ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៥អត្ថបទគម្ពីរ៖ ម៉ាកុស (៥, ១-២០) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វីសំណាង

អត្ថបទព្រះគម្ពីរម៉ាកុសជំពូក៥,១-២០ ដែលយើងបានស្តាប់ថ្ងៃនេះ ព្រះយេស៊ូឆ្លងទៅត្រើយម្ខាងនៃតំបន់គេរ៉សាតំបន់នេះជារបស់សាសន៍ដទៃដែលជនជាតិយូដារើសអើងមិនរាប់រក។ ពេលព្រះអង្គឆ្លងទៅភ្លាមព្រះអង្គបានឃើញបុរសម្នាក់ត្រូវបានខ្មោចចូលនៅទីបញ្ចុះសព។ ទីបញ្ចុះសពនេះជានិមិត្តរូបនៃសេចក្តីអាក្រក់ទាំងឡាយជាកន្លែងដែលប្រមូលផ្តុំទៅដោយព្រាយបិសាច។
ដូច្នេះបុរសនេះត្រូវខ្មោចចូល ហើយគេបានយកច្រវ៉ាក់ចងគាត់ ច្រវ៉ាក់នេះបង្ហាញថាបុរសនេះអត់មានសេរីភាព គាត់ស្ថិតនៅក្នុងភាពងងឹត និងអំពើបាប។ ដូច្នេះថ្ងៃនេះណែនាំឱ្យយើងសួរទៅចំពោះខ្លួនយើងម្នាក់ៗ ថា តើយើងពិតជាមានសេរីភាពឬយ៉ាងណា? ពេលខ្លះយើងច្រឡំយើងគិតថាសេរីភាពគឺជាអ្វីមួយដែលយើងអាចធ្វើបានតាមចិត្ត ទៅណាបានតាមចិត្ត ធ្វើអ្វីបានតាមចិត្ត។
ប៉ុន្តែយើងត្រូវតែប្រយ័ត្ន! ពេលខ្លះសេរីភាពដែលយើងកំពុងមានសព្វថ្ងៃអាចជាសេរីភាពដែលបំភាន់ភ្នែករបស់យើង។ សេរីភាពរបស់គ្រីស្តបរិស័ទគឺការធ្វើអំពើល្អ! និងមកព្រះវិហាររាល់ថ្ងៃអាទិត្យ។ ចូរយើងរិះគិតឡើងវិញថា តើយើងមានសេរីភាពពិតប្រាកដ ឬយ៉ាងណាក្នុងការមករកព្រះជាម្ចាស់?
យើងត្រូវតែផ្តល់អាទិភាពទៅដល់ព្រះជាម្ចាស់ ដើម្បីឱ្យយើងបានទទួលព្រះពរ បានទទួលពន្លឺពីព្រះអង្គដើម្បីឱ្យយើងអាចមានការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ហើយប្រើប្រាស់សេរីភាពនោះឱ្យបានត្រឹមត្រូវតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕
Daily Program
