អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា១៧,២០-២៥ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូជជែកជាមួយពួកគណៈផារ៉ាស៊ីដែលគេចង់មើលឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់។ គេចង់ដឹងថា តើពេលណាទើបព្រះជាម្ចាស់នឹងយាងមកគ្រប់គ្រងពិភពលោក? តាមការពិតព្រះយេស៊ូឆ្លើយថា ព្រះរាជ្យរបស់ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាហើយ ប៉ុន្តែយើងមើលព្រះអង្គមិនឃើញ មិនដូចយើងមើលអ្វីៗទាំងអស់ឃើញធម្មតាឡើយ។
យើងត្រូវតែមានភ្នែកនៃជំនឿជឿជាក់ថា ព្រះជាម្ចាស់គង់នៅជាមួយយើង ហើយយើងអាចជួបព្រះជាម្ចាស់ដែលគង់នៅជាមួយយើងជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងជួបព្រះជាម្ចាស់ នោះព្រះរាជ្យរបស់ព្រះជាម្ចាស់គង់នៅជាមួយយើងពិតប្រាកដមែន ហើយព្រះជាម្ចាស់ជួយណែនាំយើងតាមរយៈកាលៈទេសៈ តាមរយៈអ្នកដទៃ តាមរយៈព្រះសហគមន៍។
តើព្រះជាម្ចាស់គង់នៅឯណា? តើព្រះរាជ្យរបស់ព្រះជាម្ចាស់គង់នៅឯណា?
នៅពេលដែលយើងអធិដ្ឋាន នៅពេលដែលយើងចំណាយពេលវេលាស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃបន្តិចម្តងៗ ព្រះជាម្ចាស់គង់នៅជាមួយយើង ឬនៅពេលដែលយើងចូលរួមសកម្មភាពរបស់ព្រះសហគមន៍ ឬនៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ យើងទទួលអគ្គសញ្ញាព្រះកាយព្រះលោហិតព្រះគ្រីស្ត ទទួលអគ្គសញ្ញាលើកលែងទោស យើងអាចជួបព្រះជាម្ចាស់បាន។ យើងអាចជួបព្រះជាម្ចាស់តាមរយៈអ្នកដទៃ ជាពិសេសតាមរយៈអ្នកក្រីក្រ ពេលដែលយើងចាប់ផ្តើមជួយគេ ពេលដែលយើងបើកចិត្តឱ្យទូលាយ ដើម្បីចែកទ្រព្យសម្បត្តិ នោះយើងអាចជួបព្រះជាម្ចាស់មែន។ ដូច្នេះតាមរយៈការអធិដ្ឋាន តាមរយៈព្រះសហគមន៍ តាមរយៈអគ្គសញ្ញា តាមរយៈការជួយអ្នកដទៃអាចឱ្យយើងជួបព្រះជាម្ចាស់ពិតប្រាកដមែន។
ព្រះយេស៊ូមានព្រះបន្ទូលចុងក្រោយថា បុត្រមនុស្សត្រូវតែរងទុក្ខលំបាកជាមុនសិន យើងដឹងថាព្រះយេស៊ូរងទុក្ខលំបាក និងសោយទិវង្គត ហើយបីថ្ងៃក្រោយមក ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញគង់នៅជាមួយយើង។ ហាក់ដូចជាព្រះយេស៊ូចង់មានព្រះបន្ទូលមកយើងថា យើងត្រូវតែរងទុក្ខលំបាកជាមុនសិនមានន័យថា យើងត្រូវតែខិតខំព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួបព្រះជាម្ចាស់។ ប្រសិនបើយើងរង់ចាំ តែមិនរវីរវល់ប្រហែលជាយើងមិនអាចជួបព្រះជាម្ចាស់ទេ ប៉ុន្តែប្រសិនបើយើងខិតខំប្រហែលព្រះជាម្ចាស់មើលឃើញការខិតខំរបស់យើង ហើយព្រះអង្គនឹងសម្តែងឱ្យយើងឃើញឱ្យយើងស្គាល់ពិតប្រាកដមែន។ តាមពិតយើងត្រូវតែបង្ហាញពីបំណងប្រាថ្នារបស់យើង គឺចង់ឃើញចង់ស្គាល់ព្រះជាម្ចាស់ រួចហើយព្រះជាម្ចាស់នឹងយាងមកសម្តែងព្រះអង្គឱ្យយើងស្គាល់ ឱ្យយើងឃើញ ប៉ុន្តែយើងត្រូវតែមានចិត្តអត់ធ្មត់ ហើយត្រូវតែខិតខំប្រឹងប្រែង។ ហើយថ្ងៃណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ថ្ងៃនោះព្រះអង្គនឹងសម្តែងឱ្យយើងស្គាល់តែម្តង ពេលនោះយើងមិនដឹងទុកជាមុនទេ។ សូមឱ្យយើងស្វែងរកព្រះជាម្ចាស់ដែលគង់នៅជាមួយយើង ហើយព្រះជាម្ចាស់ដែលគង់នៅក្នុងចិត្តរបស់យើងសុំឱ្យយើងអធិដ្ឋានដោយស្ងៀមស្ងាត់ដោយមានចិត្តអត់ធ្មត់ជារៀងរាល់ថ្ងៃ ពេលនោះហើយយើងយល់ថាព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់យើងពិតប្រាកដមែន។ អាម៉ែន៕