ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១៦,១០-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

កំពង់សោមជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ដោយសារមានវត្តតែបីកន្លែង ព្រះវិហារកាតូលិកមានតែពីរ មាន​ដុនបូស្កូនិងសន្តមីកាអែល ប៉ុន្តែ! មានសាសនាមួយដែលកំពុងពេញនិយមបំផុតនៅទីនេះ នោះគឺ​សា​ស​​នាលុយ  «ព្រះលុយ» នោះជាព្រះថ្មីនៃទីក្រុងរបស់យើង។

ខ្ញុំឃើញថ្ងៃហ្នឹងនៅវត្តអត់សូវមានមនុស្ស នៅវិហារក៏ដូចគ្នា គេទៅភូមិវិញ ប៉ុន្តែនៅកាស៊ីណូពេញ​ពា​ស​​ដោយមនុស្ស គេកំពុងរកលុយតាមអនឡាញ។ ខ្ញុំឆ្ងល់តើអនាគតប្រទេសយើងទៅយ៉ាងណា បើ​សិន​យើង​ប្រែ​សាសនា ហើយទៅរកសាសនាមួយដែលជាសាសនាសម្ភារៈនិយម?

បើសិនអាទិភាពរបស់យើងគឺជាលុយ យើងវង្វេងផ្លូវហើយបងប្អូន!  ខ្ញុំនិយាយត្រង់! ខ្ញុំសូមនិយាយ​យ៉ាង​ច្បាស់ថា យើងត្រូវតែជ្រើសរើសផ្លូវដែលយើងទៅ ទៅរកផ្លូវព្រះ ឬទៅរកផ្លូវលុយ? នេះជារឿងដែល​យើង​ត្រូវ​តែជ្រើសរើស។

អត្ថបទព្រះគម្ពីរថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលច្បាស់លាស់ណាស់៖ "មនុស្សយើងមិនអាចបម្រើព្រះ​ទាំង​ពីរគឺព្រះនៃលុយ ព្រះនៃសម្ភារៈនិយម ឬព្រះជាម្ចាស់!" នេះជាជម្រើសរបស់យើង រដូវ​នេះ​ជា​រ​ដូវ​ភ្ជុំ​បិ​ណ្ឌ​ ជា​ឱកាស​ដើម្បីរំលឹកអតីតកាល ហើយនឹកដល់ពេលដែលប្រទេសខ្មែរមានសុខដុមរមនា។ ខ្ញុំ​ស​រ​សើ​​​រ​វប្បធម៌ខ្មែរ ជាពិសេសរដូវភ្ជុំបងប្អូនចែករំលែក ជួបជុំបាយម្ហូបល្អមែនទែន! ប្រទេស​​ខ្មែរ​ជួយគ្នា​ទៅ​វិញ​ទៅ​មក។

រដូវនេះជារដូវមួយដែលខ្ញុំស្រឡាញ់ជាងគេនៅប្រទេសខ្មែរ ជារដូវដែលសប្បាយជាងគេ មានការ​ជួយ​គ្នា​ទៅ​វិញទៅ​មកទាំងចាស់ទាំងក្មេង អង្គុយរួមតុ​​គ្នាហើយ​សប្បាយ នឹកដល់អតីតកាល ពេលដែល​យើង​នឹក​ដល់​ជីដូនជីតារបស់យើង ដែលបានចែកឋានទៅ ជា​ពេល​វេលា​ដើម្បីដឹងគុណ ហើយយើង​គិតពិចារណា​អំពី​បងប្អូនដែលឡើងទៅស្ថានបរមសុខ និង​ឋានរក។ យើងត្រូវតែសូមព្រះអម្ចាស់អាណិតមេត្តា ហើយ​អាណិ​តមេត្តាដល់យើង ឲ្យយើងកែប្រែចិត្តគំនិត។

កុំឲ្យយើងបម្រើព្រះទាំងពីរ គឺព្រះនៃសេចក្តីពិត ហើយព្រះនៃសម្ភារៈនិយម។ នៅពេលនេះ​សូមគិ​ត​ពិចារណា​ ប្រទេសខ្មែរពីមុនជាប្រទេសមួយដែលមានភាពសាមញ្ញមែនទែន បងប្អូននៅជាមួយគ្នាជា​កលក្ខណៈ​គ្រួសារ សាមញ្ញៗ។ នៅពេលខ្ញុំស្ដាប់រឿងពីមុនរបស់លោកតាប៉ង់សូ របស់លោកតាវីណេ នៅ​កំពង់​គោ ខ្ញុំគិតថាប្រទេសខ្មែរនោះល្អណាស់ ហើយសង្ឃឹមថាពេលអនាគត យើងចេះរក្សាវប្បធម៌ខ្មែរ ដែលជាវប្បធម៌មានសុខដុមរមនា និងសប្បុរសធម៌ជាវប្បធម៌មួយដែលល្អមែនទែន។

នៅពេលនេះយើងជាគ្រីស្តបរិស័ទ យើងត្រូវតែរួមចំណែកក្នុងរដូវនេះ យើងសប្បាយចិត្តនឹងពាក់​អា​វ​ស្អាត​ទៅវិហារទៅគោរពជីដូនជីតាវិញ្ញាណក្ខន្ធនៅចេតិយ ដែលមានធាតុរបស់អ្នកមានគុណ​ជាពេល​វេលា​ដើម្បី ដឹង​គុណ នឹងអរព្រះគុណព្រះអង្គ ហើយសូមឲ្យព្រះអម្ចាស់ជួយកែប្រែចិត្តគំនិតយើង កុំឲ្យ​យើង​ទៅ​តាម​ផ្លូវវង្វេង។ ផ្លូវវង្វេងគឺសម្ភារៈនិយម ដែលកំពុងបំផ្លាញសង្គមខ្មែរ ដែលធ្វើឲ្យយុវជនយុវនារីភ្លេចក្រុមគ្រួសារ ទៅ​លក់​ខ្លួន​ ទៅលេងអនឡាញ ទៅលេងហ្គេម ធ្វើមិនល្អគ្មានសីលធម៌ និងគុណធម៌។ ដូច្នះ​​ សូម​ឲ្យ​យើង​ផ្ដល់​តម្លៃដល់វប្បធម៌ខ្មែរ ផ្ដល់តម្លៃដល់ក្រុមគ្រួសាររបស់យើង ហើយ​ផ្ដល់​តម្លៃពិតប្រាកដដល់ព្រះអម្ចាស់ ដែលជាព្រះយ៉ាងពិតប្រាកដ ដែល​ជួយសង្គ្រោះ​យើង​ក្នុង​ព្រះ​នាម​ព្រះយេ​ស៊ូគ្រីស្ត។

សូមកុំ! បម្រើព្រះនៃលុយ ព្រះនោះនឹងធ្វើឲ្យយើងកើតមានសេចក្តីចង់បានរហូត មិនពេញចិត្ត​នេះមិន​ពេញ​ចិត្តនោះ សូមឲ្យយើងបម្រើព្រះជាម្ចាស់ដែលជួយសង្គ្រោះយើង ដែលជួយឲ្យប្រទេសខ្មែ​រមាន​សេច​ក្តី​​សុខសាន្ត ជួយឲ្យសង្គមយើងមានគ្រប់គ្រាន់ ជួយឲ្យប្រទេសខ្មែរជាទីមនោរម្យសម្រាប់​រស់​នៅ។

អរគុណព្រះអង្គសម្រាប់រដូវនេះ អរគុណព្រះអង្គសម្រាប់ថ្ងៃអាទិត្យ អរគុណព្រះអង្គសម្រាប់ជំនឿ ដែល​ជួយ​ឲ្យយើងទៅតាមផ្លូវត្រូវ។ សូមព្រះអម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕

 

Daily Program

Livesteam thumbnail