សូមនាំគ្នាងាកមកមើលវិស័យសុខាភិបាលស្រុកយើងផង !

បងប្អូនដែលកំពុងតែស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេសគួរតែងាកមកសាកល្បងនិងស្វែងរកសេវាសង្រ្គោះនិងព្យាបាលជំងឺនៅតាមបណ្តាមន្ទីរពេទ្យនៅក្នុងស្រុកយើងផង ពីព្រោះពេលនេះទាំងបរិកា្ខរក្រមសីលធម៌វិជ្ជាជីវៈ ស្តង់ដានៃការព្យាបាលជំងឺ ក៏ដូចជាសំភារៈក៏មានការកែសម្រួលនិងពង្រឹងច្រើនណាស់។

នៅពេលនេះសមត្ថភាពវិជ្ជាជីវៈនិងស្នាដៃផ្នែកវេជ្ជសាស្រ្តនៅក្នុងស្រុកយើងពិតជាប្លែកមែន ដូចនេះយើងគួរតែសាកល្បងហើយប្រៀបធៀបគ្នាសេវាកម្មគ្នា។ ពេលខ្លះយើងរិះគន់យើងមើលស្រាលដោយសារតែយើងចូលទៅមន្ទីរពេទ្យ ឬគ្លីនិកដែលមិនមានស្តង់ដា ច្បាស់លាស់ ប៉ុន្តែសម្រាប់មន្ទីរពេទ្យធំៗ​ របស់រដ្ឋនៅពេលនេះនៅពេលដែលយើងចូលបានដឹងថា ប្លែកហើយមានការកែទម្រង់នឹងប្រសើរច្រើនបំផុតទោះជាមិនបាន១០០ភាគរយដូចដែលយើងរំពឹងក៏ដោយ។

ជាក់ស្តែងដូចជានៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យហ្លួងម៉ែ ហើយនៅមន្ទីរពេទ្យតេជោសន្តិភាពជាដើម​គឺមានការរីកចំរើន ហើយសមត្ថភាពក៏មិនធម្មតាដែរ។ ករណីថ្មីៗនេះ នៅមន្ទីរពេទ្យតេជោសន្តិភាពកាលពី ល្ងាចនៅថ្ងៃទី១ ខែមិថុនា ក្រុមគ្រូពេទ្យឯកទេសមូត្រសាស្ត្រ បានចាប់យកសត្វឈ្លើងចេញពីប្លោកនោមអ្នកជំងឺជាបុរសវ័យប្រមាណ៣០ឆ្នាំម្នាក់ ដោយប្រើប្រាស់បច្ចេកទេសឆ្លុះផ្លូវទឹកនោម (Endoscopic Procedure) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

បើតាមមន្ទីរពេទ្យ អ្នកជំងឺបានអញ្ជើញមកពិនិត្យ បន្ទាប់ពីមានអាការៈឈឺចាប់ ពិបាកនោម និងមានឈាមក្នុងទឹកនោម ក្រោយពេលបានចុះក្នុងទឹកបឹងធម្មជាតិមួយកន្លែង។ តាមរយៈការពិនិត្យអេកូសាស្ត្រ ក្រុមគ្រូពេទ្យបានប្រទះឃើញសត្វឈ្លើងមានចលនានៅក្នុងប្លោកនោមរបស់អ្នកជំងឺ និងបានធ្វើការចាប់យកចេញដោយជោគជ័យ។

ដោយឡែកនៅមន្ទីរពេទ្យហ្លួងម៉ែឯណោះបានអះអាងថា កាលពីថ្ងៃទី ៣១ ខែឧសភា ក្រុមគ្រូពេទ្យឯកទេសវិទ្យុសាស្ត្រ ផ្នែករូបភាពវេជ្ជសាស្ត្រ និងអន្តរាគមន៍វិទ្យុសាស្ត្រ បាន​ធ្វើការព្យាបាល ២ ករណី ដោយករណីទី ១ នោះគឺបច្ចេកទេស DEB-TACE លើបុរសអាយុ ៦១ ឆ្នាំដែលមានបញ្ហាដុំមហារីកថ្លើមទំហំ ១២សង់ទីម៉ែត្រ។ ហើយករណីទី២ គឺលើបុរសអាយុ ៥៧ឆ្នាំ លើដុំមហារីកថ្លើម ៣ ដុំ ប្រកបដោយជោគជ័យ​ ដោយប្រើប្រាស់ម៉ាស៊ីន Biplane Angiography​ ទំនើប​ ។

ក្រុមគ្រូពេទ្យឯកទេបានអះអាងថា ក្រុមការងារគឺបានប្រើ វិធីសាស្ត្រ ព្យាបាលដោយបញ្ចូលថ្នាំគីមី​តាមសរសៃឈាមចូលទៅកាន់ដុំមហារីកថ្លើមដោយផ្ទាល់ ហើយបិទសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅដុំមហារីក ដើម្បីកាត់បន្ថយការលូតលាស់របស់កោសិកាមហារីក និងជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងជាវិធីសាស្ត្រ​ដែលមិនចាំបាច់វះកាត់ធំ ព្រមទាំងឲ្យអ្នកជំងឹបានធូរស្បើយឆាប់រហ័ស ។

សរុបទៅសមត្ថភាពនិងឧបករណ៍វេជ្ជសាស្រ្តរបស់ក្រុមវេជ្ជបណ្ឌិតនៅកម្ពុជានៅពេលបច្ចុប្បន្នមិនចាញ់បរទេស ប៉ុន្មានឡើយ ដូច្នេះយើងគ្រប់គ្នាអាចសាកល្បងស្វែងរការពិគ្រោះនិងព្យាបាលជំងឺផ្សេងៗនៅក្នុងស្រុក។ យើងមិនហាមឃាត់ទេ ប៉ុន្តែគួរតែសាកល្បង ហើយបើនៅក្នុងករណីយើងចូលពិគ្រោះទៅឃើញថា យើងអាចទទួលបានគួរតែសាកល្បង ។ ការស្វែងរកសេវាព្យាបាលនៅក្នុងស្រុកវាជួយសេដ្ឋកិច្ចជាតិ គាំទ្រការពង្រឹងនិងពង្រីកវិស័យវេជ្ជសាស្រ្តនៅក្នុងស្រុក ហើយក៏លើកកំពស់កិត្យានុភាពវិស័យសុខាភិបាលស្រុកយើងផងដែរ ។

Daily Program

Livesteam thumbnail