ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៣,១-១៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះជាថ្ងៃទី១នៃពិធីបុណ្យចម្លងគឺ​ព្រះ​យេស៊ូធ្វើតាមវប្បធម៌​សាសនា​របស់ជ​ន​ជា​តិអ៊ីស្រាអែល ព្រះអង្គក្នុង​ឋានៈ​ជា​មេ​ក្រុម​គ្រួសារ ប្រមូលក្រុមសាវ័ក ហើយនឹងធ្វើពិធីជប់​លៀង​ចុង​ក្រោយ ដើម្បីរំលឹកអំពីបុណ្យ​ចម្លងរបស់​ជន​​ជាតិយូដា។ បុណ្យចម្លងរបស់ជនជាតិយូដា គឺជារៀងរាល់ឆ្នាំ ជ​នជាតិយូដាជួបជុំគ្នាក្នុងក្រុមគ្រួសារ ដើម្បី​រំលឹកថា ពួកគាត់បានចេញពីស្រុកអេស៊ីប ហើយនឹងដើរទៅ​កាន់​ទឹកដីសន្យា ដែលព្រះជាម្ចាស់​បាន​ប្រោសប្រទានឱ្យ គឺរំលឹកអំពីសេរីភាពរបស់ជនជាតិអ៊ីស្រាអែល។

ប៉ុន្តែព្រះយេស៊ូយាងមកហើយ ផ្ដល់​អត្ថ​​ន័យថ្មី ដល់ពិធីជប់លៀងនេះ គឺព្រះយេស៊ូមានព្រះបន្ទូលថា យក​នំប៉័ង​មកកាន់ ហើយនឹង​យក​ព្រះលោ​ហិត(ស្រា)​មកកាន់ មានព្រះបន្ទូលថា នេះជាព្រះកាយ និង​ព្រះ​លោ​​​ហិត​របស់ខ្ញុំ ដែលជាសញ្ញាមេត្រីថ្មី គឺព្រះយេស៊ូនាំមនុស្សលោកទាំងអស់ឆ្លងពីសេចក្ដីស្លាប់ ឆ្លងពី​អំពើ​បាប ឆ្លងពីភាពងងឹត ឆ្ពោះទៅកាន់ពន្លឺ ឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ដោយព្រះអង្គ​សោយទិ​វង្គត​នៅ​លើ​ឈើឆ្កាង។ ក្នុងអត្ថបទដំណឹងល្អក្នុងថ្ងៃនេះ យើងឃើញថាព្រះយេស៊ូមានសេរីភាព បម្រើប្រជាជន​ដោយ​សេចក្ដីស្រឡាញ់ ដោយព្រះអង្គស្រឡាញ់ក្រុមសាវ័ក ដោយព្រះអង្គស្រឡាញ់មនុស្សលោក ហើយ​ព្រះអង្គធ្វើដោយមានចិត្តក្លាហានមែន។ សូមកត់សម្គាល់អំពីលក្ខណៈជាវរជនរបស់ព្រះយេស៊ូ ដែលមាន​សេរីភាព មានចិត្តក្លាហាន មានសេចក្ដីស្រឡាញ់ ហើយនឹងបម្រើមនុស្ស រហូត​ដល់​ទីបំផុត​ ព្រះយេស៊ូ​ពិត​ជា​អស្ចារ្យ។ ព្រះអង្គផ្ដាំឲ្យយើងធ្វើដូចគ្នាដែរ នៅក្នុងព្រះសហគមន៍រ​បស់​បងប្អូន ប្រហែលជាយើងមាន​ពិធី​ជប់​លៀងចំពោះគ្នាទៅវិញទៅមក ឬមានតែលោកពុក ដែល​ធ្វើ​ពិធីជប់លៀងឲ្យគណៈកម្មការ ឬអ្នក​ផ្សេង​ៗ គ្រីស្តបរិស័ទខ្លះៗនៅក្នុងព្រះសហគមន៍។ តាមពិត នៅក្នុង​ព្រះសហ​គមន៍មានជីវិតរបៀបរស់នៅអញ្ចឹង ឲ្យ​យើងលាងជើងឱ្យគ្នាទៅវិញទៅមក គឺឲ្យយើង​បម្រើ​គ្នាទៅ​វិញ​ទៅមកតាមគំរូរបស់ព្រះយេស៊ូ។

ដូច្នេះសូមឲ្យយើងប្រារព្ធពិធីបុណ្យចម្លង ដោយនឹកដល់​សេចក្ដី​ស្រឡាញ់​​របស់ព្រះយេស៊ូ ដែលព្រះអង្គស្រ​ឡាញ់​យើងរហូតដល់ទីបំផុត ហើយសូមឲ្យ​យើង​ចេះ​ស្រឡាញ់​អ្នក​ដទៃ តាមរបៀបរបស់ព្រះយេស៊ូ គឺឲ្យ​យើង​ចេះបម្រើគ្នាទៅវិញទៅមក។ អាម៉ែន៕

Daily Program

Livesteam thumbnail