អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ តាមម៉ាថាយ២០,១-១៦អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
ថ្ងៃនេះ ពួកយើងរិះគិតពិចារណាអត្ថបទព្រះគម្ពីរដំណឹងល្អតាមលោកម៉ាថាយជំពូក២០,១-១៦។ ក្នុងអត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការ។
អត្ថបទនេះប្រាប់យើងថា សេចក្តីស្រឡាញ់របស់ព្រះជាអម្ចាស់ធំធេងណាស់ ហួសពីការស្មានរបស់មនុស្សយើង។ ព្រះជាម្ចាស់ ប្រោសមនុស្សយើង ចូលនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ ដែលស្តាប់ ទទួលស្វាគមន៍ ទទួលអញ្ចើញរបស់ព្រះអង្គ ព្រះអង្គសង្គ្រោះអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយជឿលើព្រះអង្គ។
នៅក្នុងអត្ថបទនេះដែរ ព្រះយេស៊ូមានព្រះបន្ទូលអំពីអាកប្បកិរិយារបស់ព្រះជាអម្ចាស់ និងមនុស្សយើង។ អាកប្បកិរិយារបស់ព្រះជាអម្ចាស់ គឺជាអាកប្បកិរិយានៃស្មើភាពប្រកបដោយសេចក្តីស្រឡាញ់ និងធម៌មេត្តាករុណាចំពោះមនុស្សទាំងអស់ ជាពិសេសមនុស្សតូចតាច ដូចជាមនុស្សដែលមានវ័យចាស់ ឬពិការភាព ឬមនុស្សដែលមិនសូវខ្លាំងពូកែនោះទេ។ ព្រះយេស៊ូក៏មានសេចក្តីស្រឡាញ់ និងធម៌មមេត្តាករុណាចំពោះក្មេងកំព្រា និងមនុស្សដែលគ្មានមុខល្អមើល។ ព្រះយេស៊ូមិនរើសអើងមនុស្សអ្នកមាន ឬមនុស្សអ្នកក្រីក្រទេ។ ផ្ទុយទៅវិញអាកប្បកិរិយារបស់មនុស្សយើង ជាអាកប្បកិរិយានៃការច្រណែន ឬការលោភលន់។ មនុស្សយើងមានបំណងប្រាថ្នាចង់បានទ្រព្យសម្បត្តិលើសគេ ហើយសម្រាប់តែខ្លួនឯង និងសម្រាប់តែក្រុមគ្រួសាររបស់ខ្លួន។
តាមរយៈអត្ថបទព្រះគម្ពីរថ្ងៃនេះ យើងសូមទូលអង្វរព្រះជាអម្ចាស់ សូមព្រះជាអម្ចាស់ប្រោសប្រទានព្រះអំណោយទានពិសេស ដើម្បីឱ្យយើងមានអាកប្បកិរិយា និងទឹកចិត្តដូចព្រះជាអម្ចាស់ជាព្រះបិតាយើង ដើម្បីស្រឡាញ់ និងបម្រើមនុស្សគ្រប់ៗរូប។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕