ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១១,១-៤៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃទី៥ ក្នុងរដូវ៤០ថ្ងៃ ជិតដល់បុណ្យចម្លងហើយ។ នៅពេលនេះយើងឃើញព្រះយេស៊ូ កំពុងធ្វើដំណើរ កាន់តែជិតទីក្រុងយេរូសាឡឹម ហើយថ្ងៃនេះ យើងឃើញមនុស្សជាច្រើនស្អប់ព្រះយេស៊ូកាន់តែខ្លាំងឡើងៗ។
ព្រះយេស៊ូទ្រង់សម្ដែងសេចក្ដីស្រឡាញ់កាន់តែល្អទៅៗ ពិតជាអស្ចារ្យមែនទែន នៅពេលដែលមានមហាជនជាច្រើន រិះគន់ ប្រមាថព្រះនាមព្រះអង្គ ព្រះអង្គទ្រង់ស្រឡាញ់យើង មិនមែនគ្រាន់តែល្អត្រឹមបបូរមាត់ ប៉ុន្តែព្រះអង្គស្រឡាញ់យើង ដោយហ៊ានទៅជួបមិត្តភក្តិដែលជិតស្លាប់។
លោកឡាសារ ដែលជាមិត្តសម្លាញ់របស់ព្រះយេស៊ូ លោកទើបតែទទួលមរណភាព នៅភូមិមួយឈ្មោះបេថានី ដែលជាប្រមាណប៉ុន្មានគីឡូ ពីទីក្រុងយេរូសាឡឹម។ ព្រះអង្គទ្រង់ឮថា នៅទីក្រុងយេរូសាឡឹម គេចាប់ផ្ដើមរិះគន់ ហើយបង្កើតល្បិច ដើម្បីចាប់ព្រះយេស៊ូ ប៉ុន្តែព្រះអង្គមិនដែលភ័យខ្លាចទេ ដោយសារមិត្តភាព ចំពោះលោកឡាសារ ព្រះអង្គហ៊ានធ្វើដំណើរទៅជួបលោក ហើយជួបបងស្រីទាំងពីរ នាងម៉ារី និងនាងម៉ាថា ដែលកំពុងយំសោកសង្រេង ដោយសារបងរបស់គេ ទើបទទួលមរណភាព។
នៅពេលនោះ អ្វីដែលធើ្វឲ្យខ្ញុំចាប់អារម្មណ៍និងងឿងឆ្ងល់ ហេតុអ្វីបានជាមហាជនជាច្រើន ស្អប់ព្រះយេស៊ូ នៅពេលដែលព្រះអង្គ ចេះតែស្រឡាញ់យើង? ហេតុអ្វីបានជាមនុស្ស ស្អប់គ្រីស្តសាសនា សូម្បីតែនៅជុំវិញយើង ធ្លាប់ឃើញគេរិះគន់ គេស្អប់ គេធ្វើបាបយើង នៅប្រទេសជាច្រើនប៉ុន្តែ អរគុណព្រះជាម្ចាស់ នៅប្រទេសខ្មែរមានសេរីភាព មិនដូចប្រទេសផ្សេងៗ នៅប្រទេសជិតខាង ធ្លាប់ឃើញមានការបៀតបៀន មានការរិះគន់ មានការធ្វើបាប។
ហេតុអ្វីបានជាបងប្អូនចង់ធើ្វបាបអ្នកដែលស្រឡាញ់គេ? ដោយសារពេលខ្លះ សេរីភាពរបស់គ្រីស្តបរិស័ទ ផ្ទុយនឹងគំនិត ដែលយើងឃើញក្នុងលោកនេះ។ ព្រះយេស៊ូ ព្រះអង្គយាងមក មិនមែនដើម្បីបំផ្លាញលោកនេះទេ ប៉ុន្តែដើម្បីប្រោសលោកា។ ហើយមនុស្សដែលកាន់អំណាចទាំងឡាយ ត្រូវតែភ័យខ្លាច ដោយសារសេរីភាព ដែលយើងទទួលពីព្រះយេស៊ូគ្រីស្ត។ ព្រះយេស៊ូមិនបង្ខំនរណា ឱ្យទៅតាមព្រះអង្គទេ ប៉ុន្តែសេចក្ដីស្រឡាញ់នេះ ធ្វើឱ្យមហាជនជាច្រើន ចង់ស្ដាប់ ចង់ទៅ ចង់អនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គដែរ។
លោកឡាសារ ស្រឡាញ់ព្រះយេស៊ូខ្លាំងណាស់ ហើយក្លាយជាមិត្តសម្លាញ់របស់ព្រះអង្គ។ លោកអត់ដែលគិតរឿងផ្សេងៗ ទៅទីក្រុងយេរូសាឡឹម ធ្វើឱ្យមហាបូជាចារ្យ ស្អប់គាត់ដែរ។ ហើយនៅពេលនោះ សេចក្ដីស្រឡាញ់ ដែលព្រះយេស៊ូមាន សម្រាប់លោកឡាសារ ជាឱកាសមួយ ដើម្បីបង្ហាញពីអំណាចនៃមិត្តភាព ដែលធ្វើឱ្យយើងរស់ឡើងវិញ។ ដោយសារព្រះអង្គស្រឡាញ់យើង ព្រះអង្គនឹងប្រទានជីវិតថ្មីឱ្យយើង មិនមែនតែដូចលោកឡាសារ ដែលគាត់មានជីវិតរស់ឡើងវិញតែមួយរយៈ ប៉ុន្តែយើងនឹងមានជីវិតអស់កល្បជានិច្ច ដោយសារព្រះអង្គស្រឡាញ់យើងយ៉ាងណា ព្រះអង្គក៏គាប់ព្រះហឫទ័យ គង់នៅជាមួយយើង អស់កល្បជានិច្ចតរៀងទៅ។
ឋានសួគ៌គឺជាអ្វី? សម្រាប់យើងជាគ្រីស្តបរិស័ទ មិនមែនជាកន្លែងដែលយើងអផ្សុកទេ ជាកន្លែងមួយ ដែលយើងនៅជាមួយមិត្តសម្លាញ់របស់យើងតរៀងទៅ។ ដូច្នេះបងប្អូន ក្នុងអាទិត្យថ្ងៃនេះ សូមបងប្អូនរិះគិតពិចារណា តើបងប្អូនមានមិត្តភក្តិ ជាគ្រីស្តបរិស័ទឬអត់? សូមបងប្អូនថ្លែងអំណរព្រះគុណ ដល់ព្រះជាម្ចាស់ ហើយសូមបងប្អូនជួយឱ្យមិត្តភក្តិ នៅជុំវិញបងប្អូន ស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្ត ដែលព្រះអង្គទ្រង់បង្រៀនឱ្យយើង ចេះស្រឡាញ់គ្នាទៅវិញទៅមក តាមរបៀបត្រឹមត្រូវ តាមរបៀបជាមិត្តភក្តិ ក្នុងអង្គព្រះយេស៊ូគ្រីស្ត។
នេះគឺជាគំនិតមួយ សម្រាប់ថ្ងៃអាទិត្យនេះ ប្រហែលសម្រាប់បុណ្យចម្លង យើងហ៊ានហៅមិត្តភក្តិរបស់យើង ចូលរួមពិធីបុណ្យនានា ឱ្យពួកគេចាប់ផ្ដើមមានបទពិសោធន៍នេះ បទពិសោធន៍នៃព្រះវត្តមានរបស់ព្រះអង្គ ឱ្យពួកគេចាប់ផ្ដើមយល់ ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលទ្រង់បានស្រឡាញ់យើងយ៉ាងណា ព្រះអង្គក៏ប្រទានព្រះបុត្រាព្រះអង្គ យាងមកលើផែនដី សោយទុក្ខលំបាក សោយទីវង្គតលើព្រះឈើឆ្កាង ដោយសារអំពើបាបរបស់យើង និងមានព្រះជន្មរស់ឡើងវិញ ឱ្យយើងគង់នៅជាមួយព្រះអង្គ ហើយព្រះអង្គទ្រង់គង់នៅជាមួយយើង អស់កល្បជានិច្ចតរៀងទៅ។