គ្រីស្តបរិស័ទក៏មិនអាចរួចផុតពីទុក្ខលំបាកដែរ តែព្រះយេស៊ូបង្រៀនគែឲ្យចេះធ្វើរឿងនេះ?

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ «នៅក្នុងឋានៈជាគ្រីស្តបរិស័ទយើងមានព្រះយេស៊ូជាគំរូ!» ក្នុងប្រវត្តិសាស្រ្តបានបង្ហាញថា ព្រះយេស៊ូបានរងទុក្ខពេញមួយជីវិតរបស់ទ្រង់។ ពេលព្រះយេស៊ូប្រសូត្រជាមនុស្សមានគេចង់សម្លាប់ព្រះអង្គ ក្រោយចម្រើនវ័យធំធាត់ឡើងព្រះយេស៊ូត្រូវចេញទៅប្រកាសដំណឹងល្អ មានមនុស្សជាច្រើនមិនព្រមជឿ ថែមទាំងមានភាពច្រណែន ទីបំផុតមនុស្សទាំងនោះបានសាងអំពើបាបដ៏សែនធ្ងន់ ព្រោះគេបានសម្លាប់ព្រះយេស៊ូដោយឆ្កាងព្រះអង្គ។
បងប្អូនជាទីស្រឡាញ់! បើបងប្អូនចង់ក្លាយជាគ្រីស្តបរិស័ទ និងជាសាវករបស់ព្រះយេស៊ូពិតប្រាកដមែននោះ បងប្អូនក៏ត្រូវរងទុក្ខលំបាកដូចព្រះយេស៊ូមានន័យថា ជឿលើសាសនាព្រះគ្រីស្ត! យើងនឹងមិនទុក្ខលំបាក រួចផុតពីការមើលងាយ ឬក៏លែងឈឺស្កាត់ លែងមានបញ្ហាសុខភាពអ្វីផ្សេងៗនោះទេ! បើសិនជាចឹងមែននោះ ប្រកដណាស់មនុស្សទាំងអស់និងជឿលើព្រះយេស៊ូទាំងអស់គ្នាជាក់មិនខាន តែវាមិនដូច្នោះទេ! ព្រះយេស៊ូប្រាប់ថាយើងមិនត្រូវព្រួយបារម្ភពីរឿងទុក្ខលំបាកទាំងនោះ ផ្ទុយទៅវិញយើងត្រូវតែបន្ទាបខ្លួនក្នុងនាមជាគ្រីស្តបរិស័ទម្នាក់ដែលដើរតាមទ្រង់។
បងប្អូន! ទោះយើងជាគ្រីស្តបរិស័ទ យើងនៅតែត្រូវជួបប្រទះបញ្ហាផ្សេងៗ ក៏ប៉ុន្តែខ្ញុំដឹងខ្លួនឯង និងមានសេចក្តីសង្ឃឹមថាព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ ហើយថ្ងៃអនាគតព្រះជាម្ចាស់នៅតែជួយខ្ញុំតាមពេលកំណត់របស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យធំធេងរបស់ទ្រង់។ មុនពេលព្រះយេស៊ូសោយទីវង្គត់នៅលើឈើឆ្កាង ព្រះអង្គបានអធិដ្ឋាន«ឱព្រះបិតាអើយសូមកុំធ្វើតាមចិត្តរបស់ទូលបង្គំឡើយ ប៉ុន្តែសូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គវិញ» ព្រះយេស៊ូគ្រីស្តសុខចិត្តបន្ទាបខ្លួនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រោះព្រះហឫទ័យរបស់ជាម្ចាស់ល្អណាស់រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
ព្រះយេស៊ូ ត្រូវតែរងទុក្ខលំបាកដើម្បីជួយសង្គ្រោះមនុស្សលោក មូលហេតុដែលព្រះយេស៊ូរងទុក្ខលំបាកដោយសារព្រះអង្គស្រឡាញ់ព្រះបិតា និងស្រឡាញ់មនុស្សលោក។ បងប្អូនអើយ! ពេលខ្លះយើងជួបនិងទុក្ខលំបាក តែនេះជាហេតុផលមួយដែលបានផ្តល់អត្ថន័យសម្រាប់ជីវិតរបស់យើង។ ហេតុនេះចូរយើងផ្ញើទុក្ខលំបាកទាំងនេះទៅព្រះជាម្ចាស់ ដូចព្រះយេស៊ូបានផ្ញើទុក្ខលំបាករបស់ទ្រង់ផ្ទាល់ទៅព្រះបិតាផងដែរ។ ធ្វើបែបនេះគឺជារបៀបសម្រាលទុក្ខ! ខ្ញុំរងទុក្ខលំបាកពិតមែន តែខ្ញុំបានផ្ញើទុក្ខលំបាកទាំងអស់នេះទៅព្រះបិតារបស់ខ្ញុំ ហើយក៏ទូលអង្វព្រះជាម្ចាស់ សុំឲ្យទុក្ខលំបាកទាំងនេះជួយបំពេញទុក្ខលំបាករបស់ព្រះយេស៊ូ ដើម្បីជួយសង្គ្រោះពិភពលោក។
ជាការពិតក្រោយសោយទីវង្គត់អស់រយៈពេល៣ថ្ងៃ ព្រះយេស៊ូក៏មានព្រះជន្មរស់ឡើងវិញ ដែលពោរពេញដោយសិរីរុងរឿង។ មានន័យថាទុក្ខលំបាករបស់យើងមានពិតមែន តែថ្ងៃក្រោយយើងក៏និងមានសេចក្តីសុខសាន្ត។ ទាំងនេះជារឿងសម្រាប់យើងគ្រប់គ្នាត្រូវតែឆ្លងកាត់ដោយមិនអាចជៀសវាងបាន យើងម្នាក់ៗបានរួមជាមួយព្រះយេស៊ូដោយមានកំលាំងកាយចិត្តពេញបរិបូរដើម្បីឲ្យមនុស្សលោកមានសេចក្តីសុខសាន្ត។ អាមែន
ដោយ ឆាក លាំង
Daily Program
