ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៦,១២-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃដ៏ពិសេសនៃបុណ្យឱឡារិតនៃព្រះត្រៃឯក បងប្អូនធ្លាប់ឮពាក្យត្រៃឯកឬអត់? មានអត្ថន័យយ៉ាងម៉េច? ព្រះត្រៃឯកជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះមួយអង្គគត់ដែលជាព្រះជាម្ចាស់របស់យើង។
ព្រះជាម្ចាស់ដែលយើងស្គាល់តាមរយៈព្រះយេស៊ូគ្រីស្ត ព្រះបុត្រារបស់ព្រះអង្គដែលយាងមកលើផែនដីនេះ ដើម្បីបំភ្លឺចិត្តគំនិតរបស់យើងដើម្បីឱ្យយើងស្គាល់ព្រះជាម្ចាស់ផ្ទាល់ដែលព្រះអង្គសម្តែងនៅក្នុងអត្ថបទព្រះគម្ពីរឱ្យយើងឃើញច្បាស់់ថា ព្រះយេស៊ូមានព្រះបន្ទូលយ៉ាងពិសេសអំពីព្រះបិតា។ ព្រះបិតាដែលជាព្រះតែមួយជាមួយព្រះបុត្រា ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងមកដើម្បីបំភ្លឺចិត្តគំនិតរបស់យើង។
ប៉ុន្មានសតវត្សដែលយើងបានទទួលពាក្យនេះ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធដូចជាពិបាកយល់បន្តិច ប៉ុន្តែយើងអរគុណព្រះជាម្ចាស់។ នៅក្នុងប្រវិត្តិសាស្រ្តព្រះសហគមន៍កាតូលិកមានអ្នកដឹកនាំជាច្រើនដែលជាអ្នកបំភ្លឺនៃលទ្ធិសាសនាក្នុងការអប់រំ និងពន្យល់ឱ្យយើងយល់កាន់តែច្បាស់ ហើយនៅក្នុងសតវត្សទី៥នេះ គឺសន្តអូគូស្តាំង។ សន្តអូគូស្តាំងជាបូជាចារ្យមួយអង្គ និងជាលោកអភិបាលដែលគាត់ជួយពន្យល់យ៉ាងច្បាស់អំពីលទ្ធិសាសនារបស់យើងនៅក្នុងគ្រីស្តសាសនា។
គាត់បានប្រើពាក្យមួយគឺព្រះត្រៃឯក។ ដើម្បីជួយពន្យល់ថា ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធមិនមែនជាព្រះបីអង្គខុសគ្នាទេគឺយើងមានព្រះតែមួយអង្គគត់ ប៉ុន្តែជាព្រះបីអង្គនៅក្នុងក្តីស្រឡាញ់តែមួយ។ ព្រះត្រៃឯកបង្ហាញថា យើងជឿលើព្រះតែមួយ ប៉ុន្តែតាមរយៈព្រះយេស៊ូគ្រីស្ត ព្រះអង្គគឺជាព្រះប្រាជ្ញាញ្ញាណដែលយើងបានលឺនៅក្នុងអត្ថបទទី១ដែលមានអត្ថន័យយ៉ាងជ្រៀវជ្រៅដែលជួយឱ្យយើងយល់ថា ព្រះមិនមែនជាព្រះដែលយើងបង្កើតទេ មិនមែនជាការស្រមើស្រមៃរបស់យើង មិនមែនជាទស្សនៈដែលបង្កើតរឿងចម្លែកទេ ប៉ុន្តែជាព្រះដែលយើងទទួលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គតែម្តង។
ព្រះយេស៊ូគ្រីស្តព្រះបន្ទូលយ៉ាងណា យើងត្រូវតែមានជំនឿយ៉ាងនោះដែរ ព្រះយេស៊ូអប់រំយើងអំពីព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវតែយល់កាន់តែច្បាស់នៅពេលដែលយើងទទួលព្រះជាម្ចាស់ នៅពេលដែលយើងទទួលព្រះកាយរបស់ព្រះអង្គ យើងចូលនៅក្នុងព្រះជន្មរបស់ព្រះអង្គផ្ទាល់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
នេះមិនមែនជារឿងតែជារឿងតូចតាច តែជារឿងដ៏អស្ចារ្យនៅពេលដែលយើងទទួលព្រះយេស៊ូគ្រីស្តត្រឹមព្រះបន្ទូលរបស់ព្រះអង្គយើងចូលនៅក្នុងព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ នឹងភាពឯកភាពជាមួយព្រះត្រៃឯក។ ដូច្នេះបងប្អូនសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធដែលមានព្រះជន្មគង់នៅអស់កាលជាអង្វែងតរៀងទៅ។ អាម៉ែន អាលេឡូយ៉ា៕
Daily Program
