ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា២៤,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បាទបងប្អូនជាទីស្រឡាញ់! ខ្ញុំសង្ឃឹមថាបងប្អូននឹងបានចូលរួមនៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជួបជុំក្រុមគ្រួសារបងប្អូនទាំងអស់។ ឆ្នាំនេះពិសេសកម្មវិធីចូលឆ្នាំថ្មីនឹងកម្មវិធីបុណ្យចម្លងគឺជាពេលតែមួយ។ សេចក្តីទាំងអស់នេះធ្វើឱ្យយើងឃើញថា មានអំណរសប្បាយយ៉ាងបរិបូរណ៍ដែលជាព្រះពររបស់ព្រះជាម្ចាស់ដល់ការជួបជុំក្រុមគ្រួសារបងប្អូនព្រមទាំងធ្វើបុណ្យចម្លង។
មកដល់ថ្ងៃសៅរ៍ពិសិដ្ឋគឺជាថ្ងៃដែលព្រះសហគមន៍ធ្វើបុណ្យចម្លងនៅថ្ងៃសៅរ៍ពិសិដ្ឋនេះគឺយើងមានពិធីប្រារព្ធភ្លើងថ្មី ព្រះពរទឹក មានពិធីជ្រមុជទឹកដល់បេក្ខជនទូទាំងប្រទេសដែលមានបេក្ខជនដែលបានទទួលជំហានទីពីរកាលពីដើមអាទិត្យទីមួយនៃរដូវ៤០ថ្ងៃនោះបានធ្វើដំណើរមកដល់រាត្រីថ្ងៃសៅរ៍នេះ បងប្អូនទាំងអស់នឹងទទួលពិធីជ្រមុជទឹកកើតជាថ្មីនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធគឺជាព្រះវិញ្ញាញដែលឱ្យយើងធ្វើការប្រារព្ធកើតជាថ្មីដោយព្រះនាមបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ការកើតជាថ្មីនេះធ្វើឱ្យយើងទាំងអស់គ្នាមានអំណរសប្បាយមែនទែនធ្វើឱ្យយើងទទួលព្រះពរពីព្រះជាម្ចាស់ដោយព្រះយេស៊ូព្រះអង្គបានសោយទិវង្គត់ និងមានព្រះជន្មរស់ឡើងវិញធ្វើឱ្យយើងកើតជាថ្មីនៅក្នុងព្រះអម្ចាស់។ បងប្អូនជាទីស្រឡាញ់! បើព្រះយេស៊ូមិនបានសោយទិវង្គត់ នឹងមានព្រះជន្មថ្មីនោះទេ មានន័យថាជីវិតថ្មីរបស់យើងក៏មិនបានទទួលដែរ។
ព្រះយេស៊ូសុខចិត្តបូជាជីវិត ដើម្បីយើងបានទទួលជីវិតថ្មីព្រោះក្តីស្រឡាញ់ និងទទួលព្រះពរពីព្រះអង្គ ពិភពលោកទាំងមូលនៅថ្ងៃនេះប្រកាសសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយព្រះអង្គបានធ្វើឱ្យមនុស្សលោកបានកើតជាថ្មី។ ខ្ញុំពិតជាមានក្តីសោមន្សរីករាយមែនទែន ដែលព្រះសហគមន៍យើងបានទទួលបេក្ខជនថ្មីបានធ្វើពិធីជ្រមុជទឹកនៅក្នុងរាត្រីបុណ្យចម្លងនេះ ហើយយើងមានអំណរប្បាយមែនទែនដោយឃើញបេក្ខជន មនុស្សពេញវ័យ កុមារដែលបានទទួលពិធីជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងនេះធ្វើឱ្យជីវិតថ្មី ពន្លឺពីព្រះជាម្ចាស់តាមរយៈភ្លើងថ្មីដែលយើងបានអុចភ្លើងទៀនជ័យជាសិរីរុងរឿងបង្ហាញពីព្រះជន្មថ្មីរបស់ព្រះយេស៊ូ។
យើងទទួលព្រះពរលើទឹកដែលជ្រមុជ ទឹកឱ្យបងប្អូនកើតជាថ្មីនៅក្នុងជំនឿលើព្រះជាម្ចាស់។ ក្នុងឱកាសនៃបុណ្យចម្លងយ៉ាងឱឡារិត ជាបុណ្យកំពូលនៃជំនឿនៃគ្រីស្តសាសនាយើង អបអរសាទរបុណ្យចម្លង យើងជូនពរដល់បងប្អូនទាំងអស់ជាពិសេសដល់គ្រីស្តបរិស័ទទាំងអស់ និងបងប្អូនគ្រីស្តបរិស័ទថ្មីៗបានជីវិតថ្មីក្នុងព្រះជាម្ចាស់៕
Daily Program
