ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ៦,៧-១៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទនៅថ្ងៃនេះ ព្រះយេស៊ូបានចាត់ក្រុមសាវ័ក១២នាក់ ឱ្យទៅប្រកាសដំណឹងល្អជាក្រុម ក្នុងមួយក្រុមមានពីរនាក់។ នៅមហាសន្និបាតវ៉ាទីកង់ទី២ ឆ្នាំ១៩៦៥សម្តេចប៉ាបបានដាក់ឱ្យគ្រីស្តបរិស័ទទៅប្រកាសដំណឹងល្អនៅកន្លែងដែលគេរស់នៅ តាមពាក្យសម្ដីផង និងកិច្ចការរបស់គេផង។
ជាការពិត! ការប្រកាសដំណឹងល្អមិនមែនជាកិច្ចការរបស់បូជាចារ្យ ឬបព្វជិតតែប៉ុណ្ណឹង តែជាភារកិច្ចរបស់គ្រីស្តបរិស័ទទាំងអស់ ជាពិសេសគ្រីស្តបរិស័ទធម្មតា ដែលមានទំនាក់ទំនងជាមួយអ្នកដទៃ នៅកន្លែងដែលគេរស់នៅ ក្នុងគ្រួសារ នៅផ្សារ សាលារៀន និងគ្រប់ទីកន្លែងដែលគេរស់នៅ។
សូមឱ្យយើងចាប់អារម្មណ៍អំពីការប្រកាសដំណឹងល្អ! ព្រោះព្រះជាម្ចាស់ចង់ពឹងផ្អែកលើពួកយើងទាំងអស់គ្នា។ បើសិនជាគ្មាននរណាប្រកាសដំណឹងល្អ គ្មាននរណាអាចយល់ អាចទទួលសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់។ មនុស្សជាច្រើនត្រូវការស្គាល់ដំណឹងល្អ ពេលយើងបានទទួលដំណឹងល្អ ជីវិតរបស់យើងផ្លាស់ប្តូរ ទៅជាជីវិតថ្មី ពោរពេញដោយអំណរសប្បាយ។
ដូច្នេះសូមកុំឱ្យយើងមានចិត្តអាត្មានិយម គិតតែពីខ្លួនឯង ឱ្យយើងទៅប្រកាសដំណឹងល្អជាមួយគ្នាក្នុងព្រះសហគមន៍ តាមអ្វីដែលយើងអាចធ្វើបាន ព្រោះអ្នកខ្លះគាត់មានគំនិតល្អថ្មីៗ ដើម្បីធ្វើយ៉ាងម៉េចឱ្យគេស្គាល់ ឱ្យគេយល់ពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់៕