ព្រះជាម្ចាស់ជាទីពុំនាក់របស់មនុស្សលោកពិតមែនឬទេ?
បកស្រាយដោយ៖ លោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី ពីព្រះសគមន៍កាតូលិកមណ្ឌលគិរី ក្នុងភូមិភាកកំពង់ចាម។
បូ. ផាន បូរី៖ បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន មនុស្សយើងតែងតែសួរសំណួរ អ្វីដែលបង្ហាញពីទិដ្ឋភាពពិតនៅក្នុងសង្គម នៅក្នុងប្រទេសរបស់យើង ឬនៅកន្លែងដែលយើងរស់នៅ។ ខ្ញុំមានអំណះអំណាងមួយពីព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់គឺជំរឿនប្រជាជន២៣,១០។ ព្រះជាម្ចាស់មិនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ យើងអាចទុកចិត្តលើព្រះអង្គបាន យើងអាចយកព្រះបន្ទូលទៅអនុវត្តប្រចាំថ្ងៃរបស់យើងបាន។ ព្រះជាម្ចាស់ជាទីបង្អែក ព្រះជាម្ចាស់ជាទីសង្ឃឹមរបស់យើង ព្រះជាម្ចាស់ជាកំលាំងនាំឲ្យយើងមានឆន្ទៈប្រព្រឹត្តអំពើល្អ កសាងសន្តិភាព និងថែរក្សាសន្តិភាពដែលយើងកំពុងតែមាន។ ព្រះអង្គមិនប្រែក្រឡាស់ដូចមនុស្សទេ ពេលខ្លះមនុស្សនិយាយបាតដៃខ្នងដៃ តែព្រះជាម្ចាស់មិនប្រែក្រឡាស់ឡើយ។
ចំណុចនេះហើយដែលនាំឲ្យយើងទុកចិត្តលើព្រះជាម្ចាស់មួយរយភាគរយ ព្រោះថា អត់មាននណាម្នាក់ដូចព្រះជាម្ចាស់នោះទេ ហេតុនេះយើងជាកូនចៅរបស់ព្រះជាម្ចាស់ យើងត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ឬប្រណិប័តន៍តាមកិច្ចការ ឬក៏ព្រះហឫទ័យរបស់ទ្រង់។ ដោយសារតែទ្រង់ជាទីទុកចិត្តរបស់មនុស្សទូទៅ។ យ៉ាងណាមិញនៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីក៏មានចងក្រងបែបនេះដែរ គឺហ្វីលីព២,៦ បាននិយាយថា «ទោះបីព្រះជាម្ចាស់ មានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈស្មើព្រះជាម្ចាស់ទុកផ្តាច់មុខនោះឡើយ។»
ព្រះអង្គ(ព្រះយេស៊ូ) បានដាក់ខ្លួនបម្រើមនុស្សទាំងអស់ដោយស្មើៗគ្នា និងបានល្អប្រសើរ។ ផ្ទុយទៅវិញព្រះអង្គបានបោះបង់អ្វីៗទាំងអស់ មកយកជាតិជាមនុស្សសាមញ្ញ ហើយក៏រស់នៅយ៉ាងសាមញ្ញជាមួយមនុស្សទូទៅ។ បងប្អូនជាទីស្រលាញ់ ចូរឲ្យយើងទុកចិត្តលើព្រះជាម្ចាស់ ចូរឲ្យយើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ មួយវិញទៀតនៅក្នុងព្រះគម្ពីរម៉ាកូស៥,២១-៤០ ព្រះយេស៊ូបានប្រោសស្រ្តីម្នាក់ដែលមានជំងឺធ្លាក់ឈាម ឲ្យបានជាសះស្បើយ ដោយគ្រាន់តែប៉ះព្រះពស្ត្រ ឬក៏ប៉ះជាយអាវរបស់ព្រះអង្គ គាត់បានជាសះស្បើយ។ ព្រះយេស៊ូបានប្រោសកូនលោក យៃរ៉ូស ឲ្យបានជា ព្រះអង្គការពារស្រ្តីមេម៉ាយ ការពារក្មេងកំព្រា ព្រះយេស៊ូប្រោសមនុស្សឃ្លង់ឲ្យបានជា ព្រះយេស៊ូត្រាស់ហៅអ្នកទារពន្ធ ព្រះយេស៊ូផ្លាស់ប្តូរផ្នត់គំនិតមនុស្សដែលធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ឲ្យមកប្រព្រឹត្តតែអំពើល្អ និងគាប់ប្រសើរនៅក្នុងសង្គមវិញ។
បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន! ជាងនេះទៅទៀតព្រះយេស៊ូបានការពារស្រ្តីសាហាយស្មន់ម្នាក់ ដែលត្រូវជនជាតិយូដាដាក់ទោសតាមធម្មវិន័យ ដោយយកដុំថ្មគប់សម្លាប់ស្រ្តីនោះ។ ហេតុនេះព្រះយេស៊ូបានមានព្រះបន្ទួលទៅកាន់អស់អ្នកដែលចេះច្បាប់ ចេះធម្មវិន័យថា «នៅក្នុងចំណោមអ្នករាល់គ្នា បើសិនអ្នករាល់គ្នាគិតថាមិនដែលប្រព្រឹត្តអំពើបាបសោះ សូមយកដុំថ្មគប់នាងនេះមុនគេទៅ!» នេះហើយព្រះយេស៊ូបានការពារសិទ្ធិសិរីភាពរបស់គេ។
ប៉ុន្តែអ្នកបានប្រព្រឹត្តអំពើបាបត្រូវតែប្រែចិត្តគំនិត ផ្ទុយទៅវិញបើសិនមិនព្រមកែប្រែចិត្តគំនិតទេ គេក៏មិនបានទទួលការសង្គ្រោះដែរ។ យើងរំលឹកបន្តិចថា ពេលដែលអ្នកឈ្វេងយល់ទទួលជំហានទី១បានប្រកាសថា «ខ្ញុំសូមយកព្រះបន្ទូលជាទីពឹងគឺធើ្វតាមព្រះបន្ទួល សូមយកព្រះគ្រីស្តជាទីពឹង គឺយកព្រះយេស៊ូជាស្នូលនៃជីវិតរបស់គ្រីស្តបរិស័ទ ឬសម្រាប់មនុស្សទាំងអស់ នឹងយកព្រះសហគមន៍ជាទីពឹង។»
ហេតុនេះ បងប្អូនជាទីស្រលាញ់ យើងជាគ្រីស្តបរិស័ទ យើងមានចិត្តធំទូលាយដើម្បីកសាងសន្តិភាពនៅកន្លែងដែលយើងរស់នៅ យើងមានចិត្តធំធេងក្នុងការថែរក្សាសន្តិភាពកំពុងតែមាន យើងមានចិត្តដើម្បីបង្ហាញសេចក្តីស្រលាញ់ដែលយើងមានដល់អ្នកដទៃ។ សូមឲ្យយើងចេះការពារសិទ្ធិសិរីភាពគ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានការពារអស់អ្នកដែលសង្គមមិនរាប់រក ក៏ដូចជាមនុស្សត្រូវសង្គមបោះបង់ចោល ឲ្យត្រឡប់មកមានសំឡេងនៅក្នុងសង្គមឡើងវិញ។ នេះជាអំណះអំណាងដែលព្រះសហគមន៍គិតថា ព្រះជាម្ចាស់ជាទីបង្អែកដ៏សំខាន់សម្រាប់មនុស្សជាតិទាំងមូល មិនមែនសម្រាប់តែគ្រីស្តបរិស័ទនោះទេ៕
រៀបចំដោយ ឆាក លាំង