អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៥,២១-២៨អត្ថាធិប្បាយដោយលោកបូជាចារ្យ ប្រាក់ ប៊ុនហុង
នៅក្នុងព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះ យើងឃើញស្រ្តីម្នាក់ដែលជាសាសន៍កាណាន ហើយនាងមកគាល់ព្រះយេស៊ូ ទូលអង្វរព្រយេស៊ូសុំឱ្យព្រះយេស៊ូប្រោសកូននាងឱ្យរួចផុតពីអំណាចនៃខ្មោចដែលបានចូលនៅក្នុងខ្លួនកូនស្រីរបស់នាង បណ្ដាលឱ្យកូនស្រីរបស់នាងឈឺចុកចាប់យ៉ាងខ្លាំង។ ប៉ុន្តែព្រះយេស៊ូមិនឆ្លើយតបជាមួយនាងទេ។ សាវ័កនៅជិតដែលនៅជិតព្រះយេស៊ូបានលឺសំឡេងស្រ្តីជាជនជាតិកាណាននោះ គេប្រាប់ព្រះអង្គថា សូមជួយនាងទៅ ពីព្រោះនាងស្រែកហើយចេះតែស្រែកពីក្រោយយើង ហើយព្រះអង្គប្រាប់ទៅសាវ័កវិញថា ព្រះជាម្ចាស់ចាត់ព្រះអង្គឱ្យយាងមកនៅលើផែនដីនេះ គឺឱ្យស្វែងរកតែអស់ជនជាតិអ៊ីស្រាអែលដែលវង្វេងប៉ុណ្ណោះ។ ប៉ុន្តែយើងឃើញថាស្រ្តីនោះនៅតែទូលអង្វរព្រះយេស៊ូ ហើយចូលមកក្រាបព្រះបាទាព្រះអង្គ។ នាងទូលទៅព្រះអង្គថា ព្រះអម្ចាស់អើយជួយខ្ញុំម្ចាស់ផង។ ព្រះយេស៊ូក៏មានការសន្ទនាជាមួយនាង ប៉ុន្តែការសន្ទនានេះហាក់ដូចជាមិនគួរសមសោះ ដូចជាពាក្យធ្ងន់ៗទៅលើនាង ហាក់ដូចជាមិនសមរម្យជាមួយនាងទេ។ ក៏ប៉ុន្តែនាងមិនបានខឹងសម្បារជាមួយព្រះយេស៊ូទេ ផ្ទុយទៅវិញនាងបានស្របជាមួយព្រះយេស៊ូ។ យើងឃើញថានៅពេលនោះព្រះយេស៊ួបានប្រាប់ថា មិនគួរយកអាហាររបស់កូនចៅទៅឱ្យកូនឆ្កែស៊ីឡើយ។ នាងបានប្រាប់ថា នាងមិនបានខឹងទេ ហើយនាងទូលទៅព្រះអង្គវិញថា ពិតមែនហើយព្រះអម្ចាស់ប៉ុន្តែកូនឆ្កែស៊ីកម្រេចអាហារដែលជ្រុះពីមាត់របស់ម្ចាស់វាតែប៉ុណ្ណោះ។ ពេលដែលនាងឆ្លើយរបៀបនេះព្រះយេស៊ូហាក់ដូចជាអាណិតមេត្តាដល់នាងយ៉ាងខ្លាំង ដោយឃើញជំនឿរបស់នាងមាំមួន ហើយព្រះអង្គមានព្រះបន្ទូលទៅនាងថា នាងអើយនាងមានជំនឿមាំមួនណាស់ ដូច្នេះសូមឱ្យសម្រសចតាមចិត្តរបស់នាងប្រាថ្នាទៅចុះ។ ព្រះអង្គគ្រាន់តែឆ្លើយតែមួយម៉ាត់ កូនរបស់នាងបានជា ខ្មោចបានចេញពីកូនរបស់នាងបាត់ទៅហើយ។
អ្វីជាមេរៀនសម្រាប់យើងជាមួយស្រ្តីកាណាននេះ គឺពាក្យទូលអង្វររបស់នាង ក៏ដូចយើងទូលអង្វរព្រះជាម្ចាស់ដែរ។ នាងទូលអង្វរប៉ុន្មានលើកប៉ុន្មានសារ យើងក៏ទូលអង្វរព្រះយេស៊ូប៉ុណ្ណោះដែរ។ នាងមិនបានសុំអ្វីទេ គឺប្រាប់អំពីហេតុការណ៍ទុក្ខលំបាករបស់កូននាងដែលខ្មោចចូល។ តើយើងសុំអ្វីពីព្រះអង្គ អធិដ្ឋានអ្វីទៅព្រះអង្គ ទៅព្រះយេស៊ូ? តើយើងអធិដ្ឋានប៉ុន្មានដង សុំព្រះយេស៊ូឱ្យជួយយើង? តើយើងមានជំនឿដូចស្រ្តីសាសន៍កាណាននេះដែរឬទេ?
មែនហើយ ជួនកាលយើងមានជំនឿ ប៉ុន្តែជួនកាលយើងហាក់មិនសូវមានជំនឿ ហាក់ដូចជាយើងបោះបង់ព្រះជាម្ចាស់ យើងហាក់ដូចជា ពេលណាយើងមានទុក្ខលំបាក យើងអធិដ្ឋានទៅព្រះជាម្ចាស់សុំព្រះអង្គជួយយើង តែពេលខ្លះយើងមានអំណរសប្បាយ យើងមានរបស់គ្រប់យ៉ាងក្នុងជីវិតរបស់យើង ទ្រព្យសម្បត្តិ មានអំណរសប្បាយផ្សេងៗក្នុងលោកកិយនេះ យើងភ្លេចព្រះជាម្ចាស់។ ក៏ប៉ុន្តែ យើងត្រូវតែដឹងថា ព្រះជាម្ចាស់នៅតែស្វែងរកយើងគ្រប់ពេលវេលា។ យើងជាគ្រីស្តបរិស័ទ យើងបានទទួលពិធីជ្រមុជទឹក យើងបានក្លាយជាបុត្រធីតារបស់ព្រះជាម្ចាស់ ប៉ុន្តែឱ្យយើងយកគំរូតាមស្រ្តីនោះ គឺទូលអង្វរព្រះជាម្ចាស់ដោយចិត្តសុភាពរាបសារដោយមិនខឹងសម្បារ នោះព្រះអង្គនឹងឆ្លើយតប៕