អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣ តាមសន្តលូកា ១១,៣៧-៤១ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

 

បងប្អូន ជីវិតរបស់យើងមានជីវិតខាងក្នុង និងជីវិតខាងក្រៅ! ហើយព្រះបន្ទូលថ្ងៃនេះចង់ឱ្យជីវិតរបស់យើងទាំងពីររស់នៅស្របគ្នា។  

បាទបងប្អូនដឹងហើយថា អ្វីដែលមនុស្សសម្តែងចេញមកខាងក្រៅមួយចំណែក ឬក៏ភាគច្រើនក៏ថាបាន គឺមកពីអ្វីដែលមកពីខាងក្នុងដែរ លើកលែងតែមនុស្សនឹងចេះទប់ខ្លួន ឬក៏ជាមនុស្សរបៀបសម្តែង​ប្រហែលយើងពិបាកក្នុងការវាយតម្លៃ។ ប៉ុន្តែសម្រាប់អ្វីដែលមាននៅខាងក្នុងគឺវាស៊ីជម្រៅជាង។ ដូច្នេះយូរៗទៅ ទោះបីជាគាត់សម្តែង ទោះបីគាត់លាក់ តែថ្ងៃណាមួយត្រូវលេចចេញជារបៀបមួយរបស់គាត់ ដែលបង្ហាញលក្ខណៈខាងក្នុង។

ព្រះបន្ទូលថ្ងៃនេះ ព្រះយេស៊ូចង់ដាស់តឿនពួកគណៈផារ៉ាស៊ី ក៏ដូចជាចង់ដាស់តឿនយើង និងមនុស្សមួយចំនួនដែរ ដែលដូចជានៅខាងក្រៅល្អប្រសើរ ល្អមើល ប៉ុន្តែគាត់សម្តែង​ចេញមកដើម្បីបានផលប្រយោជន៍អ្វីមួយ។ ពួកផារ៉ាស៊ីមួយចំនួនមិនមែនទាំងអស់ទេបងប្អូន  នៅសម័យព្រះយេស៊ូ គាត់ធ្វើខ្លួនគួរឱ្យសរសើរ គួរឱ្យគោរព ប៉ុន្តែការគោរពរបស់គាត់​ទាក់ទាញឱ្យគេថ្វាយលុយកាក់ ថ្វាយផលប្រយោជន៍ឱ្យ។ ដូច្នេះពួកគាត់​ក៏ដូចជាបាន​ផលប្រយោជន៍​ច្រើនពីលក្ខណៈនេះ។

ព្រះយេស៊ូចង់ប្រាប់ថា អ្វីដែលពួកគាត់បានទទួលមិនមែនត្រឹមត្រូវទេ តែគួរណាចិត្តរបស់គាត់គឺទៅជួយអ្នកក្រីក្រ ទៅជួយអ្នកដទៃ អ្វីដែលគាត់បានទទួលមកគឺល្អប្រសើរជាង។ ចានប្រសិនបើវាស្អាត វាគួរសមសម្រាប់ទទួលអ្វីល្អៗ តែប្រសិនបើចានមិនល្អទេ ទៅដាក់អ្វីទៅ បង្ហាញអ្វីក៏មិនល្អដែរ​។

បាទបងប្អូន! ជីវិតរបស់យើងក៏ដូចគ្នាដែរ យើងធ្វើម៉េចដើម្បីឱ្យកិច្ចការរបស់យើងស្មោះ ឬក៏ត្រូវជាមួយអ្វីដែលនៅខាងក្នុងរបស់យើង និយាយអំពីការត្រាស់ហៅក៏ដូចគ្នាដែរ បងប្អូនចូលចិត្តធ្វើ្វអ្វី បងប្អូនមានលក្ខណៈអ្វីត្រូវជាមួយខាងផ្លូវវិញ្ញាណខាងក្នុងយើង ប្រហែលត្រូវតែតស៊ូនៅពេលដែលយើងឃើញថា សភាពការណ៍នៅខាងក្រៅមិនតម្រូវទៅតាមចំណូចចិត្តរបស់យើង។ កាលណាយើងតស៊ូរហូតដល់ទៅបំផុតអ្វីដែលជាលក្ខណៈរបស់យើង និងឈ្នះអ្វីទាំងអស់ដែលយើងអាចធ្វើបាន ឬក៏បងប្អូនអាចឃើញថាពេលយើងទំនាក់ទំនងជាមួយគ្នា បងប្អូនអាចសង្កេតសញ្ញាខ្លះៗរបស់បងប្អូនយើងថា សំដីរបស់គាត់និយាយថាអត់ ប៉ុន្តែប្រហែលគាត់ត្រូវការអ្វីមួយ ឬក៏ថាអត់អីទេ។  ពាក្យថាអត់អីទេតាមពិតនៅខាងក្នុងត្រូវការ។ ហេតុនេះ បងប្អូនត្រូវដឹងក្នុងចិត្តរបស់គេដែលថា តាមពិតគាត់មានសេចក្តីត្រូវការអ្វី? ដើម្បីយើងជៀសវាង ឬក៏ផ្តល់ឱ្យគាត់ឱ្យត្រឹមត្រូវ កុំគិតតែភាពខាងក្រៅ ដោយសារយើងគិតតែអ្វីដែលបង្ហាញខាងក្រៅនេះ អាចធ្វើឱ្យយើងវិនិច្ឆ័យគាត់ខុសឆ្គងដែរ។

បាទសុំឱ្យព្រះបន្ទូលថ្ងៃនេះ ជួយឱ្យបងប្អូនរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គគឺកុំដូចពួកផារ៉ាស៊ី រស់នៅឱ្យដូចអ្វីដែលនៅខាងក្រៅនឹងស្របនឹងអ្វីដែលនៅខាងក្នុងជីវិតរបស់យើង ជាពិសេសផ្លូវវិញ្ញាណរបស់យើងឱ្យបានលេចឱ្យច្បាស់ ដើម្បីជាដំណឹងល្អសម្រាប់អ្នកដទៃដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail