សូមលើកកម្ពស់ការប្រុងប្រយ័ត្ន! ប្រាក់ដុល្លារអាមេរិកក្លែងក្លាយអាចសំបូរ

នៅពេលដែលទទួលលុយដុល្លារសូមលើកកម្ពស់ការប្រុងប្រយ័ត្ននឹងករណីលុយដុល្លារក្លែងក្លាយ ពីព្រោះធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នអាណាព្យាបាលស្ថាប័នធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានជូនដំណឹងលើករណីនេះហើយ។

តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាយើងមិនបានដឹងករណីនេះឲ្យច្បាស់លាស់នោះទេ ប៉ុន្តែការលើកកម្ពស់ការប្រុងប្រយ័ត្នគឺជារឿងល្អបំផុតដើម្បីកុំអោយប្រទះនឹងការខាតបង់ដោយប្រការណាមួយនៅពេលខាងមុខ នាំឲ្យមានការសោកស្តាយ។

តាមសេចក្តីជូនដំណឹងដែលចេញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបង្ហើបឲ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ដូច្នេះក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាសូម​ឲ្យមានការប្រុងប្រយ័ត្ន។

ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។

ស្ថាប័នអាណាព្យាបាលនេះក៏បានប្រាប់អោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។

ក្រៅពីនោះធនាគារជាតិនៃកម្ពុជាក៏បានជំរុញនិងលើកទឹកចិត្តឲ្យសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយផងដែរ។

ពលរដ្ឋនិងសាធារណៈជនត្រូវប្រុងប្រយ័ត្ន ស្ថានប័នធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុក៏គួរតែប្រុងប្រយ័ត្នផងដែរ ជាពិសេសគឺនៅតាមបញ្ជរម៉ាស៊ីនដាក់ប្រាក់និងដកប្រាក់។

កន្លងមកនៅតាមបញ្ជរម៉ាស៊ីនដាក់និងដកប្រាក់នេះ គឺអាចមានជលខិលខូចបន្លំ ដាក់ប្រាក់ដុល្លារក្លែងក្លាយ ឬពេលខ្លះពលរដ្ឋមិនដឹងថា វាជាក្រដាសក្លែងក្លាយ តែដល់ពេលដកចុះដកឡើង ហើយយកទៅចរារចវិញនាំឲ្យមានបញ្ហាកើតឡើង។​

ក្រៅពីនោះយន្តការត្រួតពិនិត្យលុយដុល្លារក្លែងក្លាយគួរតែចែករំលែកនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីងាយស្រួលកុំអោយពលរដ្ឋព្រួយបារម្ភ និង​ខាតបង់ប្រយោជន៍។​ លុយដុល្លារមួយដុល្លារៗមានតម្លៃថ្លៃគួរសមបើធៀបនឹងលុយរៀលរបស់យើង៕

Daily Program

Livesteam thumbnail