ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ៥,៣៣-៣៧)អត្ថាធិប្បាយគម្ពីរដោយ លោកបូជាចារ្យ អ៊ុន សុន

អត្ថបទគម្ពីរដំណឹងល្អថ្ងៃនេះ ក្រោយពីបុណ្យ៥០ថ្ងៃនៃព្រះវិញ្ញាណយាងមក គឺយើងចូលនៅរដូវធម្មតា។ ព្រះបន្ទូលថ្ងៃនេះគឺព្រះយេស៊ូចង់ឱ្យយើងទាំងអស់គ្នានិយាយ “សេចក្តីពិត” មានន័យថាឱ្យយើងចេះប្រើពាក្យសម្តីត្រង់ទៅត្រង់មក នេះជាចំណុចមួយសំខាន់ដើម្បីជួយឱ្យយើងទទួលស្គាល់ទំនាក់ទំនងល្អ។ ទំនាក់ទំនងល្អគឺជាការទទួលខុសត្រូវចំពោះពាក្យសម្តីរបស់យើង ព្រោះពាក្យសម្តីល្អនាំឱ្យអ្នកដទៃគោរពស្រឡាញ់ ដោយសារតែយើងចេះនិយាយការពិត។
យើងឃើញថាហេតុអ្វីបានជាមនុស្សខ្លាចក្នុងការនិយាយការពិត? និយាយការពិតដោយគ្រាន់តែដើម្បីការពារខ្លួន ឬមិនចង់និយាយការពិតដោយសារតែចង់ថែរក្សាការពារ! នេះក៏ជាហេតុផលមួយ ជូនកាលការនិយាយកុហស់ភូតភរ ឬលាក់បាំងការពិត នោះ!មកពីយើងគិតអំពីគ្រោះថ្នាក់។
ដើម្បីបញ្ជាក់ថា ជម្រៅចិត្តបងប្អូនម្នាក់ៗមានកង្វល់ខ្វល់ខ្វាយ មានកំហឹងនិងមានអ្វីមួយដែលធ្វើឱ្យយើងមិនទុកចិត្តខ្លួនឯងដែលនាំឱ្យពិបាក ដូច្នេះអ្វីដែលយើងបង្ហាញក៏គ្មានក្តីសុខ គ្មានអំណរសប្បាយ គ្មានស្ថិតស្ថេរដូចគ្នា! សេចក្តីនេះមកពីអ្វី? សេចក្តីនេះមកពីចិត្តរបស់យើង យើងមានសេចក្តីបីដែលត្រូវមើលនឹងរំដោះចេញ។ ទីមួយគឺទោសៈ ការខឹង ការស្អប់ឈ្នានីស ទីពីរមោហៈ ការនិយាយមិនពិត និងលោភៈអត់បង្ហាញសេចក្តីពិត ហើយចំណុចទាំងបីសូមបងប្អូនពិនិត្យមើលចិត្តរបស់ខ្លួន នឹងជំរះចិត្តគំនិតខ្លួន។
ថ្ងៃនេះយើងដឹងថាខ្លួនជាមនុស្សទន់ខ្សោយ ជាអ្នកមានបានទាំងពាក្យសម្តី នឹងទំនាក់ទំនងរបស់យើង! ពេលខ្លះយើងបានប្រព្រឹត្តរឿងមិនគម្បីក្នុងទំនាក់ទំនងជាមួយបងប្អូនព្រោះតែការល្បូង។ ប៉ុន្តែសូមបងប្អូនកុំខ្លាច! កុំភ័យ! សូមបងប្អូនអធិដ្ឋានទូលអង្វរព្រះជាម្ចាស់សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជួយបំភ្លឺ និងជួយណែនាំយើងដើម្បីបង្វេរចិត្តគំនិតរបស់យើងមករកព្រះជាម្ចាស់ នៅពេលយើងទទួលស្គាល់ថាខ្លួនបានធ្វើខុសជាមួយព្រះជាម្ចាស់ជាមួយបងប្អូន និងខ្លួនឯង។
សូមអធិដ្ឋានទូលអង្វរព្រះជាម្ចាស់! ដែលនេះគឺជាទំនាក់ទំនងមួយជួយឱ្យយើងចេះសន្ទនាជាមួយព្រះអង្គយ៉ាងជ្រៅដូចជាមិត្តភក្តិ ដូចជាមិត្តសម្លាញ់ដែលយើងទុកចិត្ត មិនមែនតែការនិយាយច្រើនដដែលៗអត់ប្រយោជន៍នោះទេ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺ ជួយណែនាំ នឹងប្រទានពរឱ្យយើងដើម្បីឱ្យយើងចេះនិយាយការពិត នឹងអាចចាកចេញពីអ្វីដែលនាំឱ្យយើងចាញ់ការល្បួង នាំឱ្យយើងធ្វើខុសពីព្រះហឫទ័យព្រះជាម្ចាស់៕
Daily Program
