ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១១,៤៧-៥៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីគោរពរាប់អាន! នៅថ្ងៃនេះ ប្រហែលជាអត្ថបទពិបាកស្តាប់បន្តិច ព្រះយេស៊ូស្រាយព្រះបន្ទូល ពួកខាងផារ៉ាស៊ី។ ហើយនឹងតាមរយៈពួកខាងផារ៉ាស៊ី ប្រហែលជាព្រះយេស៊ូស្តីបន្ទោសយើងម្យ៉ាងដែរ ដូចពួកខាងផារ៉ាស៊ី? ព្រោះអី? ពួកខាងផារ៉ាស៊ីគិតស្មានថាគេស្គាល់ព្រះជាម្ចាស់ ហើយហ្នឹង គេជួយណែនាំអ្នកដទៃ ហើយទៅតាមផ្លូវរបស់ព្រះជាម្ចាស់។
ប៉ុន្តែតាមពិតគេមិនស្គាល់ព្រះជាម្ចាស់ទេ! គេមិនខ្វល់អំពីព្រះជាម្ចាស់! គេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន គេប្រើព្រះជាម្ចាស់ គេប្រើសាសនាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ការបង្រៀនរបស់គេគ្មានតម្លៃ។ ផ្ទុយទៅវិញ ការបង្រៀនរបស់គេ នាំឲ្យអ្នកដទៃស្តាប់ហើយវង្វេង។ យើងត្រូវតែប្រយ័ត្នពេលខ្លះយើងត្រូវតែស្គាល់អ្វីដែលយើងបង្រៀនដល់អ្នកដទៃ និងត្រូវតែស្គាល់សាសនារបស់យើង មុននឹងប្រកាសដល់អ្នកដទៃ។ ស្គាល់ព្រះជាម្ចាស់ ស្គាល់ព្រះយេស៊ូ ស្វែងរក ស្វែងយល់ឲ្យបាន ដើម្បីជួយណែនាំអ្នកដទៃឲ្យបានត្រឹមត្រូវឲ្យបានល្អ។
ពួកខាងផារ៉ាស៊ីពិតជាវេទនាមែន តាមពិតគេមិនចង់ស្គាល់! ប្រហែលជាយើង យើងចង់ដែរ ខ្ញុំគិតថាបងប្អូនមានចិត្តល្អ ចង់ស្គាល់ ប៉ុន្តែពេលខ្លះយើងវង្វេងដែរ ព្រោះយើងមិនសូវស្វែងរក មិនសូវចាប់អារម្មណ៍។ ដូច្នេះ ឲ្យយើងកែខ្លួនទាំងអស់គ្នាកែខ្លួន ស្វែងរកដោយសិក្សាអំពីសាសនារបស់យើង ជាពិសេស ឲ្យយើងមានទំនាក់ទំនងពិតប្រាកដជាមួយព្រះជាម្ចាស់ក្នុងការអធិដ្ឋាន នឹងក្នុងការព្យាយាមស្តាប់ព្រះបន្ទូល គ្រាន់តែអានព្រះគម្ពីរដំណឹងល្អ ធ្វើឲ្យយើងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយយើងអាចជួយប្រកាសដល់អ្នកដទៃ ជាពិសេសណែនាំខ្លួនឯងឲ្យបានត្រឹមត្រូវល្អ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ដូច្នេះសូមបងប្អូនខិតខំស្វែងរកព្រះជាម្ចាស់ដើម្បីឲ្យមានជីវិតដ៏ល្អ ដើម្បីមានសុភមង្គល នឹងជួយណែនាំអ្នកដទៃតាមរបៀបត្រឹមត្រូវ៕
Daily Program
