អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៦,២៤-២៨អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ផាន បូរី

នៅក្នុងអត្ថបទដំណឹងល្អក្នុងថ្ងៃនេះ ព្រះយេស៊ូបានបង្រៀនយើង និងបានប្រាប់យើងថា «បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ»។

នៅក្នុងព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូបានពាំនាំ ឬព្រះយេស៊ូបានប្រាប់យើងជាពិសេសអស់អ្នកមានមានបំណងចង់ថ្វាយខ្លួនទៅព្រះជាម្ចាស់ ជាលោកឪពុក ជាបងស្រី ជាបងប្រុស ឬជាគ្រហស្ថមួយចំនួន ដែលចង់ធ្វើដំណើររួមជាមួយព្រះយេស៊ូ និងចង់ថ្វាយខ្លួនទៅព្រះអង្គ។តើយើងត្រូវលះបង់អ្វីខ្លះនៅក្នុងសង្គមរបស់យើងដែលជាកិលេសនៅជាប់នៅក្នុងជីវិតរបស់យើង? កិលេសរបស់មនុស្សនៅជាប់ច្រើន យើងចង់មានចង់បាន យើងចង់មានផ្ទះស្អាត យើងចង់មានឡានល្អ យើងចង់មានម៉ូតូល្អ យើងចង់មានកង់ជិះថ្លៃៗ យើងចង់មានសម្លៀកបំពាក់ល្អ យើងចង់មានស្បែកជើងស្អាត យើងចង់ឱ្យជីវិតរបស់យើងរស់នៅល្អ  មានម្ហូបអាហារគ្រប់គ្រាន់​-ល-។ ហេតុនេះពេលណាយើងនៅជាប់ទ្រព្យសម្បត្តិទាំងអស់នេះ យើងពិបាកនឹងធ្វើដំណើររួមជាមួយព្រះយេស៊ូ។ ហេតុនេះហើយបានជាព្រះយេស៊ូមានព្រះបន្ទូលថា  ប្រសិនបើអ្នករាល់គ្នាចង់មកក្រោយខ្ញុំ អ្នករាល់គ្នាត្រូវលះបង់ខ្លួនឯងចោល អ្វីៗដែលខ្លួនពេញចិត្ត មកនៅជាមួយព្រះយេស៊ូ ថ្វាយខ្លួនទៅព្រះយេស៊ូក្នុងឋានៈជាបុព្វជិត បុព្វជិតា ឬជាអ្នកបួសនៅក្នុងព្រះសហគមន៍កាតូលិកយើង។ នេះជាចំណុចទី១ត្រូវលះបង់ខ្លួនឯងចោល។

ហេតុនេះ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា ត្រូវលីឈើឆ្កាងរបស់ខ្លួនហើយមកតាមខ្ញុំ។ លឺឈើឆ្កាងរបស់ខ្លួនមានន័យថា យើងពាក់ប្រដាប់សព្វាវុធរបស់យើង គឺជាការធ្វើដំណើររួមជាមួយព្រះយេស៊ូ ថ្វាយខ្លួនទៅព្រះអង្គ។ មានកិលេសតណ្ហាជាច្រើដែលយើងត្រូវលះបង់​។ ហេតុនេះ យើងរួមដំណើរជាមួយព្រះយេស៊ូ ពេលខ្លះត្រូវគេមើលងាយ ត្រូវគេជេ ត្រូវគេប្រមាថ ឬត្រូវគេសម្លាប់ជាដើម ហ្នឹងហើយជាឈើឆ្កាងដែលយើងត្រូវលី។

ប្រសិនបើគេត្មះតិះដៀលយើង តើយើងត្រូវតបតឬ យើងមិនត្រូវតបត? មានពេលខ្លះ យើងមានការឈឺចាប់ជាច្រើន ហើយព្រះយេស៊ូមានព្រះបន្ទូលទៀតថា «ត្បិតអ្នកណាចង់បានជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតមកវិញ»។ បងប្អូនជាទីស្រឡាញ់ យើងលះបង់អ្វីដែលជាកិលេសរបស់យើងច្រើន ប៉ុន្តែយើងបានកំណប់ដ៏ប្រសើរឧត្តុងឧត្តមមួយ គឺព្រះយេស៊ូ។ ប្រសិនបើយើងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ប្រសិនបើយើងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ និងប្រសិនបើយើងចេះប្រកាសដំណឹងល្អរួមជាមួយព្រះអង្គ នាំឱ្យជីវិតរបស់យើងសម្បូរសប្បាយ នាំឱ្យជីវិតរបស់យើងមានសេចក្តីសុខ នាំឱ្យជីវិតរបស់យើងបានជាប់លាប់ជាមួយព្រះយេស៊ូ តាមរយៈការអធិដ្ឋាន តាមរយៈការចូលរួមថ្វាយអភិបូជា តាមរយៈការបង្ហាញធម៌មមេត្តាករុណា តាមរយៈការលើកលែងទៅសឱ្យអ្នកដទៃ ស្រឡាញ់អ្នកដទៃដូចជាបងប្អូនរបស់ខ្លួនឯង។ បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទាននេះ។ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់នៅក្នុងថ្ងៃនេះអំពីជីវិតបស់យើង ហើយព្រះយេស៊ូមានព្រះបន្ទូលទៀតថា តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន? ហេតុនេះមានតែព្រះយេស៊ូតែប៉ុណ្ណោះ ដែលសុខចិត្តប្តូរជីវិត សុខចិត្តសោយទិវង្គត សុខចិត្តត្រូវគេធ្វើបាបនៅលើឈើឆ្កាង ដោយសារព្រះយេស៊ូចង់ថ្វាយជីវិតរបស់ព្រះអង្គសម្រាប់មនុស្សជាតិ និងព្រះយេស៊ូចង់ឱ្យមនុស្សទាំងអស់មានអំណរសប្បាយ មានសេចក្តីសុខសាន្ត និងមានសុភមង្គលរួមជាមួយគ្នា។

ហេតុនេះយុវជន យុវនារីជាទោគោរពរាប់អាន ចូរឆ្លើយតបទៅព្រះជាម្ចាស់ដោយស្ម័គ្រចិត្តថ្វាយខ្លួនទៅព្រះជាម្ចាស់ធ្វើជាលោកឪពុក ធ្វើជាបងស្រី ធ្វើជាបងប្រុស ដើម្បីថ្វាយ ដើម្បីបម្រើព្រះសហគមន៍របស់ព្រះអង្គ។ ក៏ប៉ុន្តែបងប្អូនត្រូវចាំថា បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។អាម៉ែន៕

 

Daily Program

Livesteam thumbnail