អោយតែសង្គមយកច្បាប់ជាធំ កុំលើមាត់កុំលើឥទ្ធិពល អ្វីៗនឹងប្រសើរ !
ច្បាប់គឺជាដែនកំណត់នៃសេរីភាពនិងជាឯកសារគតិយុទ្ធដើម្បីតម្រង់ផ្លូវរបស់មនុស្សឲ្យ អនុវត្តដែនកំណត់នៃសិទ្ធិដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរយ និង ភាពត្រឹមត្រូវនៃសង្គម ប៉ុន្តែនៅកម្ពុជាយើង ម្នាក់ៗហាក់មិនសូវយកវាមកសំអាងឡើយ នៅពេលមានរឿង ឬមានបញ្ហាណាមួយកើតមានឡើង។
ជាទូទៅនៅពេលមានបញ្ហា ឬវិវាទណាមួយកើតមានឡើងទម្លាប់របស់ពលរដ្ឋយើងភាគ ច្រើនគឺនិយមបំផុតគឺរកខ្សែ រកបក្សពួក រកគ្នីគ្នា ដែលមានឥទ្ធិពល មានកិត្យានុភាព មានអំណាច ក៏ដូចជាមានលុយមកសំអាង ហើយម្នាក់ៗបានត្រឹមតែនិយាយអំពីច្បាប់ទេ ប៉ុន្តែមិនសូវយកវាមកអនុវត្តឡើយ។
មិនថាជាករណីវិវាទដោយហិង្សា ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីជម្លោះ ឬវិវាទពាណិជ្ជកម្ម អ្វីនោះទេ កាលណាមានរឿងគេតែងសួរគ្នា លោកអែងអាងខ្សែខាងណា ? លោកឯងមាននរណាកាង ? ដោយឡែកច្បាប់គឺគ្រាន់តែនិយាយច្បោលៗប៉ុណ្ណោះ។
ការដែលយើងទាំងអស់គ្នាមានទម្លាប់បែបនេះហើយ ដែលចេះតែនាំឲ្យយើងមានការយល់ ច្រឡំ ហើយបុគ្គលដែលមានអំណាច មានបក្សមានពួក មានទ្រព្យសម្បត្តិចេះតែមានសំអាងហើយនាំគ្នារំលោភច្បាប់ជាបន្តបន្ទាប់ ហើយអត់រវល់នឹងអ្វីទាំងអស់ សំខាន់ឲ្យតែខ្លួនបានផលប្រយោជន៍ ឬខ្លួនបានផលចំណេញពីបញ្ហានោះ ។
ឯកសារគតិយុទ្ធមួយបើកាលណាវាត្រូវបានប្រែក្លាយជាច្បាប់ហើយគ្រប់់គ្នាត្រូវតែគោរពច្បាប់ មិនថានរណាជានរណាឡើយ ។ អ្នកតូចអ្នកធំ អ្នកមានអំណាចនិងប្រជាពលរដ្ឋ សមញ្ញ ថ្នាក់ដឹកនាំនានា សូមកុំធ្វើតាមអារម្មណ៍។
នៅពេលច្បាប់មួយចេញ មិនថាពលរដ្ឋ មន្រ្តី សូម្បីតែប្រជាពលរដ្ឋ ថ្នាក់ដឹកនាំប្រទេសគឺសុទ្ធតែត្រូវគោរពច្បាប់ទាំងអស់។ នៅលើផ្លូវច្បាប់គ្រប់គ្នាមានសិទ្ធិស្មើៗគ្នា ប៉ុន្តែសង្គមយើងហាក់មានការយល់ច្រឡំ រហូតដល់ឲ្យអំណាច ឥទ្ធិពល ក៏ដូចជាទ្រព្យសម្បត្តិមកគ្របលើច្បាប់ទៅវិញ។
ច្បាប់មិនមែនចេញពីមាត់មនុស្សឡើយ វាគឺជាសំណុំឯកសារកំណត់ជាក់លាក់ ដោយឡែក មាត់គឺមានសិទ្ធិត្រឹមបកស្រាយប៉ុណ្ណោះ ប៉ុន្តែនៅស្រុកយើង ជាទៅទៅអ្វីៗដែលចេញពីមាត់អ្នកមានអំណាចមួយចំនួន វាបែទៅជាច្បាប់ទៅវិញ។
សរុបសេចក្តីទៅ ច្បាប់គឺជាគោលការណ៍សម្រាប់ធានាយុត្តិធម៌ សណ្តាប់ធ្នាប់ និងសមភាពក្នុងសង្គម ប៉ុន្តែបើសង្គមមួយមិនគោរពច្បាប់ ហើយបែរជាផ្អែកលើអំណាច បក្សពួក ឥទ្ធិពល និងទ្រព្យសម្បត្តិវិញ នោះច្បាប់នឹងបាត់បង់តម្លៃ ហើយយុត្តិធម៌ក៏មិនអាចកើតមានពិតប្រាកដបានដែរ។ ការដែលមនុស្សយក ខ្សែ ឬ អ្នកកាង មកដោះស្រាយបញ្ហា ជាជាងយកច្បាប់មកអនុវត្ត គឺជាមូលហេតុដែលធ្វើឲ្យការរំលោភច្បាប់កើតមានជាបន្តបន្ទាប់ និងបង្កឲ្យសង្គមខ្វះភាពស្មើគ្នា។
សង្គមដែលរឹងមាំ មិនអាស្រ័យលើបុគ្គលមានអំណាចនោះទេ ប៉ុន្តែអាស្រ័យលើ នីតិរដ្ឋ ដែលមនុស្សគ្រប់រូបស្ថិតក្រោមច្បាប់ដូចគ្នា។ មិនថាជាប្រជាពលរដ្ឋសាមញ្ញ មន្ត្រី ឬថ្នាក់ដឹកនាំ ក៏ត្រូវគោរពច្បាប់ដូចគ្នា ហើយមិនអាចយកអំណាច ឬឥទ្ធិពលមកគ្របលើច្បាប់បានឡើយ។ ប្រសិនបើសង្គមមួយអាចលើកតម្លៃច្បាប់ឲ្យធំជាងអំណាចបុគ្គល នោះសង្គមនោះនឹងមានយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕