តើមានអ្វីមកបញ្ជាក់ថា ជំនឿពិតជាបានជួយសង្គ្រោះអ្នកជឿ?
ជំនឿពិតជាបានជួយសង្គ្រោះអ្នកជឿពិតមែន!
ពេលខ្ញុំជឿលើព្រះយេស៊ូ ខ្ញុំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះខ្ញុំពិតមែន។ ប៉ុន្តែគ្មានអ្វីបញ្ចាក់ឲ្យបានច្បាស់លាស់នោះទេ។ តែខ្ញុំជាគ្រីស្តបរិស័ទ ជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត មានសង្ឃឹមពិតមែនថាព្រះអង្គបានសង្រ្គោះគេគ្រប់គ្នា។ យើងដឹងហើយថាទោះបីយើងមានជំនឿលើព្រះអង្គ តែយើងជាអ្នកមានអំពើបាប និងជាមនុស្សក្បាលរឹង មិនព្រមធ្វើតាម និងតែងតែប្រព្រឹត្តកិច្ចការដែលទាស់នឹងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែ ជំនឿគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានការសង្គ្រោះពីព្រះយេស៊ូ។
ពេលខ្ញុំជឿ ខ្ញុំផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ខ្ញុំមិនបានជឿទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ ប៉ុន្តែយើងជឿថា ព្រះអង្គមានឫទ្ធានុភាពអាចជួយសង្គ្រោះ គឺព្រះអង្គប្រោសប្រណីឲ្យយើងទទួលការសង្គ្រោះ និងបានឃើញយ៉ាងច្បាស់លាស់អំពីរបៀបនៃការរស់នៅរបស់ព្រះយេស៊ូ។ ខ្ញុំបានឃើញពីជីវិត ឬក៏សក្ខីភាពរបស់សន្តសន្តីបុគ្គល និងគ្រីស្តបរិស័ទដែលបានខិតខំធ្វើ ឬក៏ប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ ខ្ញុំពិតជាមានសង្ឃឹមយ៉ាងមុតមាំថា រូបខ្ញុំនឹងបានទទួលការសង្គ្រោះពីព្រះអង្គនៅថ្ងៃណាមួយ។ ក្នុងនោះដែរខ្ញុំក៏មានបទពិសោធប្រចាំថ្ងៃ មានជំនឿលើព្រះអង្គ។ ជាគ្រីស្តបរិស័ទ ពេលណាខ្ញុំអធិដ្ឋាន ពេលណាខ្ញុំធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពិតណាស់ខ្ញុំដឹងថា ព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ ព្រះអង្គស្រលាញ់ខ្ញុំ។ ហេតុនេះហើយ ខ្ញុំមិនសូវព្រួយបារម្ភ តែមិនមែនខ្ញុំមានសមត្ថភាពដើម្បីសង្គ្រោះខ្លួនឯងឡើយ គឺមានតែព្រះអង្គទេដែលមានឫទ្ធានុភាពជួយសង្គ្រោះជីវិតមនុស្សលោក ជាពិសេសអស់អ្នកដែលមានជំនឿលើព្រះអង្គ។ ពិតណាស់ខ្ញុំព្យាយាមអធិដ្ឋានសុំឲ្យព្រះវិញ្ញាណជួយបភ្លឺ កុំឲ្យខ្ញុំជាមនុស្សក្បាលរឹង និងចេះកែប្រែចិត្តគំនិតឲ្យបានគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបានការសង្គ្រោះពីព្រះអង្គពិតមែន។
តើមានអ្វីមកបញ្ជាក់អំពីការសង្គ្រោះនេះ?
អំណះអំណាងដែលបានបញ្ជាក់រឿងនេះ បើតាមវិទ្យាសាស្រ្តគឺគ្មានអ្វីបញ្ជាក់បានច្បាស់លាស់ ទេ។ តែវាជាជំនឿ សម្រាប់អស់អ្នកជឿ បានសង្ឃឹមយ៉ាងមុតមាំថា ពួកគេទទួលបានការសង្គ្រោះពិតមែន។ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភកុំខ្លាចច្រើនពេក ត្រូវចាំថាយើងត្រូវតែផ្ញើជីវិតលើព្រះអង្គ ហើយព្រះជាម្ចាស់នឹងជួយសង្គ្រោះយើងពិតប្រាកដមែន។ ព្រោះថាធម៌មេត្តាករុណារបស់ព្រះអង្គធំធេងណាស់ ព្រះអង្គស្រលាញ់មនុស្សលោក ព្រះអង្គមានឫទ្ធានុភាព និងមានអំណាចអាចជួយសង្រ្គោះមនុស្សលោកយើង ដូចដែលព្រះអង្គបានជួយសង្គ្រោះសន្តសន្តីរាប់មិនអស់។ សូមបងប្អូនមានសេចក្តីសុខសាន្ត និងមានជំនឿរឹងមាំលើព្រះជាម្ចាស់ ព្រោះជំនឿនេះហើយជាអ្វីដែលមានតម្លៃលើសជីវិតយើង៕
វាយអត្ថបទដោយ ឆាក លាំង