តើគ្រីស្តបរិស័ទគ្រប់រូបគួររើសពេលប្រកាសដំណឹងល្អដែរទេ? ព្រោះអ្វី?

បកស្រាយដោយ៖ លោកបូជាចារ្យ ផានបូរី បម្រើព្រះសហគមន៍មណ្ឌលគិរី​ ក្នុង​ភូមិភាគកំពង់ចាម

បូ. ផាន បូរី៖​ យើងជាគ្រីស្តបរិស័ទគួរប្រកាសដំណឹងល្អនៅពេលណាខ្លះ? ខ្ញុំសូមឲ្យបងប្អូនចូរអានព្រះគម្ពីរម៉ាកូស១៦,ខ១៥៖ «ព្រះយេស៊ូមានព្រះបន្ទូលថា ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អចុះ»។ បងប្អូនជាទីស្រលាញ់ យើងប្រកាសដំណឹងល្អ មិនមែនដោយសារពេលវេលា មិនមែនដោយសារទីកន្លែងនោះទេ គឺថាគ្រីស្តបរិស័ទទាំងអស់ត្រូវតែប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែងទាំងអស់។

អ្វីទៅជាដំណឹងល្អ?

ដំណឹងល្អ គឺព្រះយេស៊ូសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូគ្រីស្តប្រទានឲ្យមនុស្សមានតំលៃស្មើៗគ្នា អត់មានអ្នកខ្ពស់អត់មានអ្នកទាប ព្រះយេស៊ូចង់ឲ្យមនុស្សទាំងអស់មានលក្ខណៈ និងមានតម្លៃដូចគ្នា។ ព្រោះថាយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងមានតំលៃស្មើៗគ្នា។ នេះគឺជាការប្រកាសដំណឹងល្អ ជាដំណឹងល្អដែលព្រះយេស៊ូចង់ឲ្យយើងប្រកាសនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ទីពីរ បងប្អូនអាចអានព្រះគម្ពីរលូកា ៩,១-៦៖ ព្រះយេស៊ូចាត់សាវ័កពីរៗនាក់ ឲ្យទៅប្រកាសដំណឹងល្អ ដោយមិនឲ្យយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅទៅជាមួយទេ។ បើបងប្អូនចូលផ្ទះណា​ ហើយ​គេ​ព្រម​ទទួល​ ព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តឲ្យគេ នោះ​គឺប្រៀបដូច​ព្រះអង្គ​ប្រទានឲ្យខ្ញុំដែរ។ មានន័យថា៖​ ព្រះយេស៊ូបានត្រាស់ហៅយើង ហើយព្រះអង្គអប់រំយើង និងចាត់យើងឲ្យទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែងគ្រប់ពេលវេលាទាំងអស់ ហើយឲ្យបងប្អូនយល់អំពីព្រះយេស៊ូ ដែលយាងមកជាព្រះសង្គ្រោះ ដើម្បីប្រទានសេចក្តីសុខសាន្ត សេចក្តីស្រលាញ់ដល់មនុស្សលោកយើង អត់គិតពីអ្នកមាន ឬអ្នកក្រីក្រ មនុស្សស ខ្មៅ ខ្វិនខ្វាក់ ឬជនពិការនោះទេ។

ព្រះយេស៊ូចាត់យើងឲ្យទៅប្រាប់គេថា៖ គេនឹងមានតម្លៃស្មើៗគ្នា ម្យ៉ាងទៀតព្រះយេស៊ូប្រទានឲ្យយើងជាគ្រីស្តបរិស័ទមានអំណាចដេញខ្មោច ប្រោសអ្នកជំងឺ។ ពីព្រោះថា ពេលយើងជាគ្រីស្តបរិស័ទទទួលពិធីជ្រមុជទឹក យើងទទួលមុខងារនេះ យើងមានអំណាចដេញខ្មោចដោយអធិដ្ឋាន និងអធិដ្ឋានសម្រាប់អ្នកជំងឺ។ល។ ពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកហើយ យើងទទួលបានមុខងារចំនួន៣រួមមាន៖ ជាបូជាចារ្យ ជាព្យាការី និងជាមហាក្សត្រ។

ហេតុនេះហើយមុខងារទាំងបីនេះជំរុញគ្រីស្តបរិស័ទត្រូវតែទៅប្រកាសដំណឹងល្អ។ ដូចសន្តប៉ូលបានមានប្រសាសន៍ថា «ខ្ញុំបានទទួលអំណោយទានក្នុងការប្រកាសដំណឹងល្អ តែបើខ្ញុំមិនបានប្រកាសដំណឹងល្អទេ សូមឲ្យខ្ញុំស្លាប់ទៅចុះ»។ នេះជាពាក្យរបស់សន្តប៉ូល ដែលនាំឲ្យគ្រីស្តបរិស័ទយកគំរូតាមសន្តប៉ូល ឬសន្តបុគ្គលផ្សេងៗទៀតក្នុងការប្រកាសដំណឹងល្អគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលបានរស់នៅ។

សកម្មភាពរបស់គ្រីស្តបរិស័ទគឺធ្វើឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្ត ហ៊ានប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ជាពិសេសតាមកន្លែងដែលយើងបានរស់នៅ។ គ្រប់ពេលវេលា គ្រប់សកម្មភាព យើងត្រូវរស់នៅឲ្យបានល្អ ឲ្យបានគាប់ព្រះហឫទ័យ ដោយព្យាយាមប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងជាគ្រីស្តបរិស័ទត្រូវប្រកាសដំណឹងល្អគ្រប់ស្ថានភាពទាំងអស់ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ សប្បាយរីករាយ ទុក្ខលំបាកក៏ដោយ គឺត្រូវចាំថាត្រូវរស់នៅដោយការប្រកាសដំណឹងល្អ។

គ្រីស្តបរិស័ទត្រូវរស់នៅជាគំរូល្អក្នុងសង្គម សម្រាប់ព្រះសហគមន៍ និងកន្លែងដែលខ្លួនរស់នៅ។ គ្រីស្តបរិស័ទរស់នៅដោយអធិដ្ឋានរាល់ថ្ងៃ រាល់ពេលវេលា និងគ្រប់សកម្មភាពទាំងអស់។ គ្រីស្តបរិស័ទប្រកាសដំណឹងល្អដោយចូលរួមអភិបូជា បង្ហាញមេត្តាករុណដល់បងប្អូនឯទៀតៗ។ សរុបជារួមទៅ គ្រីស្តបរិស័ទប្រកាសដំណឹងល្អគ្រប់ពេលវេលា គ្រប់សកម្មភាព គ្រប់ដង្ហើមចេញចូល៕

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail