ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរលូកា ១៩,២២-២៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នេះគឺជាថ្ងៃបន្ទាប់ពីពិធីរោយផេះ កាលពីម្សិលមិញយើងបានប្រារព្ធពិធីរោយផេះ គឺយើងចាប់ផ្ដើមចូលក្នុងរដូវអប់រំពិសេស ព្រះសហគមន៍រំលឹកយើងថា យើងត្រូវតែលីឈើឆ្កាង រួមជាមួយព្រះយេស៊ូ។ ប្រសិនបើយើងជាសាវ័ករបស់ព្រះអង្គ យើងត្រូវតែសុខចិត្តរួមទុក្ខជាមួយព្រះយេស៊ូ។
មនុស្សជាច្រើនបានទទួលអគ្គសញ្ញាជ្រមុជទឹកពេលរដូវនេះ នៅពេលបុណ្យចម្លង ហើយប្រហែលជាអត្ថបទនេះរំលឹកយើងទាំងអស់គ្នាថា ប្រសិនបើយើងចង់ធ្វើជាគ្រីស្តបរិស័ទពិតប្រាកដ មិនមែនជា រឿងស្រួលប៉ុន្មានទេ។ យើងត្រូវតែសុខចិត្តលីឈើឆ្កាង មានន័យថា ទទួលទុក្ខលំបាកទាំងប៉ុន្មានរួមជាមួយព្រះយេស៊ូ ចែកទ្រព្យសម្បត្តិខ្លះៗ ចែកពេលវេលាជួយអ្នកដទៃ សួរសុខទុក្ខអ្នកជំងឺ ហើយផ្លាស់ប្ដូររបៀបរស់នៅ ដូចជាមិនសូវស្រួលប៉ុន្មាន ប៉ុន្តែ! ព្រះយេស៊ូរំលឹកយើងថា ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងទទួលបានជីវិតថ្មី សេរីភាព និងអំណរសប្បាយនៅពេលក្រោយ។
ដូច្នេះ កុំឲ្យយើងស្មានថាធ្វើជាគ្រីស្តបរិស័ទជាផ្លូវស្រួល ហើយយើងបានអ្វីៗទាំងអស់ពីព្រះសហគមន៍ ឬពីព្រះយេស៊ូ ប៉ុន្តែយើងត្រូវចែកខ្លួនឯង ថ្វាយខ្លួនឯងចំពោះព្រះជាម្ចាស់មុនសិន រួមទុក្ខជាមួយព្រះយេស៊ូមុននឹងទទួលបានអ្វីៗទាំងអស់។ យើងត្រូវតែខិតខំធ្វើអំពើល្អសម្រាប់អ្នកដទៃ ខិតខំអធិដ្ឋាន ពេលនោះយើងនឹងមានអំណរសប្បាយពិតប្រាកដ។ ប្រសិនបើយើងមិនខិតខំ យើងមិនតស៊ូ យើងមិនរួមទុក្ខជាមួយព្រះយេស៊ូ ជីវិតរបស់យើងអត់មានរសជាតិទេ អត់មានអ្វីពិសេស អត់មានអ្វីអស្ចារ្យ។
ដូច្នេះ សូមឲ្យយើងមានចិត្តក្លាហាន ហើយដើរតាមព្រះយេស៊ូ ឡើងភ្នំកាល់កូតា ភ្នំដែលព្រះយេស៊ូត្រូវគេឆ្កាង ដើម្បីទទួលបានជីវិតថ្មី រស់ឡើងវិញជាមួយព្រះយេស៊ូ៕