ប្រធានបទ៖ តើមនុស្សគ្រប់រូបផ្ញើទុក្ខលំបាករបស់ខ្លួនទៅព្រះជាម្ចាស់ដោយរបៀបណា?

បកស្រាយដោយ៖ បងស្រី ស្រី សុជាតិ (ក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាងព្រះយេស៊ូ)

បងស្រី សុជាតិ៖ ដំបូងខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯងថា តើយើងម្នាក់ៗគួរផ្ញើទុក្ខលំបាកដែលយើងកំពុងតែជួបទៅព្រះជាម្ចាស់តារបៀបណា?  តាមពិតទៅរឿងទុក្ខលំបាក ឬក៏បញ្ហាផ្សេងៗមនុស្សគ្រប់គ្នាមិនចង់ជួបទេ តែមិនអាចគេចរួច។ បញ្ហាផ្សេងៗដែលបានកើតមានក្នុងជីវិតមនុស្សម្នាក់ ច្បាស់ណាស់យើងត្រូវតែប្រឈមមុខ នឹងហ៊ានទទួលដោយសេចក្តីក្លាហាន និងរកផ្លូវដោះស្រាយដោយសន្តិវិធី។

ត្រង់នេះយើងត្រូវចោទសួរខ្លួនឯងថា តើយើងត្រូវធ្វើដូចម្តេច? តើយើងមានកំលាំងមកពីណាដើម្បីទទួលយកបញ្ហាទាំងនេះ បើទុក្ខទាំងនោះមកផ្ទួនៗ ហើយជាបញ្ហាធំលើកពីកំលាំងដែលយើងមាន?​ តាមបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាគ្រីស្តបរិស័ទ បើពឹងលើកំលាំងខ្លួនឯង ខ្ញុំមិនអាចប្រឈមមុខនិងបញ្ហាទាំងអស់នោះបានទេ ហើយខ្ញុំជឿថាបងប្អូនផ្សេងទៀតក៏មិនខុសពីខ្ញុំដែរ។ ប៉ុន្តែ! ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ជាគ្រីស្តបរិស័ទ ជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត ខ្ញុំមានព្រះជាម្ចាស់គង់ជាមួយ គឺវត្តមានរបស់ព្រះយេស៊ូនេះហើយដែលជួយជាកំលាំងចិត្ត នាំឲ្យខ្ញុំបានដើរឆ្លងបញ្ហាទាំងពួងដោយសេចក្តីក្លាហាន។

សួរថាតើយើងត្រូវឆ្លងផុតដោយរបៀបណា?​ ការនិយាយវាពិតជាស្រួល តែពេលជួបផ្ទាល់វាផ្ទុយស្រលះតែម្តង មានពេលខ្លះយើងរកពន្លឺ ឬក៏រកព្រះជាម្ចាស់មិនឃើញទេ ក្នុងស្ថាននោះ យើងកំពុងស្ថិតនៅក្នុងភាពងងឹត។ បងប្អូនជាទីស្រឡាញ់! យើងត្រូវដឹងថាក្នុងភាពងងឹតនោះគឺមានវត្តមានរបស់ព្រះជមា្ចស់ ទោះបីក្នុងចិត្តយើងមានបញ្ហាធ្ងន់ យើងធ្លាក់ទឹកចិត្តខ្លាំង យើងមើលមិនឃើញពន្លឺ មើលមិនឃើញវត្តមានរបស់ព្រះជាម្ចាស់ក្តី ជាក់ស្តែងខ្ញុំផ្ទាល់ ពេលមានបញ្ហាផ្ទាល់ខ្លួន ឬក៏នៅក្នុងក្រុមគ្រួសារ ខ្ញុំមើលមិនឃើញវត្តមានព្រះជាម្ចាស់នោះទេ។ ប៉ុន្តែព្រះវិញ្ញាណក៏ជួយបំភ្លឺខ្ញុំវិញថា ទោះបីខ្ញុំបដិសេធមិនទទួលព្រះជាម្ចាស់ តែទ្រង់ក៏គង់នៅជាមួយខ្ញុំ និងមើលថែខ្ញុំគ្រប់ពេលវេលា។

ពេលខ្លះមិនដឹងខ្លួនថាត្រូវនិយាយអ្វីទៅព្រះជាម្ចាស់នោះទេ គឺគ្រាន់តែស្ងាត់ស្ងៀម នៅមុខឈើឆ្កាងតែប៉ុណ្ណោះ ភាពស្ងាត់ស្ងៀមរបស់ខ្ញុំនេះ ជាឱកាសដែលខ្ញុំនឹកគិតទៅដល់ព្រះជាម្ចាស់ ហើយពោលពាក្យតែមួយឃ្លា «សូមព្រះអង្គជួយកូនផង ឱព្រះគ្រីស្តអើយសូមអាណិតអាសូរ» ត្រឹមតែពាក្យមួយឃ្លានេះ! បានធ្វើឲ្យចិត្តខ្ញុំស្ថិតក្នុងភាពស្ងៀមស្ងាត់ ហើយទុក្ខព្រួយទាំងប៉ុន្មានក៏បានធូរស្រាលបន្តិចម្តងៗ។ ពេលនោះចិត្តរបស់ខ្ញុំចាប់ផ្តើមបើក ទទួលយកចិត្តវត្តមានរបស់ព្រះជាម្ចាស់ក្នុងជីវិតរស់នៅ ហើយក៏ជាពេលវេលដែលខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ពិតជាមវត្តមាននៅក្នុងជីវិតខ្ញុំពិតមែន មិនថាពេលលំបាក ឬពេលមានអំណរសប្បាយនោះទេ។

ដូច្នេះក្នុងឋានៈយើងជាគ្រីស្តបរិស័ទ ការអធិដ្ឋានពិតជាសំខាន់មែនទែន ព្រោះការអធិដ្ឋាន នឹងជួយពង្រឹងជំនឿខ្លួនយើងជាគ្រីស្តបរិស័ទ ហើយការអធិដ្ឋាននេះឯងជាគ្រឹះដ៏សំខាន់ ដែលជួយឲ្យជំនឿខ្ញុំរឺងមាំ និងរីកធំធាត់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។  អាមែន


ដោយ ឆាក លាំង

Daily Program

Livesteam thumbnail