ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ (លូកា ២,១៦-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ថ្ងៃនេះគឺជាបុណ្យព្រះនាងម៉ារី ដូច្នេះយើងថ្វាយឆ្នាំសកលថ្មីទៅព្រះនាងម៉ារីជាមាតារបស់ព្រះអម្ចាស់ និង​ជា​​​ម្ដាយ​របស់យើង។ យើងសង្ឃឹមថា ឆ្នាំថ្មីនេះនឹងមានសេចក្តីសុខសាន្ត សុភមង្គលរួមជាមួយ​គ្នា​នៅ​ក្នុង​គ្រួ​សា​រ ព្រះសហគមន៍ នឹងពិភពលោកទាំងមូលផងដែរ។ យើងថ្វាយអ្វីៗទាំងអស់ ទាំង​មនុ​ស្ស​​ សត្វ និងរុក្ខជាតិនៅក្នុងពិភពលោកនេះទៅព្រះនាងម៉ារី ដោយសង្ឃឹមថានឹងមានសន្តិភាពទាំង​ចិត្ត និង​​កាយ​។

អត្ថបទដំណឹងល្អថ្ងៃនេះ និយាយពីព្រះនាងម៉ារីប្រសូតព្រះយេស៊ូនៅក្នុងស្នូកសត្វ ហើយមាន​ពួក​គង្វា​ល ម​ក​​លេង​ព្រះយេស៊ូ ប្រហែល! ព្រះនាងម៉ារីឆ្ងល់ ព្រោះមានពួកគង្វាល និងអ្នកភូមិជា​ច្រើន​បានម​ក ព្រះនាង​ម៉ារីឃើញហេតុការណ៍ទាំងអស់នោះ ហើយ​រិះគិត​​នៅក្នុងចិត្ត។ ត្រង់នេះខ្ញុំចង់ឲ្យបងប្អូន ទុក​ពេល​វេលា​មួយសម្រាប់ខ្លួនងរិះគិតពិចារណាពីឆ្នាំ២០២៥កន្លងទៅ រំលឹកអំពីហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​​​កើតឡើងនៅក្នុងជីវិតរបស់បងប្អូន ទាំងល្អនិងអាក្រក់។ សូមបងប្អូនគិត​ដល់វត្តមាន​របស់​ព្រះអម្ចាស់ តើ​​ឆ្នាំ២០២៥ព្រះអង្គគង់នៅឯណា? តើព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងដូចម្តេច? យើង​រំលឹក​ពី​អ​តី​ត​​កាល ដើម្បីរៀបចំអនាគត រួមជាមួយព្រះអម្ចាស់ ដូចព្រះនាងម៉ារី នឹកដល់ហេតុការណ៍​មុន និង​ក្រោយ​ព្រះនាង​ទទួល​ពាក្យពីព្រះជាម្ចាស់។

ដូច្នេះ សូមទុកពេលវេលានៅម្នាក់ឯង ពីរ ឬបីនាក់ ប៉ុន្តែ! ម្នាក់ឯងល្អជាង ដើម្បីឲ្យព្រះវិញ្ញា​ណ​​ដ៏វិ​សុទ្ធ​ជួយ​បំភ្លឺ​ចិត្តគំនិតរបស់យើង ពីសកម្មភាពកន្លងទៅ តើយើងបានធ្វើទង្វើល្អ និងកំ​ហុសឆ្គ​ង​អ្វី​ខ្លះ? ហើយ​មាន​​អ្វី​ខ្លះ​ដែល​យើង​​បានទទួលពីអ្នកដទៃ ពីព្រះសហគមន៍ ពីព្រះអម្ចាស់? នេះជាពេលវេលាមួយ​ដ៏ល្អ​ជួយ​ឲ្យ​យើងមា​ន​ទំ​នាក់​ទំនង​ជិត​​ស្និទ្ធ ​ស្គាល់​ព្រះ​អម្ចា​ស់​កាន់តែច្បាស់​ដើម្បីទៅ​​មុខរួមជាមួយព្រះអង្គ និង​អ្នក​ដទៃ។ អាម៉ែន

 

Daily Program

Livesteam thumbnail