អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ តាមលូកា ១១,៤៧-៥៤អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ យើងឃើញថា ព្រះយេស៊ូខឹងមែនទែន ខឹងនឹងអ្នកដឹកនាំសាសនាយូដាគឺពួកខាងគណៈផារ៉ាស៊ី ពួកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យពីព្រោះមានមូលហេតុបី។
ទីមួយ អ្នកដឹកនាំសាសនាប្រើសាសនា ប្រើព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន គេមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ ឬផលប្រយោជន៍រួមរបស់អ្នកដទៃ។ គេប្រើសាសនាដើម្បីផ្តល់កិត្តិយស ផ្តល់ទ្រព្យសម្បត្តិឱ្យគេទៅវិញ។
យើងដឹងថាសាសនាយូដាគេធ្លាប់សែន ធ្វើយញ្ញបូជាយកសត្វគោ សត្វចៀមយកមកថ្វាយព្រះជាម្ចាស់ ហើយប្រជាជនអុីស្រាអែលចាយទ្រព្យសម្បត្តិ ចាយលុយច្រើនដើម្បីធ្វើយញ្ញបូជា ។ ពួកខាងគណៈផារ៉ាស៊ីជាអ្នកដឹកនាំសាសនាយូដា ប្រើលុយដើម្បីជាប្រយោជន៍ដល់គេ។ ម្យ៉ាងទៀតគេមានកិត្តិយស ដោយសារគេជាអ្នកដឹកនាំ ហើយគេនឹកគិតអំពីអំណាចរបស់គេច្រើនជាងផលប្រយោជន៍រួម នេះមូលហេតុទីមួយ។
មូលហេតុទីពីរ គឺអ្នកដឹកនាំសាសនាយូដា មិនប្រព្រឹត្តតាមអ្វីដែលគេបង្រៀន។ គេមានពុត គេធ្វើហាក់ដូចជា គេជាមនុស្សសុចរិត ប៉ុន្តែគេប្រព្រឹត្តអំពើអាក្រក់។ ព្រះយេស៊ូស្តីបន្ទោសខ្លាំង ដោយសារពួកគណៈផារ៉ាស៊ីណែនាំប្រជាជនឱ្យវង្វេងយ៉ាងខ្លាំង គេមិនប្រព្រឹត្តកិច្ចការល្អតាមការប្រៀនប្រដៅរបស់គេទេ។ មូលហេតុទីបី គឺព្រះយេស៊ូខឹងនឹងគេ ពីព្រោះអ្នកដឹកនាំសាសនាមិនស្តាប់ព្យាការីដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេមិនព្រមស្តាប់ព្រះយេស៊ូដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអ្នកដឹកនាំសាសនាមិនព្រមកែប្រែចិត្តគំនិត គេធ្វើតាមអំពើចិត្តច្រើនជាងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាមូលហេតុទីបីដែលធ្វើឱ្យព្រះយេស៊ូខឹង។
អត្ថបទថ្ងៃនេះ ពិតជាមានអត្ថន័យសម្រាប់យើងដែរ។ យើងប្រហែលមិនមែនជាអ្នកដឹកនាំខាងសាសនា ប៉ុន្តែយើងជាគ្រីស្តបរិស័ទ ហើយព្រះបន្ទូល ព្រះយេស៊ូមានអត្ថន័យសម្រាប់យើងសព្វថ្ងៃដែរ។ តើយើងប្រើសាសនា យើងប្រើព្រះសហគមន៍ ដើម្បីជាប្រយោជន៍របស់ខ្លួនផ្ទាល់ ឬយ៉ាងម៉េច? យើងចូលក្នុងព្រះសហគមន៍ប្រហែលព្រះសហគមន៍ជួយយើងច្រើន តែយើងចូលក្នុងសាសនាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណឹង ឬយើងគិតអំពីផលប្រយោជន៍របស់ព្រះសហគមន៍ និងផលប្រយោជន៍របស់អ្នកដទៃវិញ។
តើយើងប្រព្រឹត្តកិច្ចការតាមអ្វីដែលយើងប្រកាស ឬយើងប្រៀនប្រដៅអ្នកដទៃ? តើយើងជាមនុស្សមានពុត ឬជាមនុស្សដែលធ្វើតាមសេចក្តីពិត ឬយ៉ាងម៉េច?
តើយើងព្រមស្តាប់អ្នកដទៃដែលជួយឱ្យយើងកែប្រែចិត្តគំនិត ឬយើងធ្វើតាមអំពើចិត្ត? ដូច្នេះសុំឱ្យយើងចាប់អារម្មណ៍ពីអត្ថបទដំណឹងល្អនៅថ្ងៃនេះ ដើម្បីជួយឱ្យយើងរីកចម្រើន ឱ្យយើងទៅជាសន្តសន្តីបុគ្គលដែលសុខចិត្តរំលឹកអំពីរបៀបរស់នៅរបស់យើងឡើងវិញ ដើម្បីកែប្រែចិត្តគំនិត និងធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូនៅថ្ងៃនេះ។ កុំឱ្យយើងទៅដូចពួកគណៈផារ៉ាស៊ីដែលសង់ផ្នូររបស់ព្យាការីដែលព្រះជាម្ចាស់ចាត់ឱ្យមកប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។ កុំឱ្យខ្លួនឯងដូចជាខ្មោចដែលមានជីវិតរស់(មានតែសំបកខ្លួន) ប៉ុន្តែតាមពិតស្លាប់ហើយ គឺជីវិតខាងវិញ្ញាណរបស់យើងអស់ហើយ។ អាម៉ែន៕