អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ តាមសន្តលូកា ១៩,១-១០ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលមកពីលូកា ១៩,១-១០។ ព្រះបន្ទូលថ្ងៃនេះទាក់ទងនឹងលោកសាខេជាអ្នកទារពន្ធ ជាអ្នកបាបម្នាក់សម្រាប់ជនជាតិយូដា ព្រោះគាត់ជាអ្នកទារពន្ធដែលតែងតែយកពន្ធលើស ដែលតែងតែយកពន្ធដើម្បីបំរើជនជាតិរ៉ូមុំាងដែលជាខ្មាំងសត្រូវប្រទេសខ្លួន។ ប៉ុន្តែថ្ងៃនេះយើងឃើញចរិតឬរបៀបម្យ៉ាងដែលលោកសាខេបង្ហាញ នៅពេលដែលគាត់ចង់ឃើញព្រះយេស៊ូដើរកាត់តាមផ្លូវ។ ទោះបីគាត់ទាប ទោះបីរាងកាយរបស់គាត់មានកម្រឹត តែគាត់ព្យាយាមរកមធ្យោបាយ គឺឡើងដើមឈើមុនពេលព្រះយេស៊ូយាងមក ហើយពេលក្រោយមកព្រះយេស៊ូបានឃើញគាត់។
បងប្អូននឹកឃើញអ្វីខ្លះសម្រាប់លោកសាខេ និងរបៀបដែលជនជាតិយូដានិយាយជាមួយគាត់។ បាទពិតមែនលោកសាខេ ជាតំណាងរបស់មនុស្សដែលមានទឹកចិត្តល្អចង់ស្វែងរកជំនឿ ចង់ស្វែងរកព្រះយេស៊ូ ទោះបីគាត់មិនទាន់ដឹងអំពីព្រះយេស៊ូច្បាស់ លឺតែគេថា យេស៊ូៗ តែឥឡូវនេះគាត់ចង់ឃើញរូបរាង ចង់ឃើញរបៀបរបស់ព្រះអង្គ។ នេះយើងអាចនឹកឃើញបងប្អូនមួយចំនួនដែលនៅជុំវិញយើងដែរ នៅក្នុងគ្រួសាររបស់បងប្អូនអាចមានកូនចៅដែលគាត់មិនទាន់ជាគ្រីស្តបរិស័ទទេ តែគាត់ឃើញបងប្អូន ហើយបងប្អូនដឹងទេគ្រីស្តបរិស័ទម្នាក់ៗកំពុងតែបង្ហាញព្រះយេស៊ូនៅក្នុងខ្លួន ដូច្នេះយើងម្នាក់ៗជាស្ពានចម្លងជំនឿសម្រាប់អ្នកនៅជុំវិញយើងដែលមិនទាន់ស្គាល់ព្រះយេស៊ូដែរ។
ហេតុដូច្នេះមិនថាមិត្តរួមការងាររបស់យើង អ្នកជិតខាងរបស់យើង ឬសមាជិកនៅក្នុងក្រុមគ្រួសារយើងដែលចង់ស្គាល់អំពីជំនឿលើព្រះយេស៊ូនេះ បងប្អូនមានឱកាសគ្រប់ពេលវេលា ដើម្បីទំនាក់ទំនងជាមួយអ្នកដទៃដែលមិនទាន់ស្គាល់ព្រះអម្ចាស់យេស៊ូគ្រីស្ត ទោះបីយើងត្រូវការពន្យល់គេ ទោះបីយើងត្រូវការចំណាយពេលអង្គុយជាមួយគេ មានការសន្ទនាជាមួយគ្នា មានការចែករំលែកជាមួយគ្នាអំពីជំនឿ សូមបងប្អូនធ្វើទៅ ព្រោះនេះជាឱកាសមួយដែលព្រះបន្ទូលថ្ងៃនេះបង្កើតជារូបរាងនៅក្នុងជីវិតបងប្អូន។ សូមឱ្យយើងកុំដូចពួកយូដាដែលតែងតែមើលថោក មើលងាយអ្នកដែលមិនដឹងអ្វីនៅក្នុងរបៀបរស់នៅរបស់យើង។
នៅពេលដែលយើងឃើញមានបងប្អូនខ្លះចូលមកព្រះវិហាររបស់យើង ពិតមែនជួនកាលគាត់អត់ដឹងរបៀបអង្គុយ ឬរបៀបធ្វើនេះធ្វើនោះទេ យើងគួរតែណែនាំ ឬក៏ប្រាប់គាត់ មិនត្រូវស្តីបន្ទោសថាឱ្យគាត់ទេ។
ថ្ងៃនេះក៏ជាឱកាសល្អដែរ ដែលបងប្អូនអាចអនុវត្តតាមព្រះបន្ទូល តាមរបៀបដែលបងប្អូនរស់នៅជារៀងរាល់ថ្ងៃដោយបង្ហាញជំនឿ បង្ហាញព្រះយេស៊ូឱ្យជីវិតរបស់យើង ហើយយើងក្លាយទៅជាព្រះយេស៊ូម្នាក់ទៀតសម្រាប់បងប្អូនឯទៀតៗ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យបងប្អូនជួបតែសេចក្តីសុខសាន្ត៕