ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៥,៤៣-៤៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា បងប្អូនធ្លាប់ឮព្រះយេស៊ូថាសូមឱ្យយើងស្រឡាញ់បងប្អូនឯទៀតៗ កុំឱ្យស្អប់ខ្មាំងសត្រូវរបស់ខ្លួន តាមព្រះបន្ទូលនេះជួយរំលឹកយើងដើម្បីឱ្យយើងដឹងថា យើងជាបងប្អូនគ្នានឹងគ្នា។ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះបិតា ហើយព្រះបិតាមិននៅឆ្ងាយពីយើងទេគឺព្រះអង្គគង់នៅជាមួយយើង។
ដូច្នេះហើយឱ្យយើងគោរពស្រឡាញ់បងប្អូន យើងដែលជារូបតំណាងរបស់ព្រះជាម្ចាស់! ខ្ញុំមានចំណាប់អារម្មណ៍មួយដើម្បីឱ្យបងប្អូនរិះគិត ព្រះជាម្ចាស់បានបង្កើតរូបកាយរស់យើង ហើយបង្កើតដោយសិរីភាព អ្វីដែលយើងខុសឆ្គងជាមួយគ្នានោះគឺពាក្យសម្តីរបស់យើង ឥរិយាបថ ទង្វើរបស់យើងដែលធ្វើឱ្យយើងធ្វើខុសចំពោះខ្លួនឯង និងចំពោះអ្នកដទៃ។ សេចក្តីនេះជួយឱ្យបងប្អូនពិនិត្យមើលខ្លួនឯងមុននឹងវិនិច្ឆ័យ ឬដាក់ទោសលើអ្នកដទៃ! ពេលយើងធ្វើការគោរពប្រណិបត្តិដល់បងប្អូនអ្នកដែលមិនចូលចិត្តយើងនេះមានន័យថាយើងសងគុណព្រះជាម្ចាស់ដោយយើងចេះគោរពស្រឡាញ់អ្នកដទៃ។
ទោះបីយើងពិបាកធ្វើសេចក្តីនេះ! ប៉ុន្តែសម្រាប់យើងជាបុត្រធីតាព្រះជាម្ចាស់អត់មានអ្វីដែលយើងធើ្វមិនកើតនោះទេ ក្នុងរដូវ៤០ថ្ងៃនេះចូរយើងអធិដ្ឋាន និងទូលអង្វរព្រះជាម្ចាស់ ដើម្បីឱ្យធម៌មេត្តារបស់ព្រះអង្គ ឱ្យពាក្យអធិដ្ឋានដែលព្រះយេស៊ូមានសម្រាប់យើងនៅលើឈើឆ្កាង សូមឲ្យពាក្យអង្វរដែលព្រះយេស៊ូមានទាំងនោះបានដល់ព្រះបិតា ឱព្រះបិតាអើយសុំលើកលែងទោសឱ្យគេផង ព្រោះគេមិនដឹងថាគេកំពុងតែធ្វើអ្វីទេ នេះជាពាក្យអធិដ្ឋានដែលព្រះជាម្ចាស់ទូលអង្វរសម្រាប់យើង នៅពេលដែលគេបានធ្វើគត់ព្រះអង្គនៅលើឈើឆ្កាង។
នៅរដូវ៤០ថ្ងៃនេះឱ្យយើងជាប់នឹងការអធិដ្ឋានដើម្បីឱ្យយើងអាចធ្វើទានចែករំលែកដល់បងប្អូន ឱ្យយើងចេះតបអ្វីដែលធ្វើឱ្យអ្នកដទៃឈឺចាប់ សូមព្រះជាម្ចាស់ និងព្រះវិញ្ញាណដ៏វិសុទ្ធណែនាំយើងបំភ្លឺយើង ដើម្បីរំដោះចិត្តរបស់យើង ដើម្បីឱ្យយើងមានចិត្តស្រឡាញ់ ចិត្តមេត្តា ចិត្តលើកលែងទោសដល់បងប្អូនឯទៀតៗនោះព្រះជាម្ចាស់នឹងគង់ជាមួយយើង។ អាម៉ែន៕
Daily Program
