ប្រធានបទ៖ ខ្ញុំមានសំណាងដ្បិតខ្ញុំមានព្រះជាម្ចាស់ចាំលើកទឹកចិត្ត!


ផ្តល់សក្ខីភាពដោយ៖ បងស្រីអាញ៉ែស ស្រី សុជាតិ ក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាងព្រះយេស៊ូ

បងស្រី សុជាតិ៖ ដោយសារតែបានជួបរឿងលំបាកខ្លាំងពេក ពេលខ្លះខ្ញុំបានសួរម្តាយខ្ញុំថា ក្នុងលោកនេះមានព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់ស្រឡាញ់យើងទេ? បងប្អូនជាទីស្រ​ឡា​ញ់ ខ្ញុំផ្ទាល់ សូមថ្វាយអ្វីទាំងអស់ទៅព្រះជាម្ចាស់ ទោះបីពេលខ្លះពាក្យដែលបាននិយាយនេះដោយអស់​ពីចិត្ត ឬក៏គ្រាន់តែនិយាយដើម្បីលួងខ្លួនឯងឲ្យធូរស្បើយក្នុងអារម្មណ៍។ ពេលនោះខ្លួនខ្ញុំផ្ទាល់​មិនទាន់បានយល់អ្វីឡើយ ក្រោយមកទើបខ្ញុំដឹងថានេះគឺជាកំលាំងមកពីព្រះជាម្ចាស់ ដែល​​ជំរុញឲ្យខ្ញុំហ៊ានថ្វាយទុក្ខលំបាកទៅព្រះអង្គ។

មួយទៀតទ្រង់បានជួយឲ្យខ្ញុំចេះមើលឃើញបងប្អូនឯទៀតដែលកំពុងជួបទុក្ខលំបាក ជាទុក្ខលំបាក​ដែលខ្លាំងជាងខ្ញុំឆ្ងាយណាស់ ត្រង់នេះហើយដែលជួយខ្ញុំឲ្យមានកំលាំងបន្តដំណើរទៅមុខទៀត។ ឧបមាថា៖ ខ្ញុំតូចចិត្តនឹងខ្លួនឯង ឬបាក់ទឹកចិត្តខ្លាំង យល់ថាខ្លួនធ្វើនេះមិនត្រូវ ធ្វើនោះមិនត្រូវ មិនល្អ ជួបបញ្ហារាប់មិនអស់មិនចេះចប់មិនចេះហើយ! ហេតុអ្វីរឿងអាក្រក់ៗតែងតែកើតលើគ្រួសារខ្ញុំ? ពេលខ្លះខ្ញុំសួរខ្លួនឯងថា ក្នុងលោកនេះមានព្រះជាម្ចាស់ទេ? បើក្រឡេកមើលទៅគ្រួសារផ្សេង គេក៏ជួបរឿងលំបាកផ្សេងគ្នាដែរ។

ការឆ្លងកាត់ទុក្ខលំបាកដែលមនុស្សបានជួបផ្សេងៗគ្នានេះ យើងត្រូវអរគុណព្រះជាម្ចាស់ ទោះយើង​មិនបានស្រឡាញ់ព្រះអង្គ យើងមើលព្រះអង្គមិនឃើញ ប៉ុន្តែព្រះជាម្ចាស់នៅតែស្រ​ឡា​ញ់​​​យើង ហើយគង់នៅជាមួយយើងគ្រប់គ្នារាល់ពេលវេលាទាំងអស់។ តាមបទពិសោធផ្ទាល់ខ្លួន ខ្ញុំមិនអាចនិយាយបានថា អ្វីដែលខ្ញុំបានធ្វើវាងាយស្រួល ប៉ុន្តែបើមានឱកាស ឬក៏មានការជួយលើកទឹកចិត្តគ្នារវាងមិត្តភ័ក្ក ឬមនុស្សជុំវិញខ្លួននោះជារឿងប្រសើរ នឹងត្រូវចេះសម្លឹងមើលអ្វីៗដែលមាននៅជុំវិញខ្លួនថាអ្នកដទៃ អ្នកខ្លះគេពិបាកជាងយើងទៅទៀត។

ពេលខ្លះយើងចូលចិត្តអ្វីដែលនៅខ្ពស់ជាងខ្លួន ដែលនាំឲ្យយើងធ្លាក់ទឹកចិត្តពិបាកក្នុងការទៅមុខបន្ត ប៉ុន្តែអ្វីដែលជាមេរៀនសម្រាប់ខ្ញុំជាគ្រីស្តបរិស័ទ ហើយតែងតែផ្តល់កំលាំងចិត្តឲ្យខ្ញុំ គឺខ្ញុំមានព្រះជាម្ចាស់ចាំលើកទឹកចិត្ត ខ្ញុំមានសំណាងជាងបងប្អូនដែលអត់មានព្រះជាម្ចាស់គង់នៅជាមួយ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail