អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៣,៣១-៣៥ អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

ក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ មានស្តេចហេរ៉ូដជាស្តេចរបស់ជនជាតិអ៊ីស្រាអែលនៅសម័យព្រះយេស៊ូមានបំណងចង់សម្លាប់ព្រះអង្គ ពីព្រោះស្តេចបានលឺគេនិយាយថា ព្រះយេស៊ូចង់ឡើងសោយរាជ្យជំនួសស្តេច តែតាមពិតមិនមែនជាព្រះហឫទ័យរបស់ព្រះយេស៊ូ ប៉ុន្តែគេយល់ច្រឡំទាំងអស់គ្នា។

ចម្លើយរបស់ព្រះយេស៊ូគួរឱ្យចាប់អាម្មណ៍ ពីព្រោះព្រះយេស៊ូមានព្រះបន្ទូលថា ទោះបីស្តេចហេរ៉ូដចង់សម្លាប់ព្រះអង្គយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូនៅតែបំពេញកិច្ចការរបស់ព្រះអង្គ ហើយនិងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គ្មានអ្វី គ្មាននរណាអាចឃាត់ព្រះយេស៊ូមិនឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាគឺទី១។ ទី២ ចំណែកនៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ក្នុងឋានៈជាព្រះជាម្ចាស់ ព្រះយេស៊ូរំលឹកអំពីប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលដែលព្រះជាម្ចាស់បានចាត់ព្យាការីជាច្រើនឱ្យជនជាតិអ៊ីស្រាអែលស្តាប់ ហើយនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីឱ្យគេមានជីវិត ប៉ុន្តែជាច្រើនលើកច្រើនសារជនជាតិអ៊ីស្រាអែលមិនព្រមកែប្រែចិត្តគំនិត រហូតដល់ព្រះយេស៊ូជាព្រះជាម្ចាស់ផ្ទាល់យាងមក ប៉ុន្តែនៅតែដដែល។ គឺជនជាតិអ៊ីស្រាអែលមិនព្រមជាដាច់ខាត ទោះបីគេបានឃើញទីសំគាល់ កាអស្ចារ្យទាំងប៉ន្មានដែលព្រះយេស៊ូធ្វើគេមិនព្រមកែប្រែចិត្តគំនិត។ បញ្ជាក់គេត្រូវតែវិនាសអន្តរាយ ពីព្រោះគេនៅតែគោរពព្រះក្លែងក្លាយ ហើយនឹងជិះជាន់អ្នកក្រីក្រប្រព្រឹត្តអំពើមិនគប្បី។ ដូច្នេះព្រះយេស៊ូដូចជាអន់ចិត្ត ហើយព្រះអង្គមានព្រះបន្ទូលថា «អ្នករាល់គ្នានឹងឃើញខ្ញុំពោរពេញដោយសិរីរុងរឿងពេលអវសាន្តកាលនៃពិភពលោក» គឺនៅពេលដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។

អត្ថបទដំណឹងល្អថ្ងៃនេះមានអត្ថន័យអ្វីខ្លះសម្រាប់យើង? ប្រហែលជាឱ្យយើងខិតខំរកទីសំគាល់ ការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេស៊ូ ជាព្រះជាម្ចាស់ធ្វើនៅក្នុងជីវិតរបស់យើងតាមកាលៈទេសៈ  តាមរយៈអ្នកដទៃ តាមរយៈព្រះសហគមន៍ និងឱ្យយើងកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យយើងកែប្រែចិត្តគំនិតដើម្បីឱ្យយើងមានជីវិត។

កែប្រែចិត្តគំនិតមានន័យយ៉ាងដូចម្តេច? មានន័យថា ផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ហើយនិងប្រព្រឹត្តកិច្ចការល្អដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនិងនៅតែធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់ទោះបីមានឧបសគ្គជាច្រើន ទោះបីមានគេបៀតបៀនយើង ទោះបីមានអំពើបាបដែលឃាត់យើងមិនឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះហើយជីវិតជាគ្រីស្តបរិស័ទគឺបែបហ្នឹង។

ទី៣មានចិត្តព្យាយាមតស៊ូទោះបីមានឧបសគ្គជាច្រើន ដោយធ្វើតែតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើដូច្នេះយើងនឹងមើលឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងមែន។ ដូច្នេះសុំឱ្យយើងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ដើម្បីឱ្យយើងមានជីវិតដែលពេញលក្ខណៈ។ អាម៉ែន៕

Daily Program

Livesteam thumbnail