អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ១៨,១៥-២០អត្ថាធិប្បាយដោយលោកបូជាចារ្យ ប្រាក់ ប៊ុនហុង

បងប្អូនជាទីស្រឡាញ់!ព្រះសហគមន៍ប្រៀបបានជាអ្នកយាមល្បាត រំលឹកមនុស្សអំពីអ្វីដែលត្រឹមត្រូវ អ្វីដែលវៀចវេ និងអ្វីដែលអាក្រក់ ព្រះសហគមន៍រិះគន់ ជំទាស់គំនិតមនុស្សទូទៅដែលគិតតាមរបៀបលោកីយ។ គ្រីស្តបរិស័ទត្រូវតែមានសេចក្តីក្លាហាន ប្រៀនប្រដៅអ្នកដែលប្រព្រឹត្តខុសអំពីព្រះហឫទ័យព្រះជាម្ចាស់។ ពិតមែនការទូន្មានគេដូច្នេះពិបាក តែត្រូវទូន្មានគេដោយចិត្តសុភាពរាបសារ និងដោយសេចក្តីស្រឡាញ់។ ក្នុងគ្រួសារដូចគ្នា ឪពុក ម្តាយ ទទួលការខុសត្រូវលើកូន​​ គឺត្រូវអប់រំកូនឱ្យប្រព្រឹត្តអំពើល្អ ត្រូវទូន្មានកូនក្នុងនាមព្រះជាម្ចាស់ និងលើកទឹកចិត្តកូនដូចព្យាការីដែរ នៅក្នុងព្រះបន្ទូលអត្ថបទទី២ ដាស់តឿនយើង ឱ្យយើងស្រឡាញ់អ្នកដទៃដ៏ពិតប្រាកដ មានន័យថាមិនធ្វើបាបគេ តែងតែគោរពគេ មិនបំផ្លាញជីវិតគេ មិនបង្អាប់កិត្តយស់គេ មិនបំពែកបំពាក់គ្រួសារគេ មិន​មួលបង្គាច់កេរ្តិ៍ឈ្មោះគេ មិនលួចបន្លំ រឺមិនបំផ្លាញទ្រព្យសមត្តិ៍គេ ។ល។ ស្រឡាញ់អ្នកដទៃមានន័យថា សុខចិត្តខាតពេលវេលាខ្លួនឯង ដើម្បីជួយគេ សុខចិត្តអត់ទោសឱ្យគេ អ្នកនោះពិតជាកាន់តាមវិន័យយ៉ាងពេញលេញមែន។ ដូ​ចស្រឡាញ់ខ្លួនឯង មានន័យយ៉ាងណា? គឺរាប់ខ្លួនឯងទុកជាបុត្រធីតារបស់ព្រះជាម្ចាស់ជាពញរះបិតា ស្រឡាញ់គេមិនគ្រាន់តែអាណិតគេទេ គឺយកចិត្តទុកដាក់ឱ្យគេរីកចំរើនឡើង ទៅជាមនុស្សពេញលក្ខណៈ និងទៅជាបុត្រធីតារបស់ព្រះបិតាដូចខ្លួនឯង។

បងប្អូនជាទីស្រឡាញ់! ចំពោះដំណឹងល្អនៅថ្ងៃនេះ គឺយើងត្រូវទទួលត្រូវលើកគ្រីស្តបរិស័ទឯទៀតៗ កុំនិយាយមិនព្រមចូលក្នុងរឿងគេ គេក៏ជាសិរីរាង្គរបស់ព្រះកាយព្រះគ្រីស្តដូចយើងដែរ ប្រសិនបើគ្រីស្តបរិស័ទណាម្នាក់ ប្រព្រឹត្តអំពើអាក្រក់ យើងត្រូវជួយគេឱ្យកែប្រែចិត្តគំនិត ឱ្យគរត្រលប់មករកមាគាត្រឹមត្រូវ ប៉ុន្តែត្រូវមានចិត្តសុភាពរាបសារ និងចិត្តស្រឡាញ់គេឱ្យខ្លាំងត្រូវនឹកថារូបយើងផ្ទាល់ក៏ជាអ្នកបាបដូចគេដែរ ប៉ុន្តែយើងកុំត្រូវនិយាយដើមគេ រឺនិយាយខាងក្រោយខ្នងគេជាដាច់ខាត ការប្រព្រឹត្តរបៀបនេះ ខុសម្លែកពីទម្លាមទម្លាប់របស់យើងដែលមានពីមុនមក គឺយើងទូន្មានគេដោយត្រង់ៗក៏ប៉ុន្តែដោយមានចិត្តសុភាពរាបសារ។ ជួនកាលព្រះសហគមន៍ដេញគ្រីស្តបរិស័ទដែលមានចិត្តរឹងចចេះមិនចេះកែប្រែចិត្តគំនិត និងកិរិយាមាយាទអាក្រក់របស់ខ្លួន ប៉ុន្តែទោះបីដល់ថ្នាក់នេះហើយក្តី ត្រូវនឹកថាព្រះជាម្ចាស់ នៅតែមានព្រះហឫទ័យមេត្តាករុណា ដល់គេជានិច្ចដែរ។ ព្រះសហគមន៍ដេញគេដើម្បីជៀសវាងកុំឱ្យគេនាំអ្នកដទៃប្រព្រឹត្តអំពើអាក្រក់ ដូចនេះគ្រីស្តបរិស័ទត្រូវតែអធិដ្ឋានរួមគ្នាជាចំបាច់បំផុត ព្រោះពេលនោះព្រះយេស៊ូនឹងគង់នៅជាមួយ។

បងប្អូនជាទីស្រឡាញ់! យើងទូលអង្វរព្រះជាម្ចាស់ សូមឱ្យយើងមានកម្លាំងដើម្បីជួយណែនាំខ្លួនឯងផ្ទាល់ឱ្យធ្វើរឿងត្រឹមដត្រូវតាមព្រះហឫទ័យព្រះជាម្ចាស់ នឹងឱ្យយើងមានកម្លាំងជួយបងប្អូនរបស់យើងដែលវង្វែង មានន័យថាគេធ្វើរឿងមិនត្រឹមត្រូវ ឱ្យយើងជួយគេដោយសេចក្តីស្រឡាញ់ ដោយចិត្តអាណិតមេត្តាដល់គេ ហើយពិតមែនចង់ឱ្យគេវិលត្រឡប់មករកយើងវិញ សូមឱ្យយើងអធិដ្ឋានសម្រាប់យើងដែលជាព្រះសហគមន៍ ឱ្យយើងចេះមើលឃើញបងប្អូនរបស់យើងដែលវង្វែង អស់បងប្អូនរបស់យើងដែលប្រព្រឹត្តមិនត្រឹមត្រូវ ឱ្យគេវិលមករកព្រះជាម្ចាស់វិញ។ អាម៉ែន!

 

Daily Program

Livesteam thumbnail