ប្រធានបទ៖ព្រះជាម្ចាស់បានធ្វើការអស្ចារ្យឲ្យខ្ញុំបានឃើញក្នុងជីវិតខ្ញុំ ជំរុញឲ្យខ្ញុំបន្តបេសកកម្មនេះ!
ផ្តល់សក្ខីភាពដោយ៖ អ្នកស្រី ម៉ែន ថារី គ្រីស្តបរិស័ទព្រះសហគមន៍អំពៅព្រៃ (ភូមិភាគភ្នំពេញ)
គ្រីស្ត.ម៉ែន ថារី៖ សម្រាប់ជីវិតខ្ញុំផ្ទាល់ក្នុងជំនឿ ជឿលើព្រះយេស៊ូគ្រីស្ត ខ្ញុំទទួលបានមេរៀន និងការអស្ចារ្យជាច្រើន! យើងជាមនុស្សទន់ខ្សោយតែងតែជួបការលំបាក ឬក៏បញ្ហាមិនចេះចប់នោះទេ។ ជាក់ស្តែងខ្ញុំផ្ទាល់បានជួបនិងបញ្ហា ហើយខ្ញុំបានព្យាយាមអធិដ្ឋានទូលអង្វរព្រះជាម្ចាស់! ចំពោះការទូលអង្វរ ឬការអធិដ្ឋាននេះ ព្រះវិញ្ញាណបានបំភ្លឺខ្ញុំឲ្យជឿថាព្រះជាម្ចាស់បានគង់នៅជាមួយគ្រប់ពេល ហើយតែងតែផ្ទៀងស្តាប់រាល់ការទូលអង្វររបស់ខ្ញុំជានិច្ច។
ដោយសារមានព្រះវិញ្ញាណជួយបំភ្លឺ បានជំរុញឲ្យខ្ញុំបានបំពេញកិច្ចមនុស្សធម៌ជាច្រើនជាមួយបងប្អូននៅជុំវិញខ្លួនជាប្រចាំ។ ការបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកក្រីក្រលំបាក ដោយចែករំលែកជាទឹកចិត្ត ជាសម្ភារៈ តាមដែលអាចធ្វើបាន នឹងដោយអំណរសប្បាយជានិច្ច។ ខ្ញុំផ្ទាល់បានមើលឃើញពន្លឺចែងចាំងពីព្រះជាម្ចាស់ ពីក្នុងខ្លួនបងប្អូនទាំងនោះ ដែលរំលឹកឲ្យយើងគ្រប់គ្នាដឹងថា មនុស្សទាំងអស់សុទ្ធតែមានតម្លៃរៀងៗខ្លួន មនុស្សគ្រប់រូបជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។
យើងជាមនុស្សសាមញ្ញ ជាមនុស្សទន់ខ្សោយ យើងគ្មានសិទ្ធកាត់ក្តី ឬវិនិច្ឆ័យអ្នកណាល្អ អ្នកណាអាក្រក់នោះឡើយ កិច្ចការនេះមានតែព្រះជាម្ចាស់ទេ ដែលអាចធ្វើបាន និងមិនលំអៀងទៅខាងណាមួយឡើយ។ យើងជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត ពេលណាយើងបង្ហាញសេចក្តីស្រឡាញ់ គឺកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណ ហើយយើងធើ្វវាដោយអស់ពីចិត្តគំនិតតែម្តង។ គ្រប់កិច្ចដែលបានបំពេញកន្លងមក វាកើតចេញពីចិត្តរបស់យើងផ្ទាល់ខ្លួន។
អ្វីកាន់តែពិសេស គឺកំលាំងដែលបានមកពីព្រះជាម្ចាស់ ជំរុញពីខាងក្នុង ឲ្យយើងមានកំលាំងចិត្ត និងខិតខំធ្វើ ខិតខំបំពេញបេសកកម្មនោះក្នុងនាមព្រះជាម្ចាស់។ បងប្អូន! ការអធិដ្ឋានបានជួយជំរុញឲ្យខ្ញុំមានកំលាំងចិត្តកាន់តែខ្លាំង! ហេតុនេះបានជាខ្ញុំតែងតែខិតខំអធិដ្ឋានសម្រាប់ខ្លួនឯង គ្រួសារ និងបងប្អូនផ្សេងទៀតនៅក្នុងសង្គមទាំងមូល ជាពិសេសពេលមានទុក្ខកង្វល់ ឬការលំបាកផ្សេងៗជាដើម។ គ្រប់ពេលដែលខ្ញុំអធិដ្ឋាន តែងទទួលបានកំលាំងថ្មី ទទួលបានអារម្មណ៍ល្អ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត។ អាមែន
ដោយ ឆាក លាំង