ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ២១,១៥-១៩ អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបានសួរទៅលោកស៊ីម៉ូន-សិលា ថា៖ «ស៊ីម៉ូន ជាកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លើកទីមួយ លោកសិលាឆ្លើយថា «បាទ ខ្ញុំស្រឡាញ់ព្រះអង្គ»។ លើកទីពីរ ព្រះអង្គសួរទៀតថា «តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកសិលាក៏ឆ្លើយថា «បាទ ព្រះករុណាវិសេស ខ្ញុំស្រឡាញ់ព្រះអង្គ»។ លុះដល់លើកទីបី ព្រះអង្គនៅតែសួរដដែលថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។
ពេលនោះ លោកសិលាមានការព្រួយចិត្តនិងឆ្ងល់ថា ហេតុអ្វីបានជាព្រះយេស៊ូសួរលោកដដែលៗដល់ទៅបីលើកបែបនេះ។ លោកសិលាក៏ចាប់ផ្ដើមនឹកឃើញកាលពីមុន ដែលលោកធ្លាប់អះអាងថាលោកស្រឡាញ់ព្រះអង្គណាស់ ប៉ុន្តែក្រោយមកលោកបែរជារត់ចោល និងប្រកែកមិនស្គាល់ព្រះអង្គដល់ទៅ ៣ លើកទៅវិញ ដែលយើងតែងហៅថាលោកក្បត់ព្រះយេស៊ូនោះ។
ទោះជាយ៉ាងណា ក្នុងថ្ងៃនេះ ព្រះយេស៊ូបានសួរបញ្ជាក់លោកសារជាថ្មី។ ទោះបីជាព្រះអង្គជ្រាបច្បាស់អំពីភាពទន់ខ្សោយរបស់លោកសិលាក្ដី ក៏ព្រះយេស៊ូនៅតែប្រទានតួនាទីនិងកិត្តិយសដល់លោក ឱ្យក្លាយជាអ្នកដឹកនាំព្រះសហគមន៍ និងជាអ្នកដឹកនាំក្រុមគ្រីស្តទូតទាំងអស់។ ព្រះអង្គបានប្រគល់ភារកិច្ចឱ្យលោកធ្វើជាអ្នកគង្វាលថែរក្សាដល់ពួកគេ។
តាមរយៈអត្ថបទនេះ ខ្ញុំចង់ចែករំលែកជាមួយបងប្អូនអំពី «សេចក្ដីស្រឡាញ់»។ តើអ្វីទៅជាសេចក្ដីស្រឡាញ់? តើយើងរៀនស្រឡាញ់តាមរបៀបណា? តើយើងគ្រាន់តែនិយាយថាស្រឡាញ់ ប៉ុន្តែបែរជាក្បត់ព្រះអង្គដូចលោកសិលាកាលពីមុន ឬមួយក៏យើងស្រឡាញ់ដោយស្ម័គ្រចិត្តលះបង់ជីវិតដើម្បីអ្នកដទៃ? តើយើងស្រឡាញ់ខ្លួនឯងដែរឬទេ? តើយើងស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដដែរឬទេ?
នៅក្នុងសង្គមបច្ចុប្បន្ន យើងសង្កេតឃើញថា មានមនុស្សជាច្រើនកំពុងខ្វះខាតសេចក្ដីស្រឡាញ់ ទាំងអ្នកមាននិងអ្នកក្រ។ មនុស្សមួយចំនួនទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ប្រសិនបើខ្វះសេចក្ដីស្រឡាញ់ ពួកគេក៏គ្មានសុភមង្គលពិតប្រាកដដែរ។ ផ្ទុយទៅវិញ ចំពោះអ្នកក្រីក្រ ទោះបីជាពួកគេខ្វះខាតខាងសម្ភារៈយ៉ាងណាក្ដី ប្រសិនបើក្នុងគ្រួសារមានសេចក្ដីស្រឡាញ់ នោះជីវិតខាងវិញ្ញាណរបស់ពួកគេនឹងពោរពេញទៅដោយសុភមង្គល។ កាលណាយើងមានសេចក្ដីស្រឡាញ់ យើងនឹងចេះអត់ទោសឱ្យគ្នា លើកទឹកចិត្តគ្នា និងចេះបម្រើគ្នាទៅវិញទៅមកនៅក្នុងក្រុមគ្រួសារនិងសង្គម។
ហេតុនេះ ខ្ញុំបាទជាបូជាចារ្យ (លោកឪពុក បូរី) សូមទូលអង្វរព្រះជាម្ចាស់ សូមឱ្យសង្គមជាតិនិងបងប្អូនជនរួមជាតិរបស់យើងចេះស្រឡាញ់គ្នា។ ពេលណាយើងចេះស្រឡាញ់ យើងនឹងចេះអត់ឱន លើកលែងទោស និងចេះជួយយកអាសាគ្នាទៅវិញទៅមក។ ជាពិសេស សូមកុំឱ្យយើងមានអំនួតតម្កើងខ្លួន ព្រោះការមានអំនួតនាំឱ្យយើងឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ផ្ទុយទៅវិញ ចូរយើងចេះបន្ទាបខ្លួន និងរៀនសូត្រពីអ្នកដទៃ។ ប្រសិនបើយើងចង់ឱ្យអ្នកដទៃកែប្រែ លុះត្រាតែយើងខ្លួនឯងកែប្រែជាមុនសិន។
សូមព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅជាមួយយើង ដើម្បីជួយការពារ ប្រទានកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាញាណ និងស្មារតីភ្លឺស្វាងដល់យើងទាំងអស់គ្នា ក្នុងការរស់នៅប្រកបដោយសេចក្ដីស្រឡាញ់។ អាម៉ែន៕
