អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៩,៤១-៤៤ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អស់អ្នកដែលរស់នៅក្រុងយេរូសាឡឹមជាពិសេសពួកខាងគណៈផារ៉ាស៊ីដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូជាព្រះមេស៊ីជាព្រះសង្រ្គោះ។ ហើយព្រះយេស៊ូរំលឹកប្រវត្តិសាស្រ្តជនជាតិអ៊ីស្រាអែលតាំងពីយូរឆ្នាំមកហើយ ព្រះជាម្ចាស់បានចាត់ព្យាការីជាច្រើនលើកជាច្រើនសារ ប្រកាសព្រះបន្ទូលរបស់ព្រះអង្គឱ្យអ្នកភូមិនៅទីក្រុងយេរូសាឡឹមជនជាតិអ៊ីស្រាអែលកែប្រែចិតគំនិត និងយកព្រះជាម្ចាស់ជាទីពឹង ប៉ុន្តែអស់រយៈពេលយូរសតវត្សយូរឆ្នាំមកហើយពួកគេមិនព្រមកែប្រែចិត្តគំនិត ហើយនៅថ្ងៃនេះពួកគេមិនព្រមទទួលស្គាល់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ (បញ្ជាក់ព្រះយេស៊ូក្នុងឋានៈជាព្រះជាម្ចាស់ហាក់ដូចជាសោកស្តាយ ដូចជាអន់ចិត្តមែនទែន)។
ដំណឹងល្អនៅថ្ងៃនេះ គឺសម្រាប់យើងសព្វថ្ងៃ។ ព្រះជាម្ចាស់យាងមកសួរសុខទុក្ខ យាងមកលេងយើងជារៀងរាល់ថ្ងៃតាមរយៈកាលៈទេសៈ តាមរយៈអ្នកដទៃ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់យាងមករកយើង ព្រោះព្រះអង្គសព្វព្រះហឫទ័យឱ្យមានទំនាក់ទំនងជាមួយមនុស្ស។ ព្រះជាម្ចាស់មិនបានគង់ឆ្ងាយពីយើង ព្រះជាម្ចាស់មិនបានបង្កើតយើងហើយបោះបង់យើងចោលទេ។ ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសព្វព្រះហឫទ័យបង្កើតឱ្យមានទំនាក់ទំនងយ៉ាងសិទ្ធិស្នាលជាមួយយើង ហើយព្រះអង្គមិនដែលធ្លាក់ទឹកចិត្ត ព្រះអង្គយាងមកសួរសុខទុក្ខយើង ដើម្បីឱ្យយើងមានសន្តិភាព ដើម្បីឱ្យយើងមានសេចក្តីសុខសាន្ត អំណរសប្បាយ និងសេចក្តីស្រឡាញ់។
រាល់ពេលយើងមានសេចក្តីស្រឡាញ់យើងមានសន្តិភាព និងយើងមានសេចក្តីសុខសាន្ត គឺប្រហែលដោយសារព្រះជាម្ចាស់យាងមកសួរសុខទុក្ខយើង។ ប្រហែលនៅថ្ងៃនេះឱ្យយើងបើកចិត្តឱ្យទូលាយ បើកភ្នែក បើកត្រចៀក ដើម្បីយល់ថា តាមរយៈកាលៈទេសៈតាមរយៈអ្នកដទៃ និងរាល់ពេលដែលយើងមានអំណរសប្បាយ សេចក្តីសុខសាន្ត សន្តិភាពគឺជាព្រះជាម្ចាស់ដែលយាងមករកយើង ដើម្បីឱ្យយើងឱ្យយើងកែប្រែចិត្តគំនិត ជឿថា ព្រះអង្គគង់នៅជាមួយយើង ដើម្បីឱ្យយើងជឿជាក់ថា ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងមានសេចក្តីសុខសាន្ត ឱ្យយើងមានអំណរសប្បាយ ឱ្យយើងមានសេចក្តីស្រឡាញ់ពិតប្រាកដមែន។
ក្នុងសាសនាដទៃព្រះរបស់គេគង់នៅឆ្ងាយពីមនុស្ស ហើយទោះបីមនុស្សទៅរកព្រះរបស់គេ ហាក់ដូចជាព្រះរបស់គេឃ្លាតឆ្ងាយដូចជាមានឋានៈខ្ពស់ពេកមិនសព្វព្រះហឫទ័យឱ្យមានទំនាក់ទំនងជាមួយមនុស្ស។ ក្នុងគ្រីស្តសាសនាផ្ទុយស្រឡះ គឺព្រះជាម្ចាស់បន្ទោបខ្លួន ហើយយាងមករកមនុស្ស។ ព្រះជាម្ចាស់ប្រសូត្រជាមនុស្សនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ បើព្រះជាម្ចាស់ដែលមានឋានៈដែលខ្ពង់ខ្ពស់បំផុតយាងមក ហើយប្រសូត្រជាមនុស្សដូចយើងបេះបិទ គឺជីវិតរបស់យើងមានតម្លៃពិតប្រាកដមែន។ ដូច្នេះកុំឱ្យយើងរឹងក្បាល កុំឱ្យយើងដូចជាមនុស្សខ្វាក់ ដូចមនុស្សថ្លង់ ឬធ្វើហាក់ដូចជាមើលព្រះអង្គមិនឃើញ ស្តាប់ព្រះអង្គមិនលឺ ប៉ុន្តែផ្ទុយទៅវិញ ឱ្យយើងចេះបើកចិត្តឱ្យទូលាយ ហើយទទួលព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដែលយាងមករកយើង។ ដូច្នេះសុំឱ្យយើងកែប្រែចិត្តគំនិត ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបែរមុខទៅរកព្រះអង្គតាមរយៈអ្នកដទៃ ជាពិសេសតាមរយៈអ្នកក្រីក្រ។ អាម៉ែន៕