អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៩,២៣-៣០ដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទបងប្អូន! ថ្ងៃនេះទី២២ ថ្ងៃអង្គារ នៅក្នុងសប្តាហ៍ទី១៩ តែជាបុណ្យសំខាន់មួយ ដែលជាបុណ្យព្រះនាងម៉ារីជាម្ចាស់ក្សត្រីយានី។
ហេតុអ្វីមានប្រារព្ធបុណ្យនេះ? បាទជាបុណ្យដែរគួរចាប់អារម្មណ៍ ព្រោះប្រសិនបើបងប្អូនជាអ្នកតែងតែអធិដ្ឋានផ្គាំ យើងដឹងអំពីព្រឹត្តិការណ៍។ សព្វថ្ងៃនេះមាន៤ព្រឹត្តិការណ៍ គឺយើងមានព្រឹត្តិការណ៍មួយ គឺសិរីរុងរឿង។ នៅព្រឹត្តការណ៍នោះមានសញ្ជឹង៥។ ដូច្នេះនៅក្នុងព្រឹត្តិការណ៍សិរីរុងរឿង គឺយើងអធិដ្ឋាននៅថ្ងៃអាទិត្យ។ ទាក់ទងនឹងព្រះនាងម៉ារីមានពីរចំណុច គឺសញ្ជឹងទី៤ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខដែលយើងបានប្រារព្ធបុណ្យនេះហើយនៅក្នុងអាទិត្យមួយ ហើយមួយទៀតគឺសញ្ជឹងទី៥ដែលយើងនឹកដល់ព្រះនាងម៉ារីទទួលសិរីរុងរឿង។ តាមពិតពេលព្រះនាងម៉ារីទទួលសិរីរុងរឿងជាម្ចាស់ក្សត្រីយានីនៃស្ថានបរមសុខដោយព្រះជាម្ចាស់ ដូចជាពាក់មកុដឱ្យព្រះនាងម៉ារី។ បាទជាបុណ្យមួយដែលព្រះនាងម៉ារីទទួលសិរីរុងរឿងដែលព្រះជាម្ចាស់ប្រទានឱ្យព្រះនាង។
បាទបងប្អូន! ជំនឿរបស់យើងជាគ្រីស្តបរិស័ទ ជាពិសេសខាងបងប្អូនកាតូលិក យើងជឿថា ពេលណាព្រះយេស៊ូដែលបុត្រព្រះនាងជាព្រះមហាក្សត្រ (តាមពិតយើងមានបុណ្យនេះដែលថ្ងៃអាទិត្យចុងក្រោយនៃរដូវធម្មតាប្រហែលសប្តាហ៍ទី៣៤ គឺព្រះយេស៊ូជាក្សត្រនៃពិភពលោកយើងទាំងមូល) ដូច្នេះព្រះនាងម៉ារីដែលជាមាតារបស់ព្រះយេស៊ូក៏ជាមាតា ឬក៏ជាក្សត្រីយានីដែរ តែមិនមែនថាព្រះនាងម៉ារីសំខាន់ឬ ធំជាងព្រះយេស៊ូទេ តែលក្ខណៈបុណ្យនេះ គឺការឱ្យតម្លៃ និងការថ្វាយការគោរពទៅដល់ព្រះនាងម៉ារីជាពិសេស។ ដូច្នេះហើយពេលព្រះនាងម៉ារីទទួលភាពជាម្តាយក្នុងគម្ពីរម៉ាថាយនៅថ្ងៃនេះ គឺព្រះនាងម៉ារីបានទទួលដំណឹងពីទេវទូត សំខាន់គឺធ្វើឱ្យជីវិតរបស់ព្រះនាងម៉ារីផ្លាស់ប្តូរ គឺសុខចិត្តទទួលគម្រោងការរបស់ព្រះជាម្ចាស់ ដូចយើងសព្វថ្ងៃ យើងត្រូវទទួលការត្រាស់ហៅរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។ ហើយបងប្អូនដឹងហើយមនុស្សយើងម្នាក់ៗមានការត្រាស់ហៅខុសៗគ្នា ខ្លះជាបូជាចារ្យ ខ្លះជាបងស្រី ខ្លះជាបព្វជិតបព្វជិតា ខ្លះជាអ្នកបម្រើសាសនាបម្រើព្រះសហគមន៍ ឬជាគណៈកម្មការ ជាចលនាព្រះសហគមន៍ ឬជួនកាលជាអ្នកដែលផ្តល់សក្ខីភាពអំពីជំនឿរបស់ខ្លួនផ្ទាល់នៅកន្លែងដែលបងប្អូនរស់នៅ។
បាទដូច្នេះហើយ យើងដូចគ្នាដែរ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ហើយឱ្យយើងបានទទួលដំណឹងម្យ៉ាងដែរ គឺពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ថា តើយើងអាចឆ្លើយព្រះអង្គយ៉ាងណា? បាទសុំឱ្យការទទួលដំណឹងនៃព្រះបន្ទូលថ្ងៃនេះជួយឱ្យយើងបានរិះគិតអំពីដំណឹងល្អដែលយើងបានទទួល ហើយដំណឹងល្អគឺព្រះយេស៊ូ។ ព្រះយេស៊ូមានន័យថា ព្រះជាម្ចាស់សង្គ្រោះ ដូច្នេះពេលយើងបានទទួលថា ព្រះយេស៊ូជាព្រះសង្គ្រោះរបស់យើងហើយ បងប្អូនគួរណារស់នៅតាមអ្វីដែលព្រះយេស៊ូបានបង្រៀន ជៀសវាងអំពើបាប បំពេញកាតព្វកិច្ច ធ្វើអំពើល្អ ដូចព្រះនាងម៉ារីដែរ ដែលឆ្លើយតបយ៉ាងល្អ។ ដូច្នេះជីវិតរបស់យើងក៏អាចចូលក្នុងស្ថានភាពល្អជាមួយព្រះជាម្ចាស់បានដែរ ។ សុំឱ្យបុណ្យព្រះនាងម៉ារីជាម្ចាស់ក្សត្រីយានីជួយបងប្អូន សុំព្រះនាងម៉ារីជួយអង្វរព្រះជាម្ចាស់សម្រាប់បងប្អូន ឱ្យយើងឆ្លើយតបដូចព្រះបន្ទូលដែលព្រះនាងម៉ារីឆ្លើយតបទៅទេវទូតកាព្រីអែលថា «សូមឱ្យសម្រេចទៅតាមពាក្យលោកចុះ»។ សុំព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕