អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៤,១២-១៤
អត្ថាធិប្បាយដោយលោកបូជាចារ្យសែ សាត
តាមរយៈព្រះបន្ទូលដំណឹងល្អថ្ងៃនេះយើងដឹងថា ព្រះយេស៊ូត្រូវបានអញ្ជើញឱ្យចូលរួមជប់លៀង និងសោយព្រះស្ងាយនៅផ្ទះអ្នកដឹកនាំគណៈផារ៉ាស៊ីម្នាក់ដែលត្រូវជាថ្ងៃសប្ប័ទ។
នៅពេលដែលព្រះអង្គចូលរួមពិធីជប់លៀងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកដែលបានអញ្ជើញព្រះអង្គឱ្យទៅចូលរួមនោះថា កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្តី ល្ងាចក្តីកុំអញ្ជើញមិត្តភក្តិ បងប្អូន ញាតិសន្តានរបស់អ្នក ឬអ្នកជិតខាងដែលមានសម្បត្តិស្ដុកស្តម្ភនោះឡើយ ត្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន ផ្ទុយទៅវិញពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការខ្វិនខ្វាក់ធ្វើដូច្នេះអ្នកនឹងមានសុភមង្គមជាមិនខាន។ ត្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេ ដែលនឹងតបស្នងជូនអ្នកនៅពេលដែលមនុស្សសុចរិតនឹងរស់ឡើងវិញ។
ព្រះបន្ទូលដែលព្រះអង្គបានថ្លែងទៅកាន់ពួកគណៈផារ៉ាស៊ីដែលបានអញ្ជើញព្រះអង្គនេះ គឺនាំទិសដៅឱ្យគណៈផារ៉ាស៊ីនោះទទួលសុភមង្គល និងទទួលព្រះពរពីព្រះជាម្ចាស់ មានន័យថា មេដឹកនាំគណៈផារ៉ាស៊ីគាត់មានធនធានល្មមដែលអាចអញ្ជើញអ្នកផ្សេងឱ្យទទួលទានអាហាររបស់គាត់ ក្រោយមកគាត់ទទួលព្រះពរពីព្រះជាម្ចាស់។ តាមពិតការអញ្ជើញមិត្តភក្តិ បងប្អូន ញាតិសន្តាន អ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្តម្ភនេះមិនមែនជាការធ្វើអំពើបាបទេ តែលើសពីនេះគឺឱ្យខ្លួនឯងមានសុភមង្គលនោះគឺត្រូវអញ្ជើញអ្នកដែលព្រះយេស៊ូមានព្រះបន្ទូល។ ហើយតាមរយៈទង្វើទាំងអស់នេះ គឺជាទង្វើដែលចេញពីសេចក្តីស្រឡាញ់ និងចិត្តបរិសុទ្ធប៉ុណ្ណោះ ហើយទង្វើដែលចេញពីសេចក្តីស្រឡាញ់ និងចិត្តបរិសុទ្ធនេះ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលមើលឃើញនៅក្នុងដួងចិត្តអ្នកដែលធ្វើទង្វើនេះថា មានបំណងប្រាថ្នាអ្វី។
គ្រប់កិច្ចការដែលយើងធ្វើ ព្រះអង្គក៏រំលឹកយើងដូចគ្នាដែរ ភាគច្រើនយើងធ្វើដោយមានបំណងខាងក្នុងគឺការតបស្នងត្រឡប់មកវិញ ហើយការតបស្នងត្រឡប់មកវិញនេះ ភាគច្រើនយើងចង់បានចំណេញ ឬចង់បានលើសគេតាមរបៀបមនុស្សទូទៅមិនថាពុកម៉ែបងប្អូន ឬមិនថាខ្ញុំផ្ទាល់ជាលោកឪពុកទេ យើងតែងតែមានកូនបំណងតូចនៅខាងក្នុងដែលបំណងនោះអាចមិនស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងក៏ថាបាន។ ឧទារហណ៍យើងដាក់ដង្វាយដល់អ្នកក្រីក្រចុះ។ ពេលខ្លះយើងបានលួចដាក់បំណងនៅទីនោះរួចហើយ អ្នកខ្លះដាក់មួយម៉ឺនហើយចង់ឱ្យរកស៊ីមានបានគឺបានដប់ម្ភៃម៉ឺន ឬច្រើនជាងត្រឡប់មកវិញដែលក្នុងដួងចិត្តរបស់យើងអាចបង្កប់អត្ថន័យបែបនេះ។ លក្ខណៈនៃព្រះបន្ទូលថ្ងៃនេះគឺព្រះយេស៊ូដាស់តឿនយើង ឱ្យអ្វីដែលយើងធ្វើជាទង្វើដែលមានតែមួយ គឺទង្វើនៅក្នុងសេចក្តីស្រឡាញ់គឺស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូនឯទៀតៗសម្រាប់ព្រះជាម្ចាស់។ ទង្វើទាំងអស់នោះហើយដែលយើងម្នាក់ៗទទួលព្រះពរ ទទួលសុភមង្គលដ៏ពិតប្រាកដពីព្រះជាម្ចាស់ ហើយព្រះអង្គបញ្ជាក់ គឺពេលដែលមនុស្សសុចរិតនឹងរស់ឡើងវិញ។
ដូច្នេះតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះអង្គដាស់តឿនទាំងមេដឹកនាំគណៈផារ៉ាស៊ី ដាស់តឿនទាំងយើងជាគ្រីស្តបរិស័ទឱ្យយើងយកចិត្តទុកដាក់នឹងទង្វើរបស់យើង និងបំណងរបស់យើង ហើយកិច្ចការដែលយើងធ្វើគឺធ្វើចំពោះអ្នកតូចតាច។ ការណ៍ដែលយើងធ្វើចំពោះអ្នកតូចតាចនេះហើយ ដែលព្រះអង្គមានបន្ទូលគឺធ្វើចំពោះព្រះអង្គផ្ទាល់ ហើយច្បាស់ហើយ បើធ្វើចំពោះព្រះអង្គ យើងទទួលព្រះពរពីព្រះជាម្ចាស់វិញ។ លក្ខណៈបែបនេះឱ្យគ្រប់ទង្វើរបស់យើងជាពិសេសទាក់ទងនឹងការធ្វើទានតាមធនធានដូចព្រះអង្គមានបន្ទូល «បើដៃស្តាំធ្វើទានកុំឱ្យដៃឆ្វេងដឹង ឬដៃឆ្វេងធ្វើទាន កុំឱ្យដៃស្តាំដឹកគឺទុកឱ្យព្រះជាម្ចាស់តែប៉ុណ្ណោះដែលដឹង»។ គ្រប់កិច្ចការដែលយើងធ្វើ ជាកិច្ចការដែលចេញមកពីសេចក្តីស្រឡាញ់ ចិត្តបរិសុទ្ធ និងចិត្តជ្រះថ្លារបស់យើង ហើយយើងបន្ថែមគឺចិត្តស្មោះត្រង់ផងដែរ។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់យើងម្នាក់ៗឱ្យគ្រប់កិច្ចការដែលយើងធ្វើជាកិច្ចការដែលហូរចេញពីប្រភពនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការទាំងនោះបង្កើតផលផ្លែថ្វាយព្រះអង្គ ផ្តល់សិរីរុងរឿងថ្វាយព្រះជាម្ចាស់ និងលើកតម្កើតសិរីរុងរឿងដល់ព្រះជាម្ចាស់៕