ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៦,៣០-៣៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ថ្ងៃនេះយើងមក ស្តាប់ព្រះបន្ទូលដំណឹងល្អតាមលោកម៉ាកុស(៦,៣០-៣៤)។ ព្រះយេស៊ូបានចាត់សាវ័ក របស់ព្រះអង្គឱ្យទៅប្រកាសដំណឹងល្អ។ ពេលត្រឡប់មកវិញពួកគាត់មានអំណរសប្បាយរីករាយ ហើយព្រះយេស៊ូក៏បានយល់ពីអារម្មណ៍ របស់ក្រុមសាវ័កដែលបាន ទៅបំពេញសកម្មភាព ការងាររបស់ខ្លួន។ ព្រះយេស៊ូអញ្ជើញគេឱ្យរកកន្លែងសម្រាក ដើម្បីឱ្យមានពេលនៅជាមួយព្រះអង្គ។ ព្រះអង្គនៅជាមួយគេ នឹងទទួលបានកម្លាំងថ្មី។
ការសម្រាកនេះចាំបាច់ ក្នុងមួយសប្តាហ៍មាន៧ថ្ងៃ ហើយ៧ថ្ងៃនេះយើងបានធ្វើកិច្ចការជាប់ ប្រៀបដូចជាសកម្មភាព ម្តាយជូនកូនៗទៅសាលារៀន និងធើ្វកិច្ចការផ្ទះ អញ្ចឹងយើងឃើញថា ថ្ងៃសម្រាក គឺជាថ្ងៃជួបជុំគ្រួសារ ជាថ្ងៃដែលយើងទៅលើកតម្កើងព្រះជាម្ចាស់ដូចថ្ងៃអាទិត្យ។ ជាការមួយដើម្បីយើងមានពេល ទទួលព្រះបន្ទូល មានពេលស្ងប់ស្ងាត់ សម្រាកនៅក្នុងចិត្តគំនិត អារម្មណ៍ ស្មឹងស្មាតទទួលកម្លាំងពន្លឺថ្មី។
នេះជាចំណុចមួយ ដើម្បីឱ្យ យើងជាគ្រីស្តបរិស័ទ យកថ្ងៃសម្រាកជាថ្ងៃមួយ ធ្វើឱ្យយើងជួបជុំក្រុមគ្រួសារ មានពេលវេលាទទួលអាហារជាមួយគ្នា មានពេលទៅសួរសុខទុក្ខឪពុកម្តាយចាស់ ដែលគាត់នៅផ្ទះ បាត់កូនបាត់ចៅយូរ គាត់មានការនឹករលឹក។ ទាំងអស់នេះឃើញថា ជីវិតរបស់យើង គ្មានអ្វី ដែលល្អប្រសើរជាងការជួបជុំគ្នា និងរួមរូមគ្នា។
ព្រះយេស៊ូបានអញ្ជើញយើង បានត្រាស់ហៅយើង ឱ្យយើងមកសម្រាក មិនដើម្បីតែសុខភាពតែប៉ុណ្ណឹង ប៉ុន្តែត្រូវគិតពីជីវិតខាងវិញ្ញាណ ដែលជាកម្លាំងមួយដើម្បីនាំសកម្មភាពនៃជីវិតរបស់យើង កើតមានគំនិតថ្មី មានយោបល់ថ្មីក្នុងការងារ ជាពិសេសទំនាក់ទំនង ជាមួយបងប្អូន។ បើយើងមានទំនាក់ទំនងជាមួយបងប្អូនល្អប្រសើរ និងការគោរពស្រឡាញ់ព្រះជាម្ចាស់ នឹងធ្វើឱ្យយើងយល់អំពីតម្លៃថ្លៃថ្នូរ ដែលព្រះជាម្ចាស់ប្រទានឱ្យយើង។
ដូច្នេះថ្ងៃសម្រាក សូមឱ្យបងប្អូនមានពេលជាគ្រួសារ ដើម្បីមកជុំគ្នា មកស្តាប់ព្រះបន្ទូល ចូលរួមអភិបូជា អធិដ្ឋានរួមគ្នា មានពេល ដើម្បីចែកចាយអំណរសប្បាយ ក្នុងគ្រួសារ បងប្អូន ឬអ្នកជិតខាង ដែលត្រូវការបងប្អូន។ ដូច្នេះសូមឱ្យយើងមានពេលវេលាមួយដើម្បីបង្ហាញថា យើងបានស្តាប់ព្រះបន្ទូល យើងបានទទួលដំណឹងល្អ ហើយនាំដំណឹងល្អទៅដល់បងប្អូនឯទៀតៗ ដោយសកម្មភាពប្រចាំថ្ងៃ។ ខ្ញុំសូមជូនពរ ឱ្យបងប្អូនមានអំណរសប្បាយ មានពេលសម្រាករួមជាមួយព្រះយេស៊ូ ដើម្បីទទួលអំណរ ទទួលកម្លាំង និងទទួលវិញ្ញាណ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានឱ្យ សូមឱ្យយើងឃើញព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់គ្រប់ពេលវេលា អាមែន៕