ប្រធានបទ៖ ជីវិតរបស់យើងម្នាក់ៗផ្សារភ្ជាប់នឹងព្រះជាម្ចាស់តាមការចូលរួមកម្មវិធីអភិបូជា!

 ផ្តល់សក្ខីភាពដោយ៖ លោកណិប តាវ គ្រីស្តបរិស័ទភូមិភាគបាត់ដំបង

គ្រីស្ត.ណិប តាវ៖ សម្រាប់ខ្ញុំផ្ទាល់ការចូលរួមអភិបូជា ឬការចូលរួមលើកតម្កើងព្រះជាម្ចាស់ក្នុងកម្មវិធីផ្សេងៗតាមបែបសាសនា បានធ្វើឲ្យជីវិតរបស់ខ្ញុំបាននៅជិតស្និតជាមួយព្រះជាម្ចាស់ ធ្វើឲ្យខ្ញុំបានទទួលកំលាំងថ្មី ប្រាជ្ញាថ្មី និងបេសកម្មថ្មីដែលត្រូវបំពេញបន្តទៀតក្នុងជិវិតប្រចាំថ្ងៃ។ មួយវិញទៀត វាបានជំរុញឲ្យខ្ញុំពេលវេលាច្រើនក្នុងការអធិដ្ឋាន ស្តាប់ព្រះបន្ទូល សន្ទនាជា​មួយ​ព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្តីស្រឡាញ់បន្ថែមទៀតពីអង្គផងដែរ។

គ្រីស្តបរិស័ទម្នាក់ៗបានដឹងពីតួនាទីរបស់ខ្លួនហើយ គឺបង្ហាញសេចក្តីស្រឡាញ់ទៅមនុស្សនៅជុំវិញខ្លួន ពេលណាយើងមានសេចក្តីស្រឡាញ់កាន់តែខ្លាំង ធ្វើឲ្យយើងមានសន្តិភាព អ្នកជឿលើព្រះយេស៊ូគ្រប់គ្នាបានដឹងថា​ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ព្រះអង្គបានផ្តល់សន្តិភាពសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែបើយើងមិនបានចូលរួមអភិបូជា ឬខានអធិដ្ឋានដោយសារតែជាប់រវល់កិច្ចមួយចំនួន នោះហើយជាហេតុនាំឲ្យយើងភ្លេច ឬក៏មិនមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ ដែលនាំឲ្យចិត្តមិនសប្បាយ។

សូមកុំគិតថាខ្លួនមានមោទនភាពឬ លើកតម្កើងខ្លួនជ្រុលពេក ហើយកុំគិតថាមិនបាច់ពឹងព្រះជាម្ចាស់ ឬជំនួយមកពីខាងក្រៅ ក៏ខ្លួនអាចទីពឹងខ្លួនោះ ផ្ទុយទៅវិញយើងជាគ្រីស្តបរិស័ទ យើងយកព្រះជាម្ចាស់ជាទីពឹង យកព្រះបន្ទូលជាទីពឹង និងយកព្រះសហគមន៍ជាទីពឹង ជាហេតុដែលជួយរំលឹកខ្ញុំជានិច្ច ទោះបីពេលខ្លះជាប់រវល់បំពេញកិច្ចបែបណាក៏ដោយ ក៏ខ្ញុំមិនដែលភ្លេចចូលរួមអភិបូជា និងអធិដ្ឋានឡើយ។ ជានិច្ចជាកាល ពេលបំពេញការងារ ខ្ញុំតែងតែទូលសុំព្រះវិញ្ញាណជួយបំភ្លឺផ្លូវឲ្យខ្ញុំមានសេចក្តីក្លាហាន មិនភ័យខ្លាចក្នុងការធ្វើកិច្ចណាមួយឡើយ។

ប៉ុន្តែបើយើងមិនមានព្រះវិញ្ញាណគង់នៅ សូម្បីតែការនិយាយស្តីពេលខ្លះខ្ញុំមានការភ័យខ្លាច ត្រង់នេះខ្ញុំអាចបញ្ចាក់បានថា ជំនឿធ្វើឲ្យខ្ញុំមានកំលាំង មានសេចក្តីក្លាហាន។ មនុស្សគ្រប់គ្នាតែងតែជួបទុក្ខលំបាករៀងៗខ្លួន តែពេលខ្លះយើងមិនមានសេចក្តីក្លាហានក្នុងការលើកទឹកចិត្តនរណាម្នាក់ ផ្ទុយទៅវិញបើយើងមានជំនឿរឹងមាំលើព្រះជាម្ចាស់ យើងនិងមានសេចក្តីក្លាហានក្នុងនិយាយលើកទឹកចិត្តបុគ្គលទាំងនោះជាក់ជាមិនខានឡើយ នេះជាជំនឿដែលយើងមានទទួល​ពីព្រះជាម្ចាស់ ជំរុញឲ្យយើងម្នាក់ៗមានបេសកម្មជួយដល់អ្នកដទៃ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail