ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន (២,១-១១)បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

អាទិត្យនេះព្រះគម្ពីរដកស្រង់ពីសន្តយ៉ូហាន ២,១-១១ និយាយពី ​ព្រឹត្តការណ៍​​​ដែល​កើតឡើង​ដំបូងបំផុត​នៅ​ក្នុ​ង​បេសកកម្មរបស់ព្រះយេស៊ូ គឺ​ព្រះអង្គប្រែទឹកឱ្យក្លាយទៅជា​ស្រានៅក្នុ​ង​ពិធីអាពាហ៍ពិពាហ៍មួយនៅ​ភូមិ​កាណា។ ចំពោះលោកពុកពេលដែលអានអត្ថបទនេះ លោកពុកនឹកឃើញ​នៅពេល​ដែល​លោក​ពុក​ចូលបួសមុនដំបូងគេ! ម្តាយរបស់លោកពុកតែងតែប្រាប់លោកពុកថា ចូលបួ​សត្រូវការលុតដំខ្លួន លុត​ដំ​ចិត្ត ពេលដែលខ្ញុំឮពាក្យនេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តដែរ។ ប៉ុន្តែនៅពេលដែល​ខ្ញុំចាប់ផ្តើម​ចូល​បួស និងរស់នៅក្នុងជីវិតជាអ្នកបួសនៅ​ក្នុងជីវិតបម្រើ​ព្រះជាម្ចាស់ដូច​ព្រះយេស៊ូផ្ទាល់ព្រះអង្គ​បម្រើព្រះជា​ម្ចា​ស់​ដោយចាប់ផ្តើមបេសកកម្មរបស់ព្រះអង្គ។ ពេលដែលខ្ញុំចាប់ផ្តើមរិះគិតកាន់តែជ្រៅ ចិត្តខ្ញុំ ក៏​មា​ន​អំណរដូចគ្នា អំណរមួយដែលស្តែងចេញពីខាងក្នុងដួងចិត្តពិតៗ មិនមែនជាការសម្តែង ។

ហេតុអ្វីដែលលោកពុកយកចំណុចនេះមកនិយាយ? ខ្ញុំសុំលើកយកចំនុចមួយ ដែលភាគច្រើន​មើល​​ឃើញ គឺ​នៅពេលដែលគ្រីស្តបរិស័យើង ចាប់ផ្តើមបម្រើព្រះជាម្ចាស់ យើងត្រូវលះបង់ខ្លួន យើងត្រូវរងទុក្ខលំបាក យើងត្រូវគេ​មើល​ងាយ ត្រូវគេជិះជាន់ នឹងត្រូវគេធ្វើបាប ពេលនោះអ្វីដែលខ្ញុំឮ និងធ្លាប់ស្តាប់ គឺ មាន តែ ពាក្យមួយគត់ថា “សូមឲ្យយើងអត់ធ្មត់!” ប៉ុន្តែ! ចំពោះខ្ញុំ ពេលខ្ញុំរិះគិតចំណុចទាំងអស់នោះ ខ្ញុំ​គិត​ថា​ភាព​អត់​ទ្រាំតែមួយមុខគឺមិនពេញលក្ខណៈ និងគ្រប់គ្រាន់ឡើយ ប្រសិនមិនមាន “ក្តីស្រឡាញ់”! នោះ​សេចក្តី​អំណរសប្បាយនៅក្នុងការបំពេញកិច្ចការ ក៏មិនមានខ្លឹមសារអ្វីទាំងអស់។

មូលហេតុអ្វីលោកពុកយកបញ្ហានេះឡើង? ចំពោះលោកពុកពេល​ព្រះយេស៊ូចាប់ផ្តើមបេសកកម្មមុន​ដំបូង​បន្ទាប់ពីទទួលអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គប្រែទឹកឱ្យក្លាយទៅជាស្រា! ទឹកជាវត្ថុធម្មតាមួយ ប៉ុន្តែ​បើ​យើ​ង​​និយាយអំពីស្រា​ក្នុង​​ប្រពៃណី​របស់​ជនជាតិ​យូដា ​ស្រាជា​និមិត្តរូប​នៃ​ការធ្វើពិធី​បុណ្យអំណរ​សប្បាយ​នៃ​ការ​ជួប​ជុំគ្នា។ ចុះហេតុអី្វព្រះយេស៊ូ​ចាប់​ផ្តើមបេសកកម្មមុនដំបូងបំផុសរបស់ព្រះអង្គ ដោយប្រែទឹកឱ្យ​ទៅជា​ស្រា​ហើយមិនមែនក្នុងឱកាសធម្មតាទៀត ព្រះអង្គបាន​ប្រែទឹកឱ្យទៅជាស្រានៅ​ក្នុង​ឱកាសអាពាហ៍​ពិពាហ៍​ ចំពោះខ្ញុំនេះ​គឺ​ជានិមិត្តរូបមួយដែលរំលឹកយើងទាំងអស់គ្នា ផ្តើមគិតម្តងទៀត កាល​ណាយើង​ចូល​បម្រើ​ព្រះជា​ម្ចាស់ យើងដើរតាមព្រះជាម្ចាស់! កុំឱ្យយើងប្រាប់ថាគ្នាយើងថា ពេ​លយើង​ដើរតាមព្រះយេស៊ូ​យើង​ត្រូវ​រងទុក្ខលំបាក យើងត្រូវកាត់ចិត្ត និងត្រូវការអត់ធ្មត់! ច្បាស់ហើយទាំង​អស់​នោះ​តែងតែមាន ប៉ុន្តែ​កុំ​ភ្លេច​បន្ថែមផង គឺយើងចាប់ផ្តើមបេសកកម្មរបស់យើងជាមួយនិងអំណរសប្បាយ នឹង​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ។

នេះជាអ្វីមួយដែលអត្ថបទព្រះគម្ពីររំលឹកលោកពុក ​ព្រះយេស៊ូ​ដែលប្រែទឹកបៀបបានទៅនិងចិត្ត ឱ្យ​ទៅ​ជាស្រា គឺជានិមិត្តរូបនៃអំណរសប្បាយ​ដែលព្រះយេស៊ូចូលនៅក្នុងបេសកកម្ម​របស់ព្រះជាម្ចាស់។ ដូច្នេះ​នៅ​ក្នុងដំណើរជីវិតរបស់ព្រះយេស៊ូ រហូតដល់ព្រះយេស៊ូជាប់នៅលើឈើឆ្កាង​នឹង​ព្រះអង្គសោយទិវង្គត់ ហើយ​មានព្រះជន្មរស់ឡើងវិញដ៏រុងរឿងនេះគឺស្រា! ចាប់ផ្តើម​នៃការ​ចូល​រួម​នៅ​ក្នុងអំណរសប្បាយ។ ចំពោះខ្ញុំ យើងគួរតែបញ្ជាក់ឱ្យច្បាស់មិនមែនចូលបម្រើព្រះជាម្ចាស់ មិនមែន​ដើរ​តាម​ព្រះជា​ម្ចាស់​គឺ​នាំ​ឱ្យ​យើងរងទុក្ខលំបាកទេ នៅក្នុងបេសកកម្មដែលយើងធ្វើសុំឱ្យយើងទូល​អង្វរព្រះជាម្ចាស់​សុំឱ្យយើង​ធ្វើ​ដោយ​អំណរសប្បាយ និងសេចក្តីស្រឡាញ់ជាជាងធ្វើដោយការស៊ូទ្រាំ​ ប្រសិនបើ​យើង​ធ្វើដោយ​អំណ​រ​សប្បាយ និងសេចក្តីស្រឡាញ់នោះទុក្ខលំបាកទាំងនោះនឹងក្លាយ​ទៅជាព្រះពររបស់ព្រះជា​ម្ចាស់​សម្រាប់​យើងដែរ៕ អាមែន

 

Daily Program

Livesteam thumbnail