ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥អត្ថបទគម្ពីរ សន្តម៉ាថាយ (៩,៣៥ និងជ១០ )អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ជម្រាបសួរបងប្អូនជាទីស្រឡាញ់! រដូវរងារជារដូវដែលមានទឹកកកធ្លាក់ជាពេលវេលា ទទួល ព្រះសាទរព្រះគ្រីស្តយាងមកក្នុងលោកយើង។ សម្រាប់ព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបានមានព្រះហឫទ័យអាណិតអាសូរប្រជាជន ស្រឡាញ់មនុស្សលោក ដោយឃើញប្រជាជនរបស់ព្រះអង្គដែលកំពុងតែ ស្វែងរកអ្វីមួយនៅក្នុងជីវិត។
ដូចក្នុងគម្ពីរលោកម៉ាថាយបានរៀបរាប់ដំណឹងល្អរបស់លោកដោយឃើញព្រះយេស៊ូដើរទៅ តាមភូមិតាមស្រុកកន្លែងផ្សេងៗ ដើម្បីប្រកាសដំណឹងល្អ។ លោកចាប់អារម្មណ៍ប្រជាជនដែល មានទុក្ខលំបាកមានជំងឺព្រះអង្គបង្រៀនគេ អប់រំគេ ណែនាំគេ ព្រមទាំងបណ្ដេញវិញ្ញាណអាក្រក់ទាំងឡាយ ចេញពីអ្នកដែលមានខ្មោចចូល និងអ្នកដែលមានជំងឺផ្សេងៗជាច្រើន នេះជាព្រះហឫទ័យដែលព្រះយេស៊ូ ទ្រង់ឃើញប្រជាជននៅជុំវិញព្រះអង្គក្នុងការរស់នៅអស់សង្ឃឹមក្នុងការទុក្ខលំបាកផ្សេងៗ ជាពិសេសអ្នកមានជំងឺដែលធ្វើឲ្យមនុស្សយើងគិតពីអវិជ្ជមាននៅក្នុងជីវិត។
ថ្ងៃនេះព្រះយេស៊ូបានទត ឃើញហើយព្រះអង្គមានព្រះបន្ទូលថា ស្រូវដែលត្រូវច្រូតកាត់មានច្រើន តែអ្នកជ្រូតតិច ចូលអង្វរម្ចាស់ស្រែឲ្យមកច្រូតក្នុងស្រែព្រះអង្គ។ ព្រះយេស៊ូក៏បានត្រាស់ហៅសាវ័កឲ្យមកចូលរួម និងប្រទានបេសកកម្មឲ្យសាវ័កនូវកិច្ចការដែលព្រះយេស៊ូបានធ្វើដូចជាប្រោសអ្នកជំងឺឲ្យជា បណ្ដេញសេចក្តីអាក្រក់ទាំងឡាយចេញពីអ្នកជំងឺ ហើយអស់អ្នកដែលបានជាសះស្បើយទាំងនោះក៏បានបន្តការងារទាំងនេះនៅតាមព្រះសហគមន៍ផងដែរ។
ដូច្នេះជាគ្រីស្តបរិស័ទក្រោយទទួលពិធីជ្រមុជទឹក យើងត្រូវប្រកាសថា ខ្លួនជាព្យាការី ជាបូជាចារ្យ និងជាព្រះគ្រីស្តនោះយើងក៏ទទួលបេសកកម្មដែលព្រះយេស៊ូបានប្រទានមកយើងដែរ។ សេចក្តីដែលព្រះយេស៊ូមានព្រះយេស៊ូក៏ប្រទានឲ្យយើង យើងក៏មានអ្វីដែលព្រះយេស៊ូ មានដែរ។ បងប្អូនជាទីស្រឡាញ់! នៅក្នុងឱកាសរដូវរង់ចាំ ឬរដូវអរព្រះសាទរព្រះគ្រីស្តយាងមកសូមឲ្យបងប្អូនបើកចិត្តបើកគំនិតមានចិត្តជ្រះថ្លាស្រឡាញ់ព្រះ យេស៊ូគ្រីស្តស្រឡាញ់បងប្អូនក្នុងនាមព្រះយេស៊ូ ដែលបានមកក្នុងលោកនេះ ចូលឲ្យយើងទូលអង្វរព្រះយេស៊ូគ្រីស្តអរព្រះគុណព្រះយេស៊ូគ្រីស្តដែលបាន បូជាជីវិតសម្រាប់យើងហើយក៏នាំឲ្យយើងបូជាជីវិតដល់បងប្អូនអ្នកទៀតដែរ។ អាមែន៕