ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ១,១៤-២០បកស្រាយដោយ៖ លោកបូជាចារ្យ វី សំណាង

ថ្ងៃនេះជាថ្ងៃចន្ទបន្ទាប់ពីបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក យើងឃើញភ្លាមបន្ទាប់​ពីព្រះអង្គ​ទទួល​ពិធី​ជ្រមុជទឹកព្រះអង្គចាប់ផ្តើមបំពេញបេសកកម្មរបស់ព្រះអង្គក្នុងការប្រកាសដំណឹងល្អ ​ហើយនៅក្នុង​បេសក​កម្ម ព្រះអង្គក៏ចង់រកសហការីដើម្បីជួយព្រះអង្គក្នុងការបំពេញកិច្ចការនេះ។ យើងឃើញ​ព្រះអង្គ​ត្រាស់​ហៅ​សាវ័កដើមដំបូង គឺលោកស៊ីមន និងលោកអន់ត្រេ។ អ្វីដែលខ្ញុំចង់ចែកជា​មួយបង​ប្អូនមាន​កិរិយា​សព្ទ​ពីរ​នៅថ្ងៃនេះដែលគួរឱ្យចាប់អារម្មណ៍។

ទីមួយគឺ “អញ្ជើញមកតាមខ្ញុំ ហើយនឹងកែប្រែ​ចិត្តគំនិត” ​យើង​ឃើញ​ឥរិយាបទរបស់​លោក​ទាំង​ពីរ ​លោ​ក​អន់​ត្រេ និងលោកស៊ីមនពេលបានឮព្រះយេស៊ូ​ត្រាស់ហៅ! ​ពួក​គាត់​បោះ​បង់ការងារប្រចាំថ្ងៃ​របស់គាត់​ហើយ​ដើរតាមព្រះយេស៊ូ។  ចំពោះយើងទាំងអស់គ្នាដែលជាគ្រីស្តបរិស័ទ ​យើងជាសាវ័ករបស់ព្រះអង្គ​យើង​ត្រូវបានអញ្ជើញឱ្យដើរតាមព្រះយេស៊ូដែរ ក្នុងកា​រដើរតាម​ព្រះយេស៊ូ​នេះ​យើងគួរតែសួរខ្លួនឯងវិញថា តើខ្ញុំបានលះបង់អ្វីខ្លះហើយក្នុងនាមជាសាវ័ករបស់ព្រះអង្គ?

ពេលខ្លះ​យើង​នៅជាប់ជំពាក់​ជាមួយ​ទ្រព្យសម្បត្តិ ជាប់ជំពាក់នឹងអំណាចរបស់ខ្លួន ជាប់ជំពាក់នូវអ្វីដែល​យើង​ហៅ​ថាជា​អំណាចលោកិយ៍​ ដែលចងជើងយើងមិន​ឱ្យដើរតាមព្រះអង្គ។ ដូច្នេះពាក្យអញ្ជើញ​របស់​ព្រះយេស៊ូនៅតែបន្តត្រាស់ហៅយើងជារៀងរាល់ថ្ងៃ ហើយយើងក៏ត្រូវសួរខ្លួនយើងជារៀងរាល់ថ្ងៃថា តើ​ខ្ញុំ​បានលះបង់អ្វីខ្លះ? ដើម្បីឱ្យយើងក្លាយជាសាវ័កយ៉ាងពេញ​លេញរបស់ព្រះយេស៊ូនៅ​ក្នុងការ​ប្រកាស​ដំណឹងល្អ​របស់ព្រះអង្គទៅដល់បងប្អូនរបស់យើង?

សម្រាប់កិរិយាសព្ទទីពីរគឺ “ចូរកែប្រែចិត្តគំនិត” ដូច្នេះយើង​ជាសាវ័កដែលដើរតាមព្រះយេស៊ូពេលខ្លះ យើង ទទួលស្គាល់ថាយើងជឿលើព្រះអង្គ យើងទទួល​ស្គាល់ថា​ព្រះអង្គ​គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែល បាន​​យាងមក! យើងអធិដ្ឋានជាប្រចាំ យើងសូត្រផ្គាំ យើង​ចូល​រួមអភិបូជា យើងធ្វើបានល្អតាមអ្វីដែល​ព្រះសហគមន៍បានបង្រៀនយើង យើងបានធ្វើល្អ​ទៅ​តាម​មវិន័យរបស់ព្រះយេស៊ូ។

ប៉ុន្តែ!អ្វីដែល​យើង​ធ្វើ​នឹង ​​វាធ្វើតាមតែគំនិតរបស់យើងអត់​ទាន់បានជ្រៀប​ចូល​ក្នុ​ងចិត្តរបស់យើង ដូច្នេះ​យូរៗ​​ទៅធ្វើឱ្យយើងហាក់ដូចជាកាន់ជំនឿផ្ទាល់ខ្លួន យើងគិតថា​យើង​អត់​បានធ្វើអ្វីខុសផង ខ្ញុំបាន​កាន់​តាម​វិន័យ ខ្ញុំបានចូលរួមអភិបូជា ខ្ញុំបានអធិដ្ឋាន ហើយយើងគិតតែ​ពីខ្លួ​ន​ឯងជាពិសេសនៅក្នុងស្ថាន​ភាព​បច្ចុប្បន្នរបស់យើងដែលនៅក្នុងពិភពលោកសម្ភារៈនិយម! ម្នាក់ៗគិតតែពីផ្ទាល់ខ្លួន ​យើងអត់​បាន​ចាប់​អារម្មណ៍​អ្នកជិតខាង យូរៗ​ទៅយើង​គិត​ថា​ជារឿងធម្មតា ពាក្យអញ្ជើញ​របស់ព្រះយេស៊ូ​មិន​ត្រឹម​តែ​ឱ្យ​យើង​ជឿ​លើព្រះអង្គលើគំនិតតែប៉ុណ្ណឹង តែ​សុំឱ្យ​អ្វីដែលយើង​ជឿលើព្រះអង្គជ្រៀប​ចូលនៅក្នុ​ង​ចិត្តរបស់យើង។ ពេលដែលជំនឿជ្រៀបចូលនៅក្នុ​ងចិត្តរបស់​យើង ​ដូចសន្ត​ប៉ូល​ធ្លាប់មានប្រសាសន៍ថា “មិនមែ​ន​ខ្ញុំទៀត​ទេដែល​នៅ​រស់ ប៉ុន្តែ! ព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ” ។

ជីវិត​ និងជំនឿ​របស់​យើងមិ​នមែនជា​ជីវិត និងជំនឿ​ដែល​រស់​នៅសម្រាប់តែ​​ខ្លួនឯង ប៉ុន្តែ​ជា​កម្មសិទ្ន​ផ្ទាល់​របស់​ព្រះជាម្ចាស់។ ​ព្រះអង្គអាចប្រើយើងជាឧបករណ៍​ដើម្បីប្រកាស​ដំណឹង​ល្អទៅ​ដល់បងប្អូនរបស់យើង ពេល​ជំនឿ​ជ្រៀបក្នុងដួងចិត្តរបស់យើង យើងនឹង​ឃើញវ​ត្តមានរបស់ព្រះ​ជាម្ចាស់នៅក្នុងខ្លួនយើង និង​បងប្អូនរបស់យើង។ ពាក្យអញ្ជើញរបស់ព្រះយេស៊ូ​នៅ​តែបន្តអញ្ជើញយើងជារៀងរាល់ថ្ងៃ ហើយពាក្យកែ​ប្រែចិត្តគំនិតរបស់ព្រះអង្គនៅ​តែមាន ​ចំពោះ​យើងជារៀងរាល់ថ្ងៃ។

ចូរយើងសួរថាខ្លួនឯងថា យើងបានកែប្រែចិត្តគំនិតកំរឹតណាហើយ! ការកែប្រែចិត្ត​គំនិតនេះ​មិន​មែន​​ធើ្វ​​តែម្តង តែជាការកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃនៅក្នុងនាមជាសាវ័ករបស់ព្រះអង្គ នៅ​ក្នុង​នាមជា​អ្នក​ដែល​ដើរ​តាមព្រះអង្គ ដើម្បីរួមបេសកកម្មរបស់ព្រះអង្គដើម្បីប្រកាសដំណឹង​ល្អទៅដល់អស់​បង​​ប្អូន​ដែលមិន​ទាន់​ស្គាល់​ព្រះអង្គ៕

Daily Program

Livesteam thumbnail