ឲ្យតែខុសច្បាប់ត្រូវតែមានទោស ! អ្នកពាក់ព័ន្ធក៏មិនត្រូវរួចខ្លួនដែរ
សាច់បង្កកនាំចូលពីថៃមកត្រូវបានរកឃើញជាបន្តបន្ទាប់ដូចជានៅឃ្លាំងមួយនៅឫស្ស៊ីកែង នៅព្រែកភ្នៅ ជាដើម ដូច្នេះសង្ឃឹមថា របស់ណាដែលខុសច្បាប់អ្នកប្រពឹត្តនិងអ្នកដែលពាក់ព័ន្ធគឺគួរតែមានទោសទៅតាមច្បាប់។
ជាការពិតសាច់បង្កកទាំងនេះវាអាចខុសច្បាប់និងមិនខុសច្បាប់ ពីព្រោះវាមិនស្ថិតនៅក្នុងបញ្ជីនៃបម្រាមនាំចូលមកកាន់ទីផ្សារនៅកម្ពុជាទេ ប៉ុន្តែប្រសិនបើការនាំចូលនោះត្រូវបានរត់ពន្ធមក ដោយគ្មានច្បាប់ទម្លាប់គឺវាខុសច្បាប់តែម្តង។
ក្រៅពីនោះនៅក្នុងករណីសាច់បង្កកនិងផលិតផលនានាដែលរកឃើញត្រូវបានគេមានភស្តុតាងនិងសាក្សីបង្ហាញថា ជាផលិតផលដែលមានការឃុបឃិតនាំចូលតាមព្រំដែនគោកដែលកំពុងតែបិទ នោះគឺជាទំនិញខុសច្បាប់ពេញទី លើកលែងតែជាទំនិញនាំចូលតាមច្រកផ្លូវការ។
នៅក្នុងករណីលួចនាំចូលដោយខុសច្បាប់ អ្នកដែលមានកំហុសមិនមែនត្រឹមតែជាអ្នកនាំចូលមកទេ ប៉ុន្តែអ្នកដែលបើកឲ្យនាំចូល ហើយអ្នកដែលរត់ការពោលគឺអោយតែពាក់ព័ន្ធគឺគួរតែមានទោសទណ្ឌតាមច្បាប់ដូចគ្នា។
ប្រសិនបើវាគឺជាករណីខុសច្បាប់សមត្ថកិច្ចជំនាញត្រូវតែដោះស្រាយដោយផ្អែកលើច្បាប់ ដោយមិនលើកលែង ដោយមិនអធ្យាស្រ័យឡើយ។ មន្រ្តីពាក់ព័ន្ធគ្រប់គ្នាដែលបានលាភសក្ការៈនានាគឺក៏ត្រូវទទួលខុសត្រូវទៅតាមច្បាប់ផងដែរ។
ប៉ុន្តែនៅក្នុងករណីផលិតផលដែលរកឃើញនោះមានបញ្ជីការនាំចូល ហើយបង់ពន្ធត្រឹមត្រូវ វាអត់ខុសច្បាប់ទេ ប៉ុន្តែវាខុសលើតម្លៃមនៈសិកាជាតិ។
ជាការពិតនៅពេលដែលច្បាប់មិនមានកំណត់ទោសទណ្ឌករណីនេះ អ្នកនាំចូលអាចគេចផុតពីទោសកំហុស ប៉ុន្តែចំពោះកំហុសមនៈសិកាពួកគេគេគួរតែទទួលស្គាល់កំហុសដោយស្មោះត្រង់ ដោយចេញមុខសូមទោសជាសាធារណៈ ហើយត្រូវតែមានកិច្ចសន្យាសង្គមមួយ កែប្រែអាកប្បកិរិយា ហើយសន្យាបញ្ឈប់សកម្មភាពដែលជាកំហុសជាថ្មី។
ពាក់ព័ន្ធនឹងករណីដែលរកឃើញនេះ យើងគួរតែធ្វើការវាយតម្លៃដោយផ្អែកលើអង្គហេតុ និងច្បាប់ជាធរមាន មិនមែនផ្អែកលើការសន្និដ្ឋានផ្តេសផ្តាសឡើង។ នៅក្នុងករណីប្រសិនបើសាច់បង្កកទាំងនោះត្រូវបាននាំចូលដោយខុសនីតិវិធី រត់ពន្ធ មិនបានបង់ពន្ធ ឬឆ្លងកាត់ច្រកមិនផ្លូវការ នោះអ្នកនាំចូល អ្នកសមគំនិត និងមន្ត្រីពាក់ព័ន្ធដែលជួយសម្រួលឱ្យមានការប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយស្មើភាពគ្នា និងគ្មានការលើកលែង។
ផ្ទុយទៅវិញ ប្រសិនបើផលិតផលទាំងនោះត្រូវបាននាំចូលតាមនីតិវិធីស្របច្បាប់ មានឯកសារត្រឹមត្រូវ និងបានបង់ពន្ធគ្រប់គ្រាន់ នោះមិនអាចចាត់ទុកថាជាបទល្មើសផ្លូវច្បាប់បានទេ ប៉ុន្តែវាជាកំហុសមនៈសិកា ដែលទាមទារឱ្យអ្នកពាក់ព័ន្ធបង្ហាញការទទួលខុសត្រូវខាងសីលធម៌ តាមរយៈការពន្យល់ជាសាធារណៈ ការទទួលស្គាល់កំហុស ប្រសិនបើមាន និងការប្តេជ្ញាកែប្រែឥរិយាបថនាពេលអនាគត។
សរុបទៅ កំហុសផ្លូវច្បាប់ត្រូវដោះស្រាយដោយច្បាប់ ចំណែកកំហុសមនៈសិកាត្រូវដោះស្រាយដោយការទទួលខុសត្រូវ សុចរិតភាព និងការកែប្រែអាកប្បកិរិយា។ សង្គមយុត្តិធម៌មួយ ត្រូវការទាំងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការលើកកម្ពស់មនៈសិកាសាធារណៈឱ្យដើរទន្ទឹមគ្នា៕