ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៣,១៥-១៦.២១-២២បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

ថ្ងៃអាទិត្យនេះ​គឺជា​ថ្ងៃរំលឹកអំពីពេលវេលា​ដែលព្រះយេស៊ូទទួលពិធីជ្រមុជទឹក​ពីលោក​យ៉ូហាន។ អ្វីដែល​លោក​ពុកចង់ឱ្យយើងយល់និងត្រូវដឹងថា នៅពេលដែលយើង​ទទួលពិធីជ្រមុជ​ទឹកយើងទទួល​នូវ​អគ្គ​សញ្ញា​​​​នេះ តើយើងមានតួនាទីអ្វីខ្លះ? មិនថាយើងជាគ្រីស្តបរិស័ទ ជា​បូជាចារ្យឬទៅជាអ្វីទេ? ​ ប៉ុន្តែ​តួនា​ទី​ចម្បង​​​ដែ​ល​ជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតជាគ្រីស្តបរិស័ទតាម​ច្បាប់​ព្រះ​សហគមន៍ ដែលបង្រៀនទាំង​អស់​គ្នា នៅ​ពេលដែលយើងទទួល​ពិធីជ្រមុជទឹក​គឺ​យើងក្លាយទៅជាបូជាចារ្យ!។​

ប៉ុន្តែព្រះសហគមន៍បានបន្ថែមទៀតថា មិនមែន​គ្រាន់តែយើង​មានតួនាទីជា​បូជា​ចារ្យ​តាមព្រះគម្ពីរពីដើម​អ្នក​​ដែល​ទទួល​ពិធីជ្រមុជទឹក លាបព្រេងគឺទទួលនូវតួនាទីបីគឺទីមួយគឺជាបូជាចារ្យ ទីពីរគឺជាព្យាការី និង​ទី​បី​ជាព្រះមហាក្សត្រ។ ដូច្នេះអ្វីទៅជាបូជាចារ្យ? បូជាចារ្យគឺជាអ្ន​កដែលជួយសម្រ​បសម្រួល​រវាង​ព្រះជា​ម្ចាស់ និងមនុស្សលោក។ លោកបូជាចារ្យមានតួនាទីមួយគឺជាអ្នកសម្របសម្រួល និងបង្ហាញពី​ព្រះភក្ត្រ​​របស់​ព្រះជាម្ចាស់សម្រាប់គ្រីស្តបរិស័ទ និងអ្នកដទៃផ្សេងៗទៀត។

ដូច្នេះនៅពេលដែលយើងទទួលអគ្គសញ្ញាជាបូជាចារ្យក៏ដូចគ្នានៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ហើយពេលដែលយើងទទួលតួនាទីជាបូជាចារ្យនេះវាមានន័យថាអត់ខុសគ្នាប៉ុន្មានទេ គឺគ្រីស្តបរិស័ទ​យើងមានតួនាទីមួយគឺធ្វើជាអជ្ញាកណ្តាល យើងនាំដំណឹងល្អ យើងនាំអំណរសប្បាយពីព្រះជាម្ចាស់ យើង​នាំដំ​ណឹងនៃសេចក្តីសង្ឃឹមពីព្រះជាម្ចាស់ទៅកាន់អ្នកដទៃ ហើយយើងនាំពត៌មានផ្សេងៗ​អំពី​​អ្នក​ដែល​មិន​ស្គា​​ល់​​ព្រះជាម្ចាស់ (អ្នកដែលរស់នៅក្នុងបរិបទព្រះពុទ្ធសាសនា) ច្បាស់ហើយ​មាន​ប្រជាជន​ខ្មែ​រយើង​ដែល​រងទុ​ក្ខ​លំបាក​ត្រូវគេជិះជាន់ ត្រូវគេសង្កត់សង្កិន ធ្វើបាប មើលងាយ ត្រូវបានអ្នកដទៃមិន​​ឱ្យ​តម្លៃ​ ​​នេះ​ជាទុក្ខ​​លំបាករបស់ព្រះជារាស្រ្តរបស់ព្រះអង្គដែលយើងត្រូវយក​ថ្វាយ​ទៅ​ព្រះ​ជា​ម្ចាស់ នេះគឺជា​តួនាទី​របស់​យើង​គឺយើងថ្វាយសក្ការៈបូជា យើងធ្វើជាឈ្នាន់​ ធ្វើជាអាជ្ញាកណ្តាលរវាង​​មនុស្ស​លោកដទៃ​ផ្សេង​​ទៀត​​ជាមួយនឹងព្រះជាម្ចាស់។ តួនាទីនេះមិនមែនតែលោកពុក​តែប៉ុណ្ណឹង គឺ​ជា​តួនាទីរបស់គ្រីស្តបរិស័ទគ្រប់រូប! ព្រោះ​ពេលជ្រមុជទឹកយើង​ម្នាក់គឺបានក្លាយ​​ជាបូជាចារ្យ។

ទីពីរនៅពេលដែលយើងធ្វើជាព្យាការី! ជាព្យាការីយើង​ត្រូវដឹង​ថា​ពាក្យ “ព្យាការី” ​គឺមកពីពាក្យថាព្យាករណ៍ ហើយអ្វីដែលយើងព្យាករណ៍នឹងក្លាយជាការពិត។ ចុះតួនាទីព្យាការីមានអីខ្លះ? ​រាល់ថ្ងៃយើងនិយាយពី​សេចក្តី​ស្រឡាញ់ និយាយអំពីសេចក្តីមេត្តាករុណា នេះសុទ្ធតែជាការព្យាករណ៍ ហើយអ្វីដែលយើង​និយាយ​នេះតើ វាកើតជាការពិតឬអត់? ប្រសិនបើជីវិតរបស់យើងម្នាក់ៗយើងនិយាយដើមគ្នា យើងមិន​ឈ្នានីស​​និ​ងគ្នា យើងមិនប្រកាន់ទោសគ្នា យើងមិនចេះលើកលែងឲ្យទោសគ្នា យើងមិនចេះ​បង្ហាញសេចក្តី​ស្រឡាញ់​​ចំពោះគ្នាទៅវិញទៅមក ពាក្យសម្តីនឹងទង្វើវាអត់ស៊ីគ្នា អ្វីដែលយើងនិយាយមិនអាចព្យាករណ៍បាន ដើម្បី​ឱ្យ​វាក្លាយទៅជាទង្វើបានទេ។

ដូច្នេះមានន័យថាតួនាទីយើងជាគ្រីស្តបរិស័ទដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងក្លាយទៅជាព្យាការីនេះគឺយើងធ្វើម៉េចឱ្យគុណតម្លៃទាំងប៉ុន្មានដែលលោកពុកបាននិយាយអម្បាញ់មិញ សេចក្តីស្រឡាញ់ ចិត្តមេត្តាករុណា ចិត្តសន្តោសប្រណី ចិត្តអធ្យាស្រ័យ ចេះលើកទឹកចិត្តគ្នាគឺយើងត្រូវការរស់នៅខ្លួនឯង ដើម្បី​​ឱ្យអ្វីដែលយើងនិយាយនោះវាក្លាយទៅជាទង្វើ ក្លាយទៅជាការពិត នេះគឺជាតួនាទី​ទីពីរក្នុង​នៃ​យើងជាព្យាការី។

ទីបី ពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងក្លាយ​ជា​ព្រះមហាក្សត្រ! ​នេះមិនមែនជា​ព្រះមហាក្សត្រ​មួយ​​អង្គដែលមិនគ្រងរាជ្យតាមរបៀបលោកិយ៍ គឺគ្រងរាជ្យតាមផ្លូវវិញ្ញាណ។ ក្នុងន័យនេះ​ជា​គ្រីស្ត​បរិស័ទ​ពេលដែលយើងនិយាយពីព្រះមហាក្សត្រគឺយើងរំលឹកខ្លួនឯងពីតួនាទីមួយគឺយើងជួយមើលថែ ជួយគ្រប់​គ្រង ជួយលើកទឹកចិត្ត ជួយជំរុញឱ្យអ្នកដទៃរស់នៅប្រកបដោយគុណតម្លៃជាបុត្រធីតារបស់ព្រះជាម្ចាស់។

ដូច្នេះតួនាទីព្រះមហាក្សត្រគឺមើលថែមិនគ្រាន់តែថ្វាយដង្វាយ មិនគ្រាន់តែរស់នៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ​គឺយើងមើលថែបងប្អូនជុំវិញយើង​ ក្នុងនោះមានអ្នកខ្វះខាតឬអត់ មានអ្នកជួបទុក្ខលំបាកឬអត់ ដូច្នេះ​ជាព្រះមហាក្សត្រតាមរយៈអគ្គសញ្ញាជ្រមុជទឹកគឺយើងមិន ដើរបិទភ្នែកទេ!  ហេតុដូច្នេះហើយព្រះគម្ពីរថ្ងៃ​នេះ​រំលឹក​យើងជាពិសេសពិធីបុណ្យជ្រមុជទឹក​របស់ព្រះយេស៊ូ គឺរំលឹកយើង​ផ្ទាល់​តែម្តង​គឺឱ្យយើង​ទទួល​នូវ​តួ​នាទីបីរបស់យើងគឺមួយជាបូជាចារ្យ ពីរជាព្យាការី និងបីជាព្រះមហាក្សត្រ៕

 

Daily Program

Livesteam thumbnail