប្រៀនប្រដៅរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ ហេតុនេះនាំឱ្យគេពិបាក ក៏ប៉ុន្តែយើងឃើញថា ចុងក្រោយ គេរកគ្រប់មធ្យាបាយសម្លាប់ព្រះអង្គពិតប្រាកដមែន។ នេះគឺជាអំពើបាបរបស់មនុស្សដែលនាំឱ្យមនុស្សពេលណាគេនិយាយត្រង់ចំពោះអ្នកដែលអត់មានចិត្តស្មោះត្រង់នាំឱ្យគេមិនសប្បាយចិត្តទេ។
បងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន តើព្រះបន្ទូលរបស់ព្រះយេស៊ូនៅក្នុងថ្ងៃនេះ ព្រះយេស៊ូចង់ប្រាប់អ្វីមកយើង?ព្រះយេស៊ូចង់ឱ្យយើងមានចិត្តស្មោះត្រង់ ព្រះយេស៊ូចង់ឱ្យយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយអធិដ្ឋាន ព្រះយេស៊ូមិនចង់ឱ្យព្រះវិហារ កន្លែងផ្សេងៗកន្លែងដែលយើងធ្វើការ កន្លែងដែលយើងរស់នៅក្លាយទៅជាកន្លែងដែលស្អប់គ្នា ជាកន្លែងដែលលួចគ្នា ជាកន្លែងដែលកាប់ចាក់គ្នា ជាកន្លែងដែលមិនស្មោះត្រង់ជាមួយគ្នាទេ។ ផ្ទុយទៅវិញព្រះយេស៊ូចង់ឱ្យព្រះវិហារដែលយើងកំពុងតែអធិដ្ឋាន ថ្វាយអភិបូជា ជាកន្លែងដែលមានសន្តិភាព មានសេរីភាព និងមានសេចក្តីសុខសាន្តនៅកន្លែងដែលយើងថ្វាយទីសក្ការៈបូជា មិនមែនជាកន្លែងសំបុកចោរទេ។
ហេតុនេះគ្រីស្តបរិស័ទត្រូវដឹងថា យើងជាគ្រីស្តបរិស័ទយើងត្រូវតែរស់នៅឱ្យបានល្អ បើមួយគឺមួយ បើពីរគឺពីរ ហើយព្យាយាមយកព្រះវិហាររបស់ព្រះជាម្ចាស់ យកព្រះដំណាក់របស់ព្រះជាម្ចាស់ជាកន្លែងដ៏វិសុទ្ធ ជាកន្លែងដែលយើងថ្វាយទីសក្ការៈបូជា ជាកន្លែងដែលយើងមានទំនាក់ទំនងជាពិសេសជាមួយនឹងព្រះជាម្ចាស់។ អាម៉ែន អាលេលូយ៉ា៕