ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន ២១,២០-២៤អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ព្រះយេស៊ូប្រសូតមកក្នុងលោកនេះបានចាប់កំណើតជាមនុស្ស គង់នៅជាមួយយើងធ្វើឱ្យជីវិតរបស់យើង ជាពិសេសព្រះសហគមន៍មានអំណរសប្បាយ។ ក្រោយបុណ្យព្រះយេស៊ូប្រសូត យើងបានចាប់អារម្មណ៍ និងបានឃើញថា នៅថ្ងៃទី២៦ យើងបានគោរពមរណសាក្សីដំបូងជាសន្តស្តេហ្វាន ដែលត្រូវគេធ្វើឃាត ជាសាវ័កដែលព្រះយេស៊ូស្រឡាញ់។
សន្តយ៉ូហាន គ្រីស្តទូតដែលព្រះយេស៊ូស្រឡាញ់ បានធ្វើ បានរៀបរាប់ បានធ្វើសក្ខីភាពអំពីព្រះយេស៊ូ ដែលលោកបាននិពន្ធគម្ពីរដំណឹងល្អ លោកបាននិពន្ធគម្ពីរវិវរណៈ ហើយអ្វីៗជាច្រើនដែលលោកបានចែករំលែក តាមដំណឹងល្អរបស់លោក ដែលអ្នកនិពន្ធផ្សេងៗដូចជា លោកម៉ាកុស លោកលូកា និងលោកម៉ាថាយ អត់មាន តែនៅក្នុងលោកយ៉ូហាន ដែលព្រះយេស៊ូស្រឡាញ់នេះ ខ្ញុំលើកគម្ពីរមួយចំនួន៖ ចាប់ផ្ដើមពីអ្នកពិការពីកំណើត ចាប់ផ្ដើមពីព្រះយេស៊ូបានសួរលោកសិលា ដល់ទៅ ៣ ដង តើស្រឡាញ់ខ្ញុំអត់?
សំណួរនេះធ្វើឱ្យលោកសិលាភ័យអរ ហើយក៏ឆ្លើយថា លោកជ្រាបស្រាប់ហើយ ខ្ញុំស្រឡាញ់លោក និងព្រះយេស៊ូប្រទានឱ្យលោកសិលា មើលថែទាំហ្វូងចៀមរបស់ព្រះអង្គ មានព្រះបន្ទូលដំណឹងល្អទៀតដែលព្រះយេស៊ូចាប់ត្រីបាន ១៥៣ ត្រីធំៗ ដែលពួកសាវ័កជួបជុំគ្នា និងកិច្ចការអស្ចារ្យនេះព្រះយេស៊ូក៏បានប្រោសឡាសារឱ្យមានជីវិតថ្មីឡើងវិញដែរ។
មានអត្ថបទមួយដែលព្រះយេស៊ូលានៅចុងក្រោយ គឺព្រះយេស៊ូលាសាវ័ក និងមានសក្ខីភាព និងអត្ថបទគម្ពីរជាច្រើនទៀត។ សេចក្តីទាំងអស់នេះ លោកយ៉ូហានយកចិត្តទុកដាក់ ដើម្បីឲ្យឃើញវត្តមានរបស់ព្រះយេស៊ូពិតៗនៅក្នុងលោកនេះ ព្រះអង្គបានមកក្នុងលោកនេះ បានប្រសូតជាមនុស្ស គង់នៅជាមួយមនុស្ស ព្រះអង្គមកដើម្បីស្រឡាញ់មនុស្សលោក អត់មានការវិនិច្ឆ័យដាក់ទោសមនុស្សលោកទេ តែព្រះអង្គធ្វើឱ្យមនុស្សយើងមានតម្លៃ។
លោកយ៉ូហានបានចែករំលែកនូវសេចក្តីស្រឡាញ់ដែលព្រះយេស៊ូមានតាមរយៈក្រុមគ្រីស្តទូត និងសាវ័ក តាមរយៈកិច្ចការរបស់ព្រះសហគមន៍ទាំងអស់ សឱ្យឃើញថា ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ស្រឡាញ់មនុស្សលោក ទោះបីខ្ញុំ ឬបងប្អូនលាចាកលោកនេះ ប៉ុន្តែ! សេចក្តីស្រឡាញ់ធម្មមេត្តាករុណារបស់ព្រះជាម្ចាស់ បានធ្វើដំណើរជាមួយយើងក្នុងលោកនេះ ហើយបន្តដំណើរជាមួយព្រះគ្រីស្តអស់កាលជាអង្វែងតរៀងទៅ។
ដូច្នេះជីវិតរបស់យើងនឹងជាប់នឹងស្ថិតស្ថេរ ជាមួយព្រះគ្រីស្តគ្រប់ពេលវេលា។ សូមឱ្យថ្ងៃគោរពសន្តយ៉ូហានដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ ជួយយើងម្នាក់ៗ ដើម្បីឱ្យយើងម្នាក់ៗមើលព្រះជាម្ចាស់ឱ្យយើងម្នាក់ៗស្រឡាញ់ព្រះជាម្ចាស់ដូចព្រះអង្គបានស្រឡាញ់យើង។ ខ្ញុំសូមជូនពរ សូមសេចក្តីសុខសាន្ត សូមឱ្យឆ្នាំថ្មីដែលនឹងមកខាងមុខនេះ ធ្វើឱ្យជីវិតរបស់យើងមានអត្ថន័យថ្មី ទោះបីយើងជាអ្នកទន់ខ្សោយ ជាអ្នកបាប ប៉ុន្តែយើងមានព្រះជាម្ចាស់ដែលស្រឡាញ់យើង មានព្រះយេស៊ូដែលគង់ជាមួយយើង និងថែរក្សាយើង ហើយសូមឱ្យយើងគោរពស្រឡាញ់ដូចព្រះអង្គបានស្រឡាញ់យើងជានិច្ចដែរ។ អាមែន៕