ព្រះជាម្ចាស់ជាទីពឹងពំនាក់របស់មនុស្សលោកយ៉ាងណា?

បកស្រាយដោយលោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី ពីព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម៖

បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន មនុស្សយើងតែងតែសួរសំណួរនូវ​អ្វីដែលបង្ហាញពីទិដ្ឋភាពពិតនៅក្នុងសង្គម ក្នុងប្រទេសរបស់យើង ឬក៏នៅកន្លែងដែលយើងរស់នៅ។ ខ្ញុំមានអំណះអំណាងមួយពីព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់គឺជំរឿនប្រជាជននៅក្នុងជំពូកទី២៣,១០។ ព្រះជាម្ចាស់មិនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហក់ឡើយ យើងអាចទុកចិត្តលើព្រះអង្គបាន យើងអាចយកព្រះបន្ទូលទៅអនុវត្តប្រចាំថ្ងៃរបស់យើងបាន។ ព្រះជាម្ចាស់ជាទីបង្អែក ព្រះជាម្ចាស់ជាទីសង្ឃឹមរបស់យើង ព្រះជាម្ចាស់ជាកម្លាំងនាំឲ្យយើងមានឆន្ទៈប្រព្រឹត្តអំពើល្អ កសាងសន្តិភាព និងថែរក្សាសន្តិភាពដែលយើងកំពុងតែមាន។ ព្រះអង្គមិនប្រែក្រឡាស់ដូចមនុស្សទេ ពេលខ្លះមនុស្សនិយាយបាតដៃខ្នងដៃ តែព្រះជាម្ចាស់មិនប្រែក្រឡាស់ឡើយ។ ចំណុចនេះហើយដែលនាំឲ្យយើងទុកចិត្តលើព្រះជាម្ចាស់មួយរយភាគរយ ព្រោះថាអត់មាននរណាម្នាក់ដូចព្រះជាម្ចាស់នោះទេ។ ហេតុនេះហើយ យើងជាកូនចៅរបស់ព្រះជាម្ចាស់ យើងត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ឬប្រណិប័តន៍​តាមកិច្ចការ ឬក៏ព្រះហឫទ័យរបស់ទ្រង់ ដោយសារតែទ្រង់ជាទីទុកចិត្តរបស់មនុស្សទូទៅ។ យ៉ាងណាមិញនៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីក៏មានចងក្រងបែបនេះដែរ គឺភីលីព ជំពូក២,៦ បាននិយាយថា ទោះបីព្រះជាម្ចាស់ មានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈស្មើព្រះជាម្ចាស់ទុកផ្តាច់មុខនោះឡើយ។ ដោយព្រះអង្គ​(ព្រះយេស៊ូ) បានដាក់ខ្លួនបម្រើមនុស្សទាំងអស់ដោយស្មើៗគ្នា និងបានល្អប្រសើរ។ ផ្ទុយទៅវិញព្រះអង្គបានបោះបង់អ្វីៗទាំងអស់មកយកជាតិជាមនុស្សសាមញ្ញ ហើយក៏រស់នៅយ៉ាងសាមញ្ញជាមួយមនុស្សទូទៅ។

បងប្អូនជាទីស្រលាញ់ ចូរឲ្យយើងទុកចិត្តលើព្រះជាម្ចាស់ ចូរឲ្យយើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ មួយវិញទៀតនៅក្នុងព្រះគម្ពីរម៉ាកូស​​ ជំពូក៥,២ដល់៤០ ព្រះយេស៊ូបានប្រោសស្រ្តីម្នាក់ដែលមានជំងឺធ្លាក់ឈាម ឲ្យបានជាសះស្បើយ ដោយគ្រាន់តែប៉ះព្រះពស្ត្រ ឬក៏ប៉ះជាយអាវរបស់ព្រះអង្គ។ ព្រះយេស៊ូបានប្រោសកូនលោក យៃរ៉ូស ឲ្យបានជា ព្រះអង្គការពារស្រ្តីមេម៉ាយ ការពារក្មេងកំព្រា ព្រះយេស៊ូប្រោសមនុស្សឃ្លង់ឲ្យបានជា ព្រះយេស៊ូត្រាស់ហៅអ្នកទារពន្ធ ព្រះយេស៊ូផ្លាស់ប្តូរផ្នត់គំនិតមនុស្សដែលធ្លាប់តែប្រព្រឹត្តអំពើអាក្រក់​ឲ្យមកប្រព្រឹត្តតែអំពើល្អ​និងគាប់ប្រសើនៅក្នុងសង្គមវិញ។ ជាងនេះទៅទៀតព្រះយេស៊ូបានការពារស្រ្តីម្នាក់មានសាហាយស្មន់ ដែលត្រូវជនជាតិយូដាដាក់ទោសតាមធម្មវិន័យ​ដោយចង់យកដុំថ្មគប់សម្លាប់ស្រ្តីនោះ។ ហេតុនេះព្រះយេស៊ូបានប្រាប់ ឬក៏និយាយទៅកាន់អស់អ្នកដែលចេះច្បាប់ ចេះធម្មវិន័យថា នៅក្នុងចំណោមអ្នករាល់គ្នា បើសិនអ្នករាល់គ្នាគិតថាអ្នក​មិនប្រព្រឹត្តអំពើបាបសោះ សូមយកដុំថ្មគប់នាងនេះមុនគេទៅ។ នេះហើយព្រះយេស៊ូបានការពារសិទ្ធិសិរីភាពរបស់គេ ប៉ុន្តែអ្នកបានប្រព្រឹត្តអំពើបាបត្រូវតែការប្រែចិត្តគំនិត ផ្ទុយទៅវិញបើសិនមិនព្រមកែប្រែចិត្តគំនិតទេ គេក៏មិនបានទទួលការសង្គ្រោះដែរ។ យើងរំលឹកបន្តិចថា ពេលដែលអ្នកឈ្វេង​យល់ទទួលជំហានទី១បានប្រកាសថា ខ្ញុំសូមយកព្រះបន្ទូលជាទីពឹង ដោយធ្វើតាមព្រះបន្ទូល។ សូមយកព្រះគ្រីស្តជាទីពឹង គឺយកព្រះយេស៊ូជាស្នូលនៃជីវិតរបស់គ្រីស្តបរិស័ទ ឬសម្រាប់មនុស្សទាំងអស់។ និងយកព្រះសហគមន៍ជាទីពឹង។ ហេតុនេះ បងប្អូនជាទីស្រលាញ់ យើងជាគ្រីស្តបរិស័ទ យើងមានចិត្តធំដើម្បីកសាងសន្តិភាពនៅកន្លែងដែលយើងរស់​នៅ។ យើងមានចិត្តធំថែរក្សាសន្តិភាពកំពុងតែមាន យើងមានចិត្តដើម្បីបង្ហាញសេចក្តីស្រលាញ់ដែលយើងមានដល់អ្នកដទៃ។ ហើយសូមឲ្យយើងចេះការពារសិទ្ធិសេរីភាពឲ្យគ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានការពារអស់អ្នកដែលសង្គមមិនរាប់រក ក៏ដូចជាមនុស្សត្រូវសង្គមបោះបង់ចោល​ឲ្យត្រឡប់មកមានសំឡេងនៅក្នុងសង្គមឡើងវិញ។ នេះជាអំណះអំណាងដែលព្រះសហគមន៍គិតថា ព្រះជាម្ចាស់ជាទីបង្អែកដ៏សំខាន់សម្រាប់មនុស្សជាតិទាំងមូល មិនមែនសម្រាប់តែគ្រីស្តបរិស័ទនោះទេ៕

វាយអត្ថបទ​ដោយ ឆាក លាំង

Daily Program

Livesteam thumbnail