ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៧,៧-១២) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បាទបងប្អូនជាទីស្រឡាញ់! យើងស្គាល់អត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តឱ្យសាវ័ករបស់ព្រះអង្គទូលអង្វរព្រះជាម្ចាស់។ ប្រហែលជាពេលខ្លះយើងមានអារម្មណ៍ថា ព្រះជាម្ចាស់មិនស្តាប់ពាក្យទូលអង្វររបស់យើង ដូចជាព្រះជាម្ចាស់ឃ្លាតឆ្ងាយពីយើងមិន សូវរវីរវល់នឹងការអធិដ្ឋានរបស់យើង តាម ពិតមិនមែនទេ ព្រះជាម្ចាស់តែងតែឮពាក្យទូលអង្វរប្រជារាស្រ្តរបស់ព្រះអង្គ។
ទ្រង់តែងតែស្តាប់នឹងឆ្លើយតបពាក្យទូលអង្វររបស់យើង ប៉ុន្តែពេលខ្លះប្រហែលជាយើងវិញទេដែលធើ្វជាមិនដឹង ឬមើលមិនឃើញការឆ្លើយតបរបស់ព្រះជាម្ចាស់ ត្បិតយើងតែមានផ្នត់គំនិតអវិជ្ជមាន ហើយខ្លួនយើងផ្ទាល់ក៏តែងរក្សាផ្នត់គំនិតនោះជាប់ ជាហេតុដែលធើ្វឲ្យភ្នែករបស់យើងមិនព្រមភ្លឺឡើង។
នៅក្នុងអត្ថបទដំណឹងល្អយើងឃើញថា ព្រះយេស៊ូលើកទឹកចិត្តឱ្យក្រុមសាវ័ក ដោយព្រះអង្គតែងមានព្រះបន្ទូលថា បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា សូមធើ្វទង្វើនោះចំពោះគេ! ចូលធ្វើសម្រាប់គេមានន័យថាប្រសិនបើយើងចង់ឱ្យព្រះជាម្ចាស់ឆ្លើយតបតាមបំណងចិត្តរបស់យើង យើងត្រូវតែធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺស្រឡាញ់អ្នកដទៃ យើងត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីស្រឡាញ់អ្នកដទៃ។ ពេលនោះយើងនឹងទៅជាមនុស្សដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នឹងឆ្លើយតប ប៉ុន្តែប្រសិនជាខ្ញុំធ្វើតាមចិត្តខ្លួនឯងមិនចង់ស្រឡាញ់អ្នកដទៃ នៅតែប្រកាន់ទោសរបស់គេ មិនព្រមលើកលែងទោសឱ្យគេឬធ្វើបាបគេ ទោះបីខ្ញុំទូលអង្វរព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃក៏ដោយច្បាស់ណាស់ព្រះជាម្ចាស់មិនធ្វើតាមបំណងរបស់ខ្ញុំទេ។
ដូច្នេះយើងត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវ និងព្យាយាមអ្វីដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់មុនពេលព្រះអង្គឆ្លើយតបមកខ្ញុំ។ អាទិត្យទីពីរនៃរដូវអប់រំពិសេសសុំបងប្អូនតស៊ូព្យាយាមទុកឱ្យព្រះយេស៊ូ ទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធណែនាំយើង គឺណែនាំយើងឱ្យស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃកាន់តែខ្លាំងឡើងៗ។
ជាគោលដៅសំខាន់នៃរដូវអប់រំពិសេសឱ្យយើងមានចិត្តទូលាយ មានសិរីភាពក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃនោះយើងនឹងមានសេចក្តីសុខសាន្តយ៉ាងពិតប្រាកដ។ អាមែន
Daily Program
