សូមលើកកំពស់និង ប្រុងប្រយ័ត្ននៅលើព័ត៌មានក្លែងក្លាយ
ស្ថានភាពនៃការគំរាមកំហែងដោយព័ត៌មានក្លែងក្លាយគឺកំពុងតែមានសភាពកាន់តែគ្រោះថ្នាក់ដូច្នេះយើងគួរតែលើកកំពស់ការប្រុងប្រយ័ត្ន ហើយត្រូវតែមានការផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ នៅក្នុងការទទួលព័ត៌មានប្រចាំថ្ងៃ ។
ការព្រមាននូវគ្រោះថ្នាក់នៃការកើនឡើងនូវព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាបារម្ភកាន់តែច្រើនមិនមែនតែនៅក្នុងក្រមខណ្ឌនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺនៅលើពិភពលោកតែម្តង ហើយកាលពីពេលថ្មីៗកន្លងទៅនេះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក៏មានការជជែកគ្នាដោយលើកឡើងពីការបារម្ភនៃព័ត៌មានក្លែងក្លាយនេះផងដែរ ។
នៅក្នុងឆ្នាំ២០២៤នេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញនូវរបាយការណ៍មួយដែលគេបានស្ទាបស្ទងអ្នកដឹកនាំសេដ្ឋកិច្ចនិងអ្នកជំនាញនានា ព័ត៌មានក្លែងក្លាយគឺជាចំណុចក្តៅមួយ នៅក្នុងចំណោមបញ្ហាក្តៅនៅលើពិភពលោក ។
ស្ថាប័នជំនាញមួយនេះបានលើកឡើងថា ដោយសារតែបញ្ញាសិប្បនិម្មិតមានការរីករចម្រើនកាន់តែខ្លាំងព័ត៌ក្លែងក្លាយគឺកាន់តែគ្រោះថ្នាក់ ដោយសារតែបញ្ញាសិប្បនិម្មិតនេះ វានឹងធ្វើឲ្យជនខិលខូចកាន់តែងាយស្រួលនៅក្នុងការបង្កើតនូវព័ត៌ក្លែងក្លាយដ៏គ្រោះថ្នាក់សម្រាប់សង្គម ។
នៅក្នុងប្រទេសកម្ពុជាព័ត៌មានក្លែងក្លាយក៏ជាបញ្ហាដ៏គូរអោយបារម្ភផងដែរ ដោយកាលពីឆ្នាំ២០២៣ កន្លងទៅនេះក្រសួងព័ត៌មានក៏បានលើកឡើងនូវការកើនឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនផងដែរ ។
នៅក្នុងសន្និបាទប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន បញ្ហាព័ត៌មានក្លែងក្លាយក៏ជារបៀបវារៈនិងបេសកម្មដ៏ចំបងដែលក្រសួងនឹងយកចិត្តទុកដាក់ ខណៈដែលបញ្ហាសិប្បនិម្មិតគឺជាចំណុច យកចិត្តទុកដាក់មួយ ខណៈដែលមកដល់ពេលនេះប្រភពដែលចែកចាយព័ត៌មានគឺកាន់តែមានច្រើន ដោយនៅក្នុងនោះប្រព័ន្ធផ្សព្វផ្សាយដែលចុះបញ្ជីនៅក្នុងក្រសួងព័ត៌មាន គឺមានរហូតដល់ទៅជាង២០០០ ដោយរួមមាន ទូរទស្សន៍អនឡាញ និង គេហទំព័រមានជាង៩៣០ ស្ថាប័ន កាសែតបោះពុម្ភមានជាង៤០០ ទូរទស្សន៍មាន១៩ វិទ្យុ FM មានជិត៣០០ស្ថាប័ន ហើយបើនិយាយអំពីបណ្តាញសង្គម គឺគ្រាន់តែហ្វេសបុកគឺប្រមាណជា ១៥លានគណនី រីឯតិកតក់ គឺមានដល់ទៅជាង ១០ លានគណនី ។
សរុបមកវិញសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះនៅក្នុងករណីដែលយើងខ្វះការប្រុងប្រយ័ត្នយើងអាចគ្រោះថ្នាក់ រាល់ព័ត៌មានគួរតែជ្រើសរើសនូវព័ត៌មានណាដែលផ្សព្វផ្សាយ មានការគ្រប់គ្រង មានរចនាសម្ព័ន្ធ មានច្បាប់ទម្លាប់ ឲ្យបានត្រឹមត្រូវ នៅក្នុងករណីទទួលព័ត៌មានពីបណ្តាញសង្គមគប្បីពិនិត្យពិច័យឲ្យគ្រប់ជ្រុងជ្រោយ។