ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ៥,៣៣-៣៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

ខ្ញុំមានចំនុចខ្លះៗដែលចង់ចែកជាមួយបងប្អូននៅ​ក្នុង​អត្ថបទ​ព្រះគម្ពីរ​ដំណឹងល្អ​ថ្ងៃ​នេះ ​ព្រះយេស៊ូវបាន​យាង​​ចូល​ទៅ​ក្នុង​ទូក​របស់​ សន្តសិលា ដោយ​សារ​សន្តសិលា គាត់​នេសាទ​ត្រី​អត់​បាន​សោះ ពេញ​មួយ​យប់​​ប៉ុន្តែ ព្រះយេស៊ូវបាន​យាង​ចូល​ទៅ​ក្នុង​ទូក​នឹងបង្គាប់​ឲ្យ​លោកសិលា​ចេញ​ទូក​ទៅ​នេសាទ​ម្តង​ទៀត។ យើង​ឃើញ​ថាទោះបីលោកសិលាហត់នឿយ​ពេញ​មួយ​យប់​ក្នុងការនេសាទត្រីមិនបានក៏ដោយ ក៏​លោកនៅតែ​ស្តាប់​​បង្គាប់ព្រះយេស៊ូហើយ​សុខ​ចិត្ត​ទៅ​ម្តង​ទៀត។

ពេល​ណា​គេ​ទៅ គេ​ទម្លាក់​អួន​ចុះ បន្ទាប់​មកគេ​នេសាទ​ត្រី​បាន​ច្រើន ​នាំ​ឲ្យ​លោកសិលា និង​ក្រុម​សាវ័ក​ឯ​ទៀត​ៗភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រួចគេ​ចង់​ឲ្យ​ព្រះយេស៊ូ​ចេញ​ពី​គេ ដោយ​សារ​គេគិតថាគេ​ជា​មនុស្ស​មាន​បាប។ គេ​យល់​ព្រម​ទទួល​ស្គាល់​ពិត​មែន ព្រះយេស៊ូ​គឺ​ជាព្រះមេស្ស៊ី ព្រះយេស៊ូ​គឺ​ជាព្រះគ្រីស្តពីព្រោះ​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​ដូច​នេះ​បាន​ទេ។

បងប្អូន​ជា​ទី​ស្រឡាញ់ បងប្អូន​ជា​ទី​គោរព​រាប់​អាន ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ទូក​ជាមួយ​ក្រុម​សាវ័ក និង​លោកសិលា មានន័យថា​ព្រះអង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះសហគមន៍ ហើយ​ព្រះអង្គ​សូម​ឲ្យ​ព្រះសហគ​ម​ន៍​​ចេះ​នេសាទ។ នេសាទ! មិន​មែន​ជា​នេសាទ​ត្រី​ដូច​លោកសិលា គឺ​ព្រះយេស៊ូចង់​ចាត់​ឲ្យ​យើង​ទៅ​នេសាទ​មនុស្ស ​ប្រមូល​បងប្អូន​ដែល​បាក់​បែក​ខ្ចាត់​ខ្ចាយ មិន​អត់​ស្គាល់​ព្រះជាម្ចាស់​! ឲ្យ​មក​ស្គាល់​ព្រះជាម្ចាស់​វិញ ឲ្យ​មក​ជានា​ជាមួយ​នឹង​ព្រះជាម្ចាស់​វិញ។

“ទូក” គឺ​ជា​ព្រះសហគមន៍ ព្រះយេស៊ូ​យាង​ចូល​ក្នុង​ព្រះសហគមន៍ ព្រះយេស៊ូ​លើក​ទឹក​ចិត្ត​អស់​បងប្អូន​នៅ​ក្នុង​ព្រះសហគមន៍ ឲ្យ​បងប្អូន​​មាន សេចក្តី​សង្ឃឹម មាន​សេចក្តី​ស្រឡាញ់ មាន​ភាព​អត់ធ្មត់នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ទោះបី​មាន​ពេល​ខ្លះ​យើង​ជួប​ទុក្ខ​លំបាក យើង​ខ្វះ​ម្ហូបអាហារ យើង​ខ្វះ​សម្លៀក​បំពាក់ យើង​ខ្វះ​ការ​លើក​ទឹក​ចិត្ត យើង​អស់​សេចក្តី​សង្ឃឹម ក៏ទ្រង់​បាន​យាង​ចូល​ក្នុង​ព្រះសហគមន៍ គឺ​ក្នុង​ជីវិត​របស់​យើងម្នាក់។ ទ្រង់បាន​លើក​យើង​ឡើងឲ្យ​យើង​មាន​កិត្តិយស រួម​ជាមួយ​ព្រះអង្គ និង​ឲ្យ​យើង​អាច​ចូល​ទៅ​ក្នុង​សង្គម​របស់​ព្រះអង្គវិញ​បាន។

បងប្អូន​ជា​ទី​ស្រឡាញ់! គំរូឬ​បទពិសោធន៍​របស់​សន្តសិលា គឺ​ជា​បទពិសោធន៍​របស់​យើង​ ចូរ​យើង​ទទួល​ស្គាល់​ថា ពិត​មែន! ពេល​ខ្លះ​យើង​អស់​សង្ឃឹម​ក្នុង​ជីវិតពិបាកក្នុងការធើ្វដំណើរ ក៏​ប៉ុន្តែពេល​ណា​យើង​មាន​ព្រះយេស៊ូ គឺ​យើង​ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម! ពេល​ណា​យើង​មាន​ព្រះយេស៊ូ​ជីវិត​របស់​យើង​នៅ​តែ​មាន​តម្លៃ ព្រះអង្គផ្តល់​តម្លៃ​ឲ្យ​យើង​ដ៏​ថ្លៃថ្នូរ​ជាង​មនុស្ស​ឯ​ទៀត​ៗ​ទាំង​អស់។ ទោះបី​អ្នក​ណា​មិន​ឲ្យ​តម្លៃ​យើង ព្រះយេស៊ូ​ឲ្យ​តម្លៃ​យើង ទោះបីគេ​មើល​ងាយ​យើង តែកុំ​ឲ្យ​យើង​ខ្លួន​ឯង​មើល​ងាយ​ខ្លួន​ឯង។

បងប្អូន​ជា​ទី​គោរព​រាប់​អាន! សន្តីតេរេសានៅទីក្រុងកាល់​គូតាដែល​យើង​ស្គាល់ថាជាអ្នក​ម្តាយតេរេសា គាត់​បាន​ចំណាយ​ពេល​មួយ​ជីវិត​របស់​គាត់​ដើម្បី​អ្នក​ក្រីក្រ អ្នក​ជំងឺ និងអស់បងប្អូន​ដែល​អត់​មាន​សេចក្តី​សង្ឃឹម​ ​ប្រជាជន​ដែល​ខ្វះខាត ក្មេង​កំព្រា ក្មេងដែល​មាន​ស្មារតី​មិន​គ្រប់ សម្រាប់កិច្ចការទាំងនោះអ្នកម្តាយ តេរេ​សា​បាន​បំពេញបេសកកម្មរបស់​ព្រះជាម្ចាស់ជា​ពិសេស​នៅ​ក្នុង​ព្រះសហគមន៍​របស់​ព្រះអង្គ។

​នេះតោង​ឲ្យ​​ដឹង​ថា ចូរយើង​ទូល​អង្វរ​ព្រះជាម្ចាស់ ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ​ចូរមាន​សេចក្តី​សង្ឃឹមថា ព្រះ​យេ​​ស៊ូគង់​នៅ​ជាមួយ​យើង។ ហើយ​សូម​ឲ្យ​បងប្អូន​បើក​ដួង​ចិត្ត​នៃ​ផ្ទះ​របស់​យើង នៃ​ទូក​របស់​យើង សូម​ព្រះអង្គ​យាង​ចូល​មក ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ផ្លាស់​ប្រែ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​មាន​សេចក្តី​សង្ឃឹម ដើម្បី​ឲ្យ​ជីវិត​របស់​យើង​មាន​ អំណរ​សប្បាយ ឡើង​វិញ​ផង​ដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail