ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ២,១៣-១៧បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះយេស៊ូបានត្រាស់ហៅលោកលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ នេះជាអំណរសប្បាយមួយដែលយើងបានឃើញ! ព្រះយេស៊ូត្រាស់ហៅលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ បងប្អូនតាមដែលយើងបានឃើញ បានយល់អំពីជីវិតរបស់យើងនៅក្នុងសង្គមគេតែងតែជ្រើសរើសមនុស្សដែលល្អ រាប់រក រាប់អានគ្នា ប៉ុន្តែគេមិនសូវរាក់ទាក់ និងទទួលស្វាគមន៍មនុស្សដែលខិលខូច ឬក៏ក្រីក្រនោះទេ ផ្ទុយទៅវិញចំពោះព្រះយេស៊ូ ព្រះអង្គសព្វព្រះហឫទ័យមកជួបទាកទងរាក់ទាក់ទទួលទានអាហារជាមួយអ្នកក្រីក្រ ជាមួយជនដែលត្រូវគេមើលងាយ នឹងត្រូវគេបោះបង់ចោលពីសង្គម។
នេះជាសេចក្តីមួយដើម្បីជួយឱ្យយើងទាំងអស់គ្នាឃើញថា មនុស្សម្នាក់ៗមានតម្លៃនៅក្នុងព្រះហស្ថ នៅក្នុងនេត្រារបស់ព្រះជាម្ចាស់។ ថ្ងៃដែលព្រះយេស៊ូត្រាស់ហៅលោកលេវីឱ្យដើរតាមព្រះអង្គ ព្រះអង្គក៏បានត្រាស់ហៅយើងជាជនក្រីក្រ ជនមិនសូវមានចំណេះដឹង នឹងមិនសូវមានសមត្ថភាពឲ្យដើរតាមព្រះអង្គដូចគ្នា ត្បិតព្រះអង្គយាងមកដើម្បីជួយណែនាំយើង ជួយបំភ្លឺយើង ជួយរំដោះយើងឱ្យរួចពីបាប ជួយផ្តល់ឱកាសឱ្យយើងដើម្បីឱ្យយើងទាំងអស់គ្នា បានកែប្រែបានផ្លាស់ប្តូរជីវិតរបស់យើងពីភាពងងឹតរបស់យើងទៅរកពន្លឺ។
លេវីហៅថា ”ម៉ាថាយ” ដែលព្រះយេស៊ូបានត្រាស់ហៅនៅថ្ងៃនេះបាននាំឱ្យមនុស្សឯទៀតៗបានស្គាល់ព្រះយេស៊ូ!ពីអ្នកទារពន្ធ ក្លាយជាអ្នកនិពន្ធព្រះគម្ពីរទីពីរនៅក្នុងព្រះគម្ពីរដំណឹងល្អ។ ដូច្នេះខ្ញុំពិតជាមានអំណរសប្បាយរីករាយដើម្បីណែនាំឱ្យបងប្អូនឃើញថា ជីវិតរបស់យើងត្រូវបានព្រះយេស៊ូត្រាស់ហៅគ្រប់ៗរូប។ ខ្ញុំសូមជូនពរ និងសូមឱ្យបងប្អូនតាមរយៈលោកម៉ាថាយនៅថ្ងៃនេះអរព្រះគុណព្រះជាម្ចាស់ ហើយក៏សុំថ្វាយជីវិតរបស់យើងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យមករកយើង ត្រាស់ហៅយើងទៅជាសាវ័ករបស់ព្រះអង្គ។ អាម៉ែន៕
Daily Program
